“ទិន្នន័យងងឹត” កំពុងសម្លាប់ភពផែនដី

បរទេស៖ជាងពាក់កណ្តាលនៃទិន្នន័យឌីជីថលដែលត្រូវបានបង្កើតប្រមូល និងរក្សាទុក សម្រាប់ប្រើប្រាស់តែម្តង ដែលជារឿយៗ វាមិនដែលប្រើឡើងវិញនោះទេ។ ទាំងនេះ អាចជារូបភាពជាច្រើនរបស់អ្នក ដែលរក្សាទុកនៅក្នុងកម្មវិធី Google Photos ឬ iCloud ឬជាបញ្ជីអាជីវកម្ម ដែលហួសសម័យកាល។ ទិន្នន័យទាំងនោះ ជាទិន្នន័យដែលត្រូវបានចាប់យកពីឧបករណ៍ផ្សេងៗ ដែលភ្ជាប់នឹងអ៊ីនធឺណិត(IoT) ហើយមិនដឹងថាត្រូវយកមកប្រើក្នុងគោលបំណងអ្វី។

“ទិន្នន័យងងឹត” ជាទូទៅវាថ្ពក់ជាប់នឹងថាមពលអគ្គិសនី ដែលមនុស្សកំពុងត្រូវការប្រើប្រាស់ជាចាំបាច់។ សូម្បីតែទិន្នន័យដែលត្រូវរក្សាទុក ហើយមិនដែលប្រើជាលើកទី២នោះ ក៏ត្រូវការកន្លែងទុកដាក់ត្រឹមត្រូវ និងទាមទារនូវម៉ាស៊ីនកុំព្យូទ័រជាច្រើនគ្រឿង។ ម៉ាស៊ីនកុំព្យទ័រទាំងនោះហើយ ដែលត្រូវការថាមពលអគ្គិសនីដើម្បីដំណើរការ។

ទាំងនេះគឺជាចំណាយលើថាមពលអគ្គិសនី ដែលក្រុមហ៊ុនជាច្រើនមិនដឹងថាខ្លួនត្រូវចំណាយលើវា។ ការរក្សាទុកដាក់ទិន្នន័យឌីជីថលទាំងអស់នោះ គឺជារឿងដ៏ពិបាកមួយរបស់ក្រុមហ៊ុននានា នៅជុំវិញពិភពលោក ក៏ប៉ុន្តែ តើវានឹងប៉ះពាល់បែបណាដល់បរិស្ថាន?

នៅក្នុងគោលដៅឆ្ពោះទៅរក“អព្យាក្រឹតកាបូន” ស្ថាប័នជាច្រើនកំពុងព្យាយាមកាត់បន្ថយការបញ្ចេញកាបូននៅតាមស្ថាប័នរបស់ពួកគេ។ គោលការណ៍ទូទៅ គឺផ្តោតលើការកាត់បន្ថយកាបូនតាមបែបប្រពៃណី ដូចជាការទិញកាបូនតាមរយៈភាគីទីបី (ឧទាហរណ៍ ការដាំដើមឈើដើម្បីស្រូបយកការបំភាយឧស្ម័នកាបូនពីការប្រើប្រាស់ប្រេងឥន្ធនៈជាដើម)។

ខណៈពេលដែលសកម្មជនបរិស្ថានភាគច្រើនផ្តោតលើការទប់ស្កាត់ ការបំភាយឧស្ម័នកាបូនពីរថយន្ត វិស័យអាកាសចរណ៍ និងវិស័យថាមពលនោះ ការបំភាយដែលកើតចេញពីទិន្នន័យឌីជីថលក៏មានទំហំអាចប្រៀបធៀបនឹងវិស័យទាំងនោះបាន និងកំពុងតែមានកំណើនទៀតផង។

នៅឆ្នាំ២០២០ ឌីជីថលនីយកម្ម មានចំណែក៤%នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល។ ការផលិតទិន្នន័យឌីជីថលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ពោលគឺនៅឆ្នាំ២០២២នេះ ពិភពលោកត្រូវបានគេរំពឹងថានឹងបង្កើតទិន្នន័យ ៩៧សេតាបៃ(zettabytes) ឬ ៩៧ទ្រីលានជីហ្កាបៃនៃទិន្នន័យ។ នៅឆ្នាំ២០២៥ វាអាចកើនឡើងទ្វេដង គឺរហូតដល់ ១៨១សេតាបៃ។ ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការយកចិត្តទុកដាក់លើគោលនយោបាយសម្រាប់បញ្ហាខាងលើនេះ នៅមានកម្រិតតិចតួចនៅឡើយ។

មជ្ឈមណ្ឌលទិន្នន័យ(២.៥ភាគរយនៃកាបូនឌីអុកស៊ីតដែលបង្កឡើងដោយមនុស្ស)មានការបំភាយកាបូនធំជាងឧស្សាហកម្មអាកាសចរណ៍ ដែលមានត្រឹមតែ២.១ភាគរយ។ ដើម្បីបញ្ចូលវាទៅក្នុងបរិបទដែលអាចយល់បាន គេបានបង្កើតឧបករណ៍ដែលអាចជួយគណនាតម្លៃនៃការបំភាយកាបូនពីទិន្នន័យឌីជីថល សម្រាប់ស្ថាប័នមួយ។

អាជីវកម្មដែលមានតម្រូវការទិន្នន័យច្រើន មានដូចជាវិស័យធានារ៉ាប់រង ការលក់រាយ ឬវិស័យធនាគារដែលមានបុគ្គលិក ១០០នាក់ អាចបង្កើត“ទិន្នន័យងងឹត” ចំនួន ២,៩៨៣ជីហ្គាបៃក្នុងមួយថ្ងៃ។ ប្រសិនបើគេទុកទិន្នន័យទាំងនោះរយៈពេល១ឆ្នាំ នោះវាមានលទ្ធភាពបំភាយកាបូនស្មើនឹងការបំភាយចេញពីយន្តហោះពីទីក្រុងឡុង ទៅទីក្រុងញូយ៉ក៦ដង។

ការរីកចម្រើនយ៉ាងឆាប់រហ័សនៃទិន្នន័យងងឹតបង្កឱ្យមានសំណួរសំខាន់ៗអំពីប្រសិទ្ធភាពនៃការអនុវត្តរបស់មនុស្សទៅជាឌីជីថល។

ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយ ទិន្នន័យងងឹត អ្នកក៏អាចចូលរួមចំណែកបានដែរ តាមរយៈការជ្រើសរើសយកតែរូប ឬវីដេអូ ណាដែលត្រូវទុក ហើយលុបចោលវីដេអូ ឬរូបដែលមិនចាំបាច់។ រាល់ឯកសារ ឬទិន្នន័យដែលរក្សានៅក្នុង Apple iCloud ឬ Google Photos របស់អ្នក បានរួមចំណែកដល់ការបំភាយកាបូនដឌីជីថល៕ ដោយ: CPA/ យ៉ាន អាន

ads banner