សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ចំនួន ៣,៨៦៦នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ នៅមជ្ឈមណ្ឌលពិព័រណ និងសន្និបាតជ្រោយចង្វារ ក្នុងនោះមាននិស្សិតដែលទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២០-២០២១ ក្នុងនោះក៏មាននិស្សិតថ្នាក់បរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ នារី ៤៧នាក់ផងដែរ ។
លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ គឺពិតជាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ចំពោះវិស័យអប់រំ ដែលជាវិស័យអាទិភាព ក្នុងការកសាងធនធានមនុស្ស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ នៅលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព ដែលកម្ពុជាបាននិងកំពុងទទួលនូវផ្លែផ្កាគួរជាទីមោទនៈបំផុត។
លោកបណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ បច្ចុប្បន្នមានទីតាំង សរុបចំនួន ៣កន្លែង កំពុងដំណើរការ ក្នុងនោះមាននៅរាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តបាត់ដំបង។
នាយកវិទ្យាស្ថានវ៉ាន់ដា បានបន្តថា ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក និងសាស្ត្រាចារ្យចំនួន ៩៧១នាក់ នារី ៣៨១នាក់, មាននិស្សិតកំពុងសិក្សាចំនួន ១១,១៧៨នាក់ នារី ១០,០៧៥នាក់។ ចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ ឆ្នាំសិក្សា ២០២0-២០២១ និស្សិតគ្រប់កម្រិតបានបញ្ចប់ការសិក្សា ដោយគិតទាំងជ័យលាភីនេះផង សរុបចំនួន ៤២,១៨១នាក់ នារី ៣៥,០៧៦នាក់។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយ និងបានកោតសរសើរដល់គណៈគ្រប់គ្រងវិទ្យាស្ថានវ៉ាន់ដា ដែលបានជម្នះលើការលំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការផ្តល់ចំណេះដឹង និងបន្តនិរន្តរភាពអប់រំ រហូតទទួលបានជោគជ័យក្នុងការអប់រំនិស្សិត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយនៃវិស័យអប់រំ របស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ថា ឃុំ១យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១ ហើយបច្ចុប្បន្ននេះឃុំខ្លះ មានវិទ្យាល័យច្រើនជាង១ទៀតផង ដែលបានបណ្ដុះបណ្ដាលសិស្សានុសិស្សគ្រប់ទីកន្លែង មិនមានខ្វះខាតសាលារៀនដូចពីអតីតកាលទៀតឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់ពេលនេះ ពលរដ្ឋបានយល់ដឹងច្បាស់អំពីវិធានការ ដែលរាជរដ្ឋាភិបាល បានដាក់ចេញពេលជំងឺកូវីដ១៩ រាតត្បាត ដែលវិធានការដាក់ចេញនោះ គឺដើម្បីការពារអាយុជីវិតពលរដ្ឋ ហើយមកដល់ពេលនេះ កម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេសឈានមុខលើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបង្កើតបានភាពសាំខ្ពស់ក្នុងសង្គម ដែលអាចបើកដំណើរការប្រទេសជាតិឡើងវិញ។ សម្ដេចក៏បានរំលឹកអំពីការសម្រេចមិនឲ្យមានការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២១ ដោយសារពេលនោះ មានការរីករាលដាលនៃជំងឺកូវីដ-១៩ច្រើន ហើយការសម្រេចនេះ ទើបឲ្យកម្ពុជា យកឈ្នះសមរភូមិកូវីដ-១៩បាន និងអាចត្រឡប់មកកាន់ភាពប្រក្រតីឡើងវិញ ហើយការរៀបចំពិធីបុណ្យភ្ជុំនៅឆ្នាំនេះ អាចប្រព្រឹត្តបានដោយក្ដីរីករាយ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់វិទ្យាស្ថានវ៉ាន់ដា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ឱ្យទទួលបានចំណេះជំនាញជាបន្តបន្ទាប់។ សម្តេចពិតជាមានមោទនភាពចំពោះការសម្រេចចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគលើការអប់រំ និងការផ្តល់ឱកាសឱ្យសាកលវិទ្យាល័យរដ្ឋយកថ្លៃមួយផ្នែកសម្រាប់ការសិក្សា។
សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីទ្រឹស្ដីរបស់បិតាកុម្មុយនីស្តលេនីន ដែលបានលើកឡើងអំពីវណ្ណៈនាយទុន និងកម្មករ ដែលថា វណ្ណៈនាយទុន គឺត្រូវការកម្មករ ដើម្បីភាពរីកចម្រើនរបស់ខ្លួន ហើយភាពរីកចម្រើននៃកម្មករ ក៏ត្រូវការនាយទុននោះដែរ ។
សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងអំពីការធ្វើកំណែទម្រង់សេដ្ឋកិច្ច ពីសេដ្ឋកិច្ចផែនការ មកទីផ្សារសេរី ចាប់តាំងពីកម្ពុជា បានរំដោះពីរបបខ្មែរក្រហម រហូតមកដល់ពេលនេះ កំណែទម្រង់នៅមិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ។ ការធ្វើកំណើរទម្រង់ដែលមិនទាន់ចប់នេះ គឺពាក់ព័ន្ធទៅនឹងការធ្វើលិខិតបទដ្ឋានគតិយុទ្ធមួយចំនួន ដែលកម្ពុជា មិនទាន់បានបំពេញដល់អង្គការពាណិជ្ជកម្មពិភពលោក។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ក្នុងឋានៈជានាយករដ្ឋមន្ត្រី និងជាអ្នកដាក់ចេញនូវគោលនយោបាយ ដូច្នេះសម្តេចមានសិទ្ធិថ្លែងលើបញ្ហានានា ជាពិសេសថ្មីៗនេះ ដែលសម្តេចមានការលើកឡើងពីការប្រកាសផ្តល់បណ្ណក្រីក្រជូនពលរដ្ឋនៅតំបន់រុនតាឯក ដែលមានបុគ្គលមួយចំនួនថា សម្ដេចកំពុងយកឱកាសស្វែងរកសំឡេងឆ្នោត។ សម្ដេច ថា មិនមែនជាការស្វែងរកសំឡេងឆ្នោតអ្វីទេ តែនេះ ជាគោលនយោបាយដែលរាជរដ្ឋាភិបាល បានដាក់ចេញជាបន្តបន្ទាប់មកហើយ ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅអ្នករស់នៅតំបន់រមណីយដ្ឋានអង្គរថា កុំរងចាំតថ្លៃសំណងជាមួយរាជរដ្ឋាភិបាល។ ចំណាត់ការរបស់រាជរដ្ឋាភិបាលពេលនេះ គឺមិនថមថយនោះទេ ប្រសិនបើដល់ថ្ងៃឱសានវាទ ហើយប្រជាពលរដ្ឋមិនមានការរុះរើ ឬក៏មិនព្រមទទួលនូវការអនុវត្តរបស់រាជរដ្ឋាភិបាល នឹងមិនទទួលបានសំណងអ្វីឡើយ។ ដូច្នេះ សូមពលរដ្ឋគិតឱ្យបានច្បាស់ ទាន់រដ្ឋាភិបាលកំពុងមានការថ្នាក់ថ្នម ពីព្រោះពេលនេះ ពលរដ្ឋដែលបានចាកចេញ គឺទទួលបាននូវអត្ថប្រយោជន៍ច្រើនណាស់។ សម្ដេចតេជោ បញ្ជាក់ថា កុំសង្ឃឹមថា ទុកមិនព្រមចាកចេញ ដើម្បីតថ្លៃដើម្បីបានសំណងច្រើនជាងហ្នឹង ។ សូមកុំចាញ់បោកគណបក្សនយោបាយណាឲ្យសោះ ។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរឱ្យនិស្សិតដែលទទួលជ័យលាភីទាំងអស់នាថ្ងៃនេះ ទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត ទាំងក្នុងការបន្តការសិក្សា និងការទទួលបានការងារល្អៗទៅតាមជំនាញនាពេលខាងមុខ៕ ដោយ វណ្ណលុក