សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យ NOCC ជាពិសេស CAMSOC បង្កើនកិច្ចសហការជាមួយសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដើម្បីឱ្យការរៀបចំការប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្កើនកិច្ចសហការ ជាមួយសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដើម្បីឱ្យការរៀបចំការប្រកួត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានជោគជ័យ ។

ការណែរនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីមានប្រតិភូផ្នែកកីឡាប្រមាណជាង ៣០០រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក និងមានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ ។

ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យខ្ពស់ ខណៈកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងទៀតថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឱ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡា របស់ប្រទេសសមាជិកនីមួយៗឱ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេសចូលរួមនៅលើឆាកអន្តរជាតិផងដែរ។

បន្ថែមពីនេះ សម្តេច ក៏ស្នើក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេសសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជា ឱ្យបានដល់កម្រិតដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជា អាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner