ប្រមុខការពារជាតិអាមេរិកបន្ទាបហានិភ័យនៃការឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ប្រទេសចិន

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយនៅថ្ងៃអាទិត្យទី០២ ខែតុលាថា លោកមើលមិនឃើញថា មានសញ្ញាណាមួយអាចបញ្ជាក់បានថា ចិននឹងប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់ក្នុងពេលឆាប់ៗនេះនោះទេ បើទោះបីជាមានភាពតានតឹងក្នុងតំបន់ក៏ដោយ។

លោក អូស្ទីន បានថ្លែងក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយទូរទស្សន៍ CNN ថា ខ្ញុំមើលមិនឃើញថា នឹងមានឈ្លានពានក្នុងពេលឆាប់ៗនេះទេ… អ្វីដែលយើងមើលឃើញ នោះគឺចិនកំពុងផ្លាស់ប្តូរព្យាយាមបង្កើតស្ថានភាពថ្មីមួយ ជាមួយការបង្កើនការធ្វើសកម្មភាពយោធា និងបញ្ជូនយន្តហោះចម្បាំងឱ្យហោះឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយយើងក៏បានឃើញហើយដែរ នូវការកើនឡើងនៃសកម្មភាពរបស់នាវាចម្បាំងចិនទាំងនៅជុំវិញ និងក្បែរកោះតៃវ៉ាន់។

ចិនបានបង្កើនការធ្វើសមយុទ្ធយោធានៅក្នុងតំបន់ និងកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់កាលពីខែសីហាកន្លងទៅ។ បន្ថែមលើនេះ ចិនបានប្តេជ្ញាដណ្តើមគ្រប់គ្រងតៃវ៉ាន់ឡើងវិញដោយកម្លាំងប្រសិនបើចាំបាច់។
គួរបញ្ជាក់ថា បទសម្ភាសន៍របស់ទូរទស្សន៍ CNN បានចាក់ផ្សាយ មួយថ្ងៃបន្ទាប់ពីលោក អូស្ទីន បានរិះគន់អាកប្បកិរិយាសម្លុតរបស់ចិននៅក្នុងតំបន់។

ប្រមុខការពារជាតិអាមេរិករូបនេះក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ក្នុងទីក្រុង Honolulu ជាទីដែលគាត់ជួបជាមួយសមភាគីជប៉ុន និងអូស្ត្រាលីដែរថា យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាកប្បកិរិយាឈ្លានពាន និងការគំរាមកំហែងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់។ លោក អូស្ទីន ក៏បានប្រាប់ទូរទស្សន៍ CNN ផងដែរថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធានាថា យើងរក្សាបាននូវតំបន់ប៉ាស៊ីហ្វិកសេរី និងបើកចំហ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner