អ.ស.បព្រមានថា ជនរងគ្រោះទឹកជំនន់នៅប៉ាគីស្ថានប្រមាណ ៥,៧លាននាក់ប្រឈមមុខនឹងវិបត្តិស្បៀងអាហារធ្ងន់ធ្ងរ
អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិបានព្រមាននៅថ្ងៃចន្ទទី០៣ ខែតុលានេះថា អ្នករស់រានមានជីវិតពីគ្រោះទឹកជំនន់ដ៏អាក្រក់ក្នុងប្រទេសប៉ាគីស្ថានប្រហែល ៥,៧លាននាក់ នឹងប្រឈមមុខនូវវិបត្តិស្បៀងអាហារដ៏ធ្ងន់ធ្ងរក្នុងរយៈពេលបីខែខាងមុខទៀតនេះ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិបានប្រកាសបង្កើនការអំពាវនាវសុំជំនួយមនុស្សធម៌សម្រាប់ប្រទេសប៉ាគីស្ថាន កើនឡើងដល់ទឹកប្រាក់ ៨១៦លានដុល្លារ ចំពេលមានការកើនឡើងករណីស្លាប់ដោយសារជំងឺអាសន្នរោគនៅទីនោះ ។
នៅទីក្រុងហ្សឺណែវ លោក Julien Harneis អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសប៉ាគីស្ថាន បានប្រាប់អ្នកយកព័ត៌មានថា ភ្នាក់ងារជំនួយត្រូវការថវិកាបន្ថែមទៀត ដើម្បីទប់ស្កាត់ “រលកទីពីរនៃការបំផ្លិចបំផ្លាញ” ដោយសារគ្រោះទឹកជំនន់ និងជំងឺអាសន្នរោគផ្សេងៗនៅប៉ាគីស្ថាន។
ការវិវឌ្ឍន៍ចុងក្រោយនេះ កើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិប៉ាគីស្ថានបានរាយការណ៍ថា គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងធ្លាក់ខ្លាំងមិនធម្មតា បានសម្លាប់មនុស្ស ១,៦៩៥នាក់ ប៉ះពាល់ដល់មនុស្ស ៣៣លាននាក់ ខូចខាតផ្ទះសម្បែងជាង ២លានខ្នង និងមនុស្សរាប់សែននាក់ផ្សេងទៀតត្រូវបង្ខំចិត្តភៀសខ្លួន ដោយឥឡូវនេះ អ្នកខ្លះរស់នៅក្នុងតង់ ឬផ្ទះបណ្តោះអាសន្ន។
រដ្ឋាភិបាលប៉ាគីស្ថានបានបញ្ជាក់ថា ទឹកជំនន់បានបណ្តាលឱ្យខាតបង់ប្រាក់ប្រហែល ៣០ពាន់លានដុល្លារដល់សេដ្ឋកិច្ចជាតិរបស់ខ្លួន ក្នុងនោះទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវរាប់ពាន់គីឡូម៉ែត្រ បំផ្លាញស្ពានចំនួន ៤៤០កន្លែង និងរំខានដល់ចរាចរណ៍ផ្លូវដែកផងដែរ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា