ប្រមុខ NATO ថា ជ័យជម្នះនៅទីក្រុង Lyman បង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៊ី
វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្តូលធិនប៊ឺក នៅថ្ងៃអាទិត្យទី០២ ខែតុលាថា ប្រកាសពីជ័យជម្នះក្នុងការវាយយកបានទីក្រុងឡាយមិន (Lyman) ទាំងស្រុងពីកងទ័ពរុស្ស៊ីមកវិញ បានបង្ហាញយ៉ាងច្បាស់ថា អ៊ុយក្រែនមានសមត្ថភាពវាយបណ្ដេញកងទ័ពរុស្ស៉ី និងអាចប្រើប្រាស់អាវុធផ្ដល់ដោយលោកខាងលិចប្រកបដោយប្រសិទ្ធភាព។
លោក ស្តូលធិនប៊ឺក បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី “Meet the Press” របស់ទូរទស្សន៍ NBC ថា យើងបានឃើញថា ពួកគេអាចដណ្តើមបានទីក្រុងថ្មី ឡាយមិន ហើយបានបង្ហាញថា អ៊ុយក្រែនកំពុងរីកចម្រើន គឺអាចមានសមត្ថភាពវាយបណ្តេញកងកម្លាំងរុស្ស៊ី ដោយសារភាពក្លាហានរបស់ពួកគេ, ជំនាញរបស់ពួកគេ ប៉ុន្តែជាការពិតផងដែរ គឺដោយសារតែអាវុធទំនើបៗដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតកំពុងផ្តល់ឱ្យអ៊ុយក្រែន។
ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ទៀតថា មធ្យោបាយដ៏ល្អបំផុត ដើម្បីទប់ទល់នឹងការកាត់យកទឹកដីរបស់អ៊ុយក្រែន ដែលបានប្រកាសដោយរុស្ស៊ី នោះគឺត្រូវបន្តគាំទ្ររដ្ឋាភិបាលក្នុងទីក្រុងកៀវ។
គួរបញ្ជាក់ថា ឡាយមិន គឺជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់មួយនៃតំបន់ដូណេត ដែលត្រូវបានលោក ពូទីន ប្រកាសបញ្ចូលក្នុងឧបសម្ព័ន្ធរុស្ស៉ី រួមជាមួយតំបន់ ៣ផ្សេងទៀតរបស់អ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយដែរថា ជ័យជម្នះរបស់កងកម្លាំងអ៊ុយក្រែនមិនមែនមានតែនៅក្នុងទីក្រុងឡាយមិន នោះទេ ពោលគឺកងកម្លាំងរបស់លោកក៏បានរំដោះទីក្រុង អាខាន់ហែលស្គេ និងទីក្រុងម៉ាយរ៉ូលយូបីវកា នៃតំបន់ខឺសុនផងដែរ៕ ប្រភព៖ Reuters និង AFP ប្រែសម្រួល៖ ទីណា និងបុត្រា