ក្រសួងបរិស្ថានប្រកាសគោលការណ៍ណែនាំសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូចទំហំផ្ទៃដីតូចជាង១០ហិកតា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងបរិស្ថានប្រកាសដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី៣ខែតុលា ក្រោមអធិបតីភាពតំណាងក្រសួងបរិស្ថាននិងតំណាងធនាគារពិភពលោកនៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។

រដ្ឋលេខាធិការក្រសួងបរិស្ថានឯកឧត្តម រ័ត្ន វិរៈ បានបង្ហាញអំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងបរិស្ថាន ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន នៅកម្ពុជា ដោយប្រើប្រាស់យុទ្ធសាស្ត្រចំនួនប្រាំគឺ ទី១. កិច្ចគាំពារបរិស្ថាន, ទី២.កិច្ចការពារជីវៈចម្រុះ, ទី៣.ការរស់នៅដោយចីរភាព, ទី៤. រដ្ឋបាលទំនើប និងទី៥ ការអភិរក្សធនធានធម្មជាតិ។

លោកបន្ថែមថា៖ «ទេសចរណ៍ធម្មជាតិត្រូវបានចាត់ទុកជា «មាសបៃតង» ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក»។

គោលការណ៍ណែនាំស្ដីពីបរិស្ថាននិងសង្គម បង្កើតឡើងក្នុងគោលដៅទប់ស្កាត់ឬកាត់បន្ថយផលប៉ះពាល់បរិស្ថាននិងសង្គមដែលកើតចេញពីគម្រោងស្នើសុំ ធានាឱ្យមាននិរន្តរភាពយូរអង្វែងដែលផ្ដល់ប្រយោជន៍ចេញពីការស្នើសុំគម្រោងអភិវឌ្ឍន៍និងធានាសុវត្ថិភាពធនធានធម្មជាតិដែលពួកគេអាស្រ័យផល ព្រមទាំងរក្សាស្ថិរភាពបង្កើនគុណភាពបរិស្ថាននិងសុខមាលភាពប្រជាពលរដ្ឋតាមមូលដ្ឋាន។ គោលការណ៍ណែនាំនៃគោលការណ៍ណែរនាំនៃគម្រោងអភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិខ្នាតតូចទំហំផ្ទៃដីតូចជាង១០ហិកតា បានឆ្លងកាត់កិច្ចពិភាក្សាផ្លាស់ប្ដូរយោបល់ជាច្រើនលើកច្រើនសារមកហើយ ដើម្បីប្រមូលធាតុចូលស្វែងរកចំណុចរួមមួយ ដែលអត្ថប្រយោជន៍ចំពោះកិច្ចការពារបរិស្ថាននិងសង្គម។

របាយកាណ៍របស់ក្រសួងបរិស្ថានបង្ហាញថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានបង្កើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០ភាគរយ នៅក្នុងផលិតផលដុលក្នុងស្រុកសរុប ប្រចាំឆ្នាំ។

តំណាងធនាគារពិភពលោកប្រចាំនៅកម្ពុជាដែលជាម្ចាស់ជំនួយក្នុងគម្រោងនេះ អ្នកស្រី Salimata D. Follea បានថ្លែងថា ការខិតខំប្រឹងរបស់ក្រសួងបរិស្ថាន ក្នុងការកែលម្អតំបន់ការពារ និងសហគមន៍មូលដ្ឋាន គឺជាផ្នែកមួយដ៏សំខាន់ដែលជាការចង់បានរបស់ធនាគារពិភពលោក។ អ្នកស្រីបន្ថែមថា សម្រាប់ដាក់អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ហិកតា ជារឿងមួយដ៏សំខាន់ ព្រមទាំងទទួលបានការកោតសសើរយ៉ាងខ្លាំង។

អ្នកស្រី Salimata D. Follea ៖«គម្រោងនេះនឹងអនុវត្តដោយជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ធនធានធម្មជាតិ ព្រមទាំងសហគមន៍មូលដ្ឋាន ដែលបម្រើដល់វិស័យទេសចរណ៍ធម្មជាតិ»។

បច្ចុប្បន្នកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួនបី (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីកម្ពុជាទាំងមូល។ មន្ត្រីជំនាញបរិស្ថានអះអាងថា ចំនួនផ្ទៃដីនេះមានវិសាលភាព ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ទទួលខុសត្រូវ និងមាននិរន្តរភាព។ តំបន់ការពារទាំងអស់នេះផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ៕ ដោយ៖ វណ្ណ ស័ក្ដិ

ads banner