ធនាគារ កាណាឌីយ៉ា បើកសម្ពោធ Smart Branch សាខាសែនសុខជាផ្លូវការ
ភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជកម្មឈានមុខក្នុងប្រទេសកម្ពុជា បានបង្ហាញសមិទ្ធិផលថ្មីមួយរបស់ខ្លួន ដោយបើកសម្ពោធដំណើរការជាផ្លូវការនូវ Smart Branch ដ៏ថ្មីស្រឡាង មានទីតាំងស្ថិតនៅផ្ទះលេខ ២២៩ និង ២៣១ ផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាខា សែនសុខថ្មីរបស់ធនាគារ កាណាឌីយ៉ា គឺជាមជ្ឈមណ្ឌលឌីជីថលមួយ ផ្តោតសំខាន់ទៅលើសេវាកម្មធនាគារស្វ័យប្រវត្តិ (Self-Banking Services) ដើម្បីឱ្យអតិថិជនកាន់តែមានភាពងាយស្រួល ក្នុងការបើកគណនីថ្មី ឬក៏សេវាកម្មធនាគារជាច្រើនទៀត តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលទំនើបៗទាន់សម័យ។
ថ្លែងក្នុងពិធីនេះ លោក រ៉េម៉ន់ សៀ (Raymond Sia) នាយកប្រតិបត្តិ និងជាក្រុមប្រឹក្សាភិបាលរបស់ធនាគារ កាណាឌីយ៉ា មានប្រសាសន៍ថា ការបើសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសាខាសែនសុខនេះ គឺជាដំណាក់កាលមួយ តម្រូវជាមួយមាគ៌ាបរិវត្តន៍ឌីជីថលរបស់ធនាគារ កាណាឌីយ៉ា ក៏ដូចជាដើម្បីពង្រឹង និងនាំយកនូវបទពិសោធន៍ថ្មីៗជូនអតិថិជន និងសាធារណជន។
ធនាគារ កាណាឌីយ៉ា នឹងបន្តវិនិយោគទៅលើការអភិវឌ្ឍនូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ព្រមទាំងពង្រឹងនូវធនធានមនុស្សក្នុងធនាគារឱ្យកាន់តែប្រសើរ ដើម្បីផ្តល់នូវផលិតផល និងសេវាកម្មឈានមុខដល់អតិថិជន។
លោកនាយកប្រតិបត្តិបន្ថែមថា តាងនាមឱ្យធនាគារ កាណាឌីយ៉ា សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងទំនុកចិត្តមកកាន់ធនាគារ ហើយយើងសូមលើកទឹកចិត្តឱ្យលោកអ្នក មកទទួលយកបទពិសោធន៍ថ្មីនៅសាខា សែនសុខ ថ្មី ជាមួយនឹងបច្ចេកវិទ្យាទំនើប និងកាន់តែងាយស្រួល។
ជាមួយគ្នានេះ យើងនឹងប្តេជ្ញាបន្តនាំមកជូនអតិថិជនទាំងអស់ នូវផលិតផល និងសេវាកម្មថ្មីៗដែលមានគុណភាពខ្ពស់ ដើម្បីឱ្យសមស្របទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន នៅក្នុងយុគសម័យធនាគារឌីជីថល។
សូមជម្រាបថា អតិថិជនពេលនេះអាចធ្វើការប្រើប្រាស់សេវាកម្មធនាគារស្វ័យប្រវត្តិ តាមរយៈម៉ាស៊ីនសេវាកម្មឌីជីថលដូចជា ម៉ាស៊ីនបើកគណនី (VTM) ម៉ាស៊ីនដក-ដាក់លុយ (CRM) និងម៉ាស៊ីនសេវាកម្មស្វ័យប្រវត្តិជាច្រើនទៀត។
តាមរយៈម៉ាស៊ីនបើកគណនី (VTM) អតិថិជនទាំងអស់អាចធ្វើការបើកគណនីដោយខ្លួនឯង ដោយមានអ្នកជំនាញសេវាកម្មអតិថិជន (Virtual Customer Services) របស់យើងរង់ចាំជួយគ្រប់ពេល។ ជាមួយនឹងម៉ាស៊ីនដក-ដាក់ប្រាក់ អតិថិជនអាចដក-ដាក់ប្រាក់ និងមូលប្បទានប័ត្រយ៉ាងងាយស្រួល និងឆាប់រហ័សទាន់ចិត្ត។ បន្ថែមពីលើនេះ អតិថិជនអាចប្រើប្រាស់ម៉ាស៊ីនសេវាកម្មធនាគារទំនើបៗបន្ថែមទៀត ដោយសាខា សែនសុខ នឹងបើកបម្រើការជូនអតិថិជន ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍៕ ដោយ៖ ទីណា និងបុត្រា