ក្រុមសិទ្ធិមនុស្ស៖ សហភាពអឺរ៉ុបបរាជ័យក្នុងដាក់ទណ្ឌកម្មអ្នកផ្គត់ផ្គង់អាវុធឱ្យរដ្ឋាភិបាលយោធាមីយ៉ានម៉ា

អឺរ៉ុប៖ ក្រុមសិទ្ធិមនុស្សយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា(ជីអេហ្វអឹម,JFM)អះអាងថា សហភាពអឺរ៉ុប (អ៊ីយូ,EU) មិនបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន ៣០ ដែលពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធដល់របបយោធាមីយ៉ាន់ម៉ានោះទេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ។

ជីអេហ្វអឹម បានកំណត់ក្រុមហ៊ុនចំនួន ៣១ រួមទាំងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយអ៊ីយូ ដែលធានាឱ្យរបបនេះមានអាវុធប្រើប្រាស់ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១ ហើយមានតែក្រុមហ៊ុនមួយប៉ុណ្ណោះក្នុងចំណោមនោះ គឺក្រុមហ៊ុន Htoo Group ដែលរងទណ្ឌកម្មពីសហភាពអឺរ៉ុប។

ជីអេហ្វអឹម អះអាងថា ការដាក់ទណ្ឌកម្មជុំចុងក្រោយរបស់ អ៊ីយូ លើប្រទេសមីយ៉ាន់ម៉ា ដាក់កាលពី៧ខែមុន ប៉ុន្តែការវាយប្រហារតាមអាកាស ការបាញ់ផ្លោងទៅលើគោលដៅជនស៊ីវិល ការប្រហារជីវិតអ្នកទោសនយោបាយ និងការសម្លាប់កុមារដោយមិនរើសមុខ នៅតែកើនឡើង។

ជុំវិញបញ្ហានេះ JFM បានគូសបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាស និងដីរបស់របបយោធាលើសាលារៀន Depayin កាលពីពាក់កណ្ដាលខែកញ្ញា ដែលសម្លាប់មនុស្សប្រហែល ១១ នាក់ គឺជាការរំលឹកថា សកម្មភាពព្រៃផ្សៃរបស់ក្រុមយោធានៅតែអាចបន្តធ្វើទៅបាន ដោយសារតែពួកគេមានអាវុធ។

អ្នកនាំពាក្យ JFM លោកស្រី Yadanar Maung លើកឡើងថា៖ «ដរាបណារបបយោធាមានលទ្ធភាពទទួលបានអាវុធ បរិក្ខារ និងមូលនិធិ ពួកគេនឹងអាចបន្តយុទ្ធនាការភេរវកម្មរបស់ខ្លួនប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា ដោយប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយគ្មានការដាក់ទោសទណ្ឌ»។

ដោយហេតុដូចនេះ JFM បានអំពាវនាវថា៖ «យើងអំពាវនាវឱ្យ EU ឈរជាមួយប្រជាជនមីយ៉ាន់ម៉ា និងដាក់ទណ្ឌកម្មឈ្មួញកណ្តាលសព្វាវុធឥឡូវនេះ»។ ក្រុមសិទ្ធិមនុស្សដដែលបន្តថា អាជីវកម្មជាច្រើនមានទំនាក់ទំនងជាមួយ អ៊ីយូ ហើយសុទ្ធតែរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយមួយចំនួនក៏ប្រឈមមុខនឹងទណ្ឌកម្មពីកាណាដា។

បន្ថែមពីនេះ លោកស្រី Yadanar Maung បានគូសបញ្ជាក់ទៀតថា៖ «កាលពីឆ្នាំមុន រដ្ឋជាសមាជិកសហភាពអឺរ៉ុបបានបោះឆ្នោតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់លំហូរអាវុធទៅកាន់យោធាមីយ៉ាន់ម៉ា»។ លោកស្រីបន្ថែមថា៖ «សហភាពអឺរ៉ុបត្រូវតែចាត់វិធានការជាក់ស្តែង ដើម្បីកាត់បន្ថយសិទ្ធិទទួលបានអាវុធរបស់របបយោធា ដោយបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងឈ្មួញកណ្តាលអាវុធ និងផលប្រយោជន៍ពីអាជីវកម្មផ្សេងៗទៀតដែលពាក់ព័ន្ធ»។

កាលពីខែកញ្ញា ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បាននិយាយនៅក្នុងរបាយការណ៍មួយថា ប្រទេសនានាគួរតែបញ្ចេញសកម្មភាពបន្ថែមទៀត ដើម្បីកុំឱ្យរបបយោធាមានលុយ និងអាវុធ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈដែលប្រទេសសេរីជាច្រើនដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ប្រទេសរុស្ស៊ី ចិន និងស៊ែប៊ី នៅតែបន្តការផ្គត់ផ្គង់អាវុធរបស់ខ្លួន។

គួរបញ្ចាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ២ ៣២៤ នាក់ រួមទាំងកុមារជិត ៣០០ នាក់ ត្រូវបានសម្លាប់ក្រោមកណ្ដាប់ដៃរបស់របបយោធាក្រោយការរដ្ឋប្រហារ ស្របពេលដែលមនុស្សជាង ១៥ ៦០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន៕ ដោយ៖ ហួន ឌីណា

ads banner