ក្លឹបតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២
ក្លឹបតេក្វាន់-ដូ ITF របស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ខណៈក្លឹបតេក្វាន់-ដូ ITF ក្រសួងសេដ្ឋកិច្ច ឈរលេខ២ ។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាតេក្វាន់-ដូ ITF កម្ពុជា បានអោយដឹងថា ការប្រកួតថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន១៣៨នាក់ មកពីក្លិបរាជធានី-ខេត្ត និងក្រសួងស្ថាប័ន សរុបចំនួន១៧ ធ្វើការប្រកួតរយៈពេល៤ថ្ងៃ ។
ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា មានប្រសាសន៍ថា បរាជ័យក្នុងការបង្ហាញខ្លួន ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គួរអោយសោកស្តាយ ដោយសារប្រទេសមួយដើរខ្ទប់មិនបណ្តាប្រទេសអាស៊ានចូលរួម ពីព្រោះគេគិតថា មកពីកម្ពុជាខ្លាំងពេក។ ប៉ុន្តែឯកឧត្តមប្រធាន បានលើកទឹកចិត្តអោយក្មួយជាកីឡាករ កីឡាករិនី ត្រូវប្រឹងប្រែងហ្វឹកហាត់ ត្រៀមចូលរួមប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ។ ថ្ងៃណាមួយ កីឡាតេក្វាន់ដូ ITF នឹងអាចចូលរួមប្រកួតនៅស៊ីហ្គេមបាន ពីព្រោះតេក្វាន់ដូ ITF កម្ពុជា ត្រូវបានអឺរ៉ុប ពិភពលោក ទទួលស្គាល់ និងអបអរសាទរ ITF កម្ពុជាដែរ» ឯកឧត្តម កែវ រ៉េមី បន្ថែម ។
សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ក្លឹបក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ សរុបចំនួន២០គ្រឿង មាស៨ ប្រាក់៤ និងសំរិទ្ធ៨គ្រឿង លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដណ្តើមបានមេដាយសរុប១៤គ្រឿង មាស២ ប្រាក់៤ និងសំរិទ្ធ៨គ្រឿង ក្លឹបពន្លឺយុវជន ឈរលេខ៣ មាស២ និងប្រាក់៣គ្រឿង និងស.ស.យ.ក ខេត្តកំពង់ស្ពឺឈរលេខ៤ មេដាយមាស២ ប្រាក់២ និងសំរិទ្ធ២គ្រឿង និងក្លឹបជាច្រើនទៀតដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ ៕ ចាន់ វិចិត្រ