ទីភ្នាក់ងារថាមពលដាណឺម៉ាក៖ បំពង់បង្ហូរឧស្ម័ន Nord Stream លែងលេចធ្លាយហើយ

ដាណឺម៉ាក៖ ទីភ្នាក់ងារថាមពលរបស់ដាណឺម៉ាកបានគូសបញ្ជាក់ឲ្យដឹងនៅថ្ងៃអាទិត្យទី២ខែតុលាឆ្នាំ២០២២ថា បំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 លែងមានការលេចធ្លាយទៀតហើយ។ ការគូសបញ្ជាក់នេះ ធ្វើឡើងមួយសប្ដាហ៍បន្ទាប់ពីគេរកឃើញមានការលេចធ្លាយចំនួនបួនកន្លែងបន្តបន្ទាប់គ្នានៅតាមបណ្ដោយបំពង់បង្ហូរឧស្ម័ន Nord Stream ទាំងពីរ។

សូមរំឮកថា ការលេចធ្លាយដំបូងរបស់បំពង់បង្ហូរឧស្ម័ន Nord Stream កើតឡើងនៅថ្ងៃទី២៦ ខែកញ្ញាកន្លងទៅ។ កន្លែងលេចធ្លាយនោះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចនៃប្រទេសដាណឺម៉ាក និងស៊ុយអែត។ ភ្លាមៗក្រោយហេតុការណ៍នេះ សហគមន៍អន្ដរជាតិ ជាពិសេសប្រទេសបស្ចិមលោកបានចោទប្រកាន់រុស្ស៊ី ថាជាអ្នកនៅពីក្រោយការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័នទាំងពីរ។ ជាបំពង់បង្ហូរឧស្ម័នពីប្រទេសរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ គ្រប់គ្រងដោយក្រុមហ៊ុន Gazprom របស់រុស្ស៊ី។

នាយករដ្ឋមន្ដ្រីដាណឺម៉ាក លោក Mette Frederiksen បើទោះបីជាមិនបានចោទប្រកាន់រុស្ស៊ីចំៗ ប៉ុន្តែលោកចាត់ទុកការលេចធ្លាយនេះថាកើតឡើងដោយចេតនាមិនមែនជាការចៃដន្យនោះឡើយ។ស្រដៀងគ្នាដែរលោកនាយករដ្ឋមន្ដ្រីស៊ុយអែត លោក Magdalena Anderssonវិញ ចាត់ទុកការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ននេះ ថាជាការតាំងចិត្តបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ននេះតែម្ដង។

សេចក្ដីរាយការណ៍ចេញផ្សាយដោយអាជ្ញាធរដាណឺម៉ាក និងស៊ុយអែត កាលពីថ្ងៃសុក្រ បង្ហាញអំពីមូលហេតុនៃការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ន Nord Stream ថាកើតឡើងដោយសារតែការបំផ្ទុះនៅក្រោមទឹក។ ប៉ុន្តែថាតើការបំផ្ទុះនោះកើតឡើងដោយសារអ្វីឬដោយសារនរណានៅតែបន្តស្ថិតក្នុងអាថ៌កំបាំង ដោយពុំទាន់មានប្រភពណាអាចបញ្ជាក់ពីរឿងនេះបាននៅឡើយ។

យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃអាទិត្យ ទី២ ខែតុលា ការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ន Nord Stream 2 លែងមានទៀតហើយ។ អ្នកនាំពាក្យនៃក្រុមហ៊ុន Gazprom លើកឡើងថា សម្ពាធទឹកគឺជាកត្តាសំខាន់ដែលបានរួមចំណែកជួយបិទខ្ទប់កន្លែងលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ន។ ដោយឡែក ចំពោះការលេចធ្លាយនៃបំពង់បង្ហូរឧស្ម័ន Nord Stream 1 ដែលមានទ្រង់ទ្រាយធំជាងនោះ គេនៅមិនទាន់អាចវាយតម្លៃបានសព្វជ្រុងជ្រោយនៅឡើយទេ៕ ដោយ៖ កែវ កិរិយា

ads banner