ឯកឧត្តម ណុប ចាន់ណារិន្ទ៖ ការធ្វើអធិការកិច្ច (ត្រួតពិនិត្យ) លើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពរបស់រាជរដ្ឋាភិបាល

ក្រចេះ៖ ក្នុងខណៈចុះបំពេញបេសកម្មការងារអធិការកិច្ចនៅតាមមន្ទីរ ក្រុង-ស្រុក ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ កាលពីពេលថ្មីៗនេះ ឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា ៖ ការធ្វើអធិការកិច្ច គឺជាការត្រួតពិនិត្យតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម ការពារសិទ្ធិរបស់ពលរដ្ឋ និងសុវត្ថិភាពសាធារណៈ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ។

តាងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ណុប ចាន់ណារិន្ទ បានថ្លែងអំណរគុណភាពចំពោះរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរ ក្រុង-ស្រុក ជុំវិញខេត្ត ដែលបានសហការ ផ្តល់ជាឯកសារ និងការបំភ្លឺនានាជាមួយប្រតិភូដែលបានចុះរធ្វើអធិការកិច្ចនាពេលនេះ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ថា៖ បេសកកម្មរបស់ក្រុមការងារនាពេលនេះ គឺជាជ្រុងមួយដើម្បីត្រួតពិនិត្យទៅលើសេវាសាធារណៈនៅតាមមន្ទីរជំនាញ ក្រុង-ស្រុក រដ្ឋបាលខេត្ត និងគ្រឹះស្ថានសាធារណៈ បន្ទាប់ពីកិច្ចការមួយចំនួនត្រូវបានរាជរដ្ឋាភិបាលធ្វើប្រតិភូកម្មទៅឲ្យថ្នាក់ក្រោមជាតិអនុវត្តន៍ ។ ហេតុនេះ ក្នុងនាមជាស្ថាប័នអធិការកិច្ចរាជរដ្ឋាភិបាល ចាំបាច់ណាស់ត្រូវពិនិត្យជាប់ជាប្រចាំ ថាតើអង្គភាពណា បានអនុវត្តន៍ចំគោលដៅ ? ដើម្បីចូលរួមក្នុងយន្តការកាត់បន្ថយ និងទប់ស្កាត់អំពើពុករលួយ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បញ្ជាក់ទៀតថា អំពើពុករលួយធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិ ដូចជាការបាត់បង់ថវិការដ្ឋ ទ្រព្យសម្បត្តិសាធារណៈ រាំងស្ទះការអភិវឌ្ឍសេដ្ឋកិច្ច បង្កឧបស័គ្តដល់ធុរកិច្ច និងការបាត់បង់ដល់ការប្រកួតប្រជែងដោយសេរី និងយុត្តិធម៌ ពិសេសរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿមកលើរាជរដ្ឋាភិបាល ។

ទន្ទឹមនឹងភារកិច្ចសំខាន់ៗខាងលើនេះ ឯកឧត្តម ណុប ចាន់ណារិន្ទ បន្ថែមថា យើងក៏នៅមានជាយន្តការរួមគ្នាជាសារវន្ត័ចំនួន៣ គឺ ការបង្ការទប់ស្កាត់ជាមុន ការពង្រឹងការអនុវត្តន៍ច្បាប់ និងការចូលរួមពីមហាជន ។

គួរបញ្ជាក់ថា ឯកឧត្តម ណុប ចាន់ណារិន្ទ បានចុះបំពេញការងារ តាមលិខិតបេសកកម្មរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូចុះធ្វើអធិការកិច្ចតាមអង្គភាពនានា ចំណុះឲ្យរដ្ឋបាលខេត្តក្រចេះ នឹងដើម្បីរៀបចំជារបាយការណ៍លទ្ធផលការងារគោរពជូនប្រមុខរាជរដ្ឋាភិបាល តាមឋានុក្រម ពិនិត្យសម្រេច ដើម្បីលើកសរសើរចំពោះអង្គភាពដែលអនុវត្តន៍បានល្អ និងធ្វើការកែលំអបន្ទាន់ចំពោះអង្គភាពដែលមានការខ្វះខាត ចំពោះករណីមិនអនុវត្តន៍ ត្រូវបន្តតាមនីតិវិធី ៕ដោយថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner