សមាជិក​អូតង់​ប្រាំបួនប្រទេស ​ប្រកាស​គាំទ្រ​សមាជិកភាព​របស់​អ៊ុយក្រែន  

អឺរ៉ុប៖សមាជិក​អង្គការអូតង់​ចំនួន ៩ប្រទេស​ បានចេញ​សេចក្តីថ្លែងការណ៍រួមមួយ​កាលពីថ្ងៃអាទិត្យ​ ទី២ តុលា​ ថ្កោលទោស​ការកាត់យកទឹកដីអ៊ុយក្រែនរបស់រុស្ស៊ី​ និងបានប្រកាសគាំទ្រ​សមាជិក​ភាព​របស់​អ៊ុយក្រែន​នៅក្នុង​អូតង់ទៀតផង​។ ក្រៅពីនេះ​មេដឹកនាំនៃប្រទេសទាំង៩​ ក៏បាន​អំពាវនាវដែរ​ឱ្យ​សមាជិកទាំង​ ៣០របស់អូតង់​ បង្កើនជំនួយយោធា​ដល់​ទីក្រុងកៀវ។

មេដឹកនាំ​នៃប្រទេសឆែក​ អេស្តូនី​ ឡេតូនី​ លីទុយអានី​ ម៉ាសេដ្វានខាងជើង​ ម៉ុងតេណេហ្គ្រោ​ ប៉ូឡូញ​ រូម៉ានី​ និងស្លូវ៉ាគី​ បានចេញសេចក្តីថ្លែងការណ៍រួម​ដែលមានខ្លឹមសារថា​៖ «យើង​ គាំទ្រអ៊ុយក្រែន​ក្នុងការការពារខ្លួន​ ប្រឆាំងទល់នឹងការឈ្លានពានរបស់រុស្ស៊ី​ និងទាមទារ(ឱ្យរុស្ស៊ី) ដកខ្លួនចេញជាបន្ទាន់ពីទឹកដី​អ៊ុយក្រែន​ ហើយ​យើង​ លើកទឹកចិត្ត​សម្ព័ន្ធមិត្ត​ទាំងអស់ ​ឱ្យ​បង្កើន​ជំនួយ​យោធា​យ៉ាង​ច្រើនបន្ថែមទៀត​ សម្រាប់អ៊ុយក្រែន»​។

សេចក្តីថ្លែងការណ៍ខាងលើ​ បានកត់សម្គាល់ដែរថា​ មេដឹកនាំនៃប្រទេសទាំងនេះ​ បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុងកៀវ​ក្នុងអំឡុងសង្គ្រាម​ ហើយបាន​ឃើញផ្ទាល់ភ្នែក​របស់ពួកគេ​ ពីផលវិបាក​កើតចេញពីទង្វើ​ឈ្លានពាន​របស់កងទ័ពរុស្ស៊ី​។

ក្រោមហេតុផលនេះ​ មេដឹកនាំនៃ​សមាជិកអង្គការអូតង់​ទាំង ៩ប្រទេស​ បានចេញមុខ​បញ្ជាក់​ជាថ្មី ​នូវ​ការ​គាំទ្រ​របស់​ពួកគេ ​ចំពោះ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន និងប្រកាស​មិន​ទទួល​ស្គាល់​សោះឡើយ​ ចំពោះការប៉ុនប៉ង​របស់​រុស្ស៊ី ​ក្នុង​ការ​បញ្ចូល​ទឹកដី​អ៊ុយក្រែន​ណាមួយ​មកជា​កម្មសិទ្ធិ​របស់ខ្លួន​។

គួររំឭកថា​ សេចក្តីប្រកាសគាំទ្រ​អ៊ុយក្រែន​ពីសំណាក់​ប្រទេស​សមាជិក​អូតង់ទាំង៩​ ធ្វើឡើងតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយការអំពាវនាវ​របស់លោកប្រធានាធិបតីអ៊ុយក្រែន​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី​។ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅកាន់រស្ស៊ី​ដែលបានប្រកាស​កាត់យកតំបន់​ចំនួន ៤របស់អ៊ុយក្រែន​ លោក ហ្សេឡេនស្គី កាលពីថ្ងៃសុក្រ​ ទី៣០ កញ្ញា​ បាននិយាយថា​ អ៊ុយក្រែន​ដាក់ពាក្យសុំចូលជាសមាជិក​អូតង់​ និងស្នើសុំ​ឲ្យ​អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ​ ពន្លឿន​ដំណើរការ​ចូលជា​សមាជិក​របស់​អ៊ុយក្រែនផង​។

គួរបញ្ជាក់ថា​ សមាជិកភាព​ក្នុង​អង្គការអូតង់​ ត្រូវការ​ការយល់ព្រមពីសមាជិកទាំង​ ៣០ ប្រទេស​របស់អូតង់​ ហើយ​ត្រូវការ​ពេលវេលាយូរ​។ ដូច្នោះ ក្នុងកាលៈទេសសង្គ្រាម អ៊ុយក្រែន​កាន់តែជួប​ភាព​ស្មុគស្មាញ​ ក្នុងដំណើរការ​សុំចូលជា​ចូលជា​សមាជិក​អូតង់​ ដែលជា​អង្គការ​ដឹកមុខ​ដោយអាមេរិក​នេះ​៕

ដោយ៖លី លីយ៉ា

ប្រភពព័ត៌មាន៖

  1. Presidents of 9 NATO countries support Ukraine’s membership and call for increased military assistance : edition.cnn.com
  2. 9 NATO members urge support for Ukraine after annexation: www.cnbc.com
ads banner