សម្ដេចតេជោ ហ៊ុន សែន៖ ការរៀបចំ និងចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការរៀបចំ និងចូលរួមក្នុងការប្រកួតកីឡា ឆ្លុះបញ្ចាំងនូវការរឹតចំណងមិត្តភាព សាមគ្គីភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋ និងប្រជាជន នៃប្រទេសចូលរួមទាំងអស់។ សម្ដេចបញ្ជាក់ថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យការទូត និងទំនាក់ទំនងអន្តជាតិ ហើយក៏ជាឱកាសផ្តល់នូវការផ្លាស់ប្តូរលើវិស័យជាច្រើន ទាំងបច្ចេកទេសនៃការរៀបចំ និងបទពិសោធន៍ក្នុងការប្រកួតកីឡា ដែលជាមរតកវប្បធម៌ ទំនៀមទម្លាប់ និងជាសិល្បៈការពារខ្លួន បែបប្រពៃណីរបស់ប្រជាជាតិនីមួយៗ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលមានការចូលរួមពីមានប្រតិភូផ្នែកកីឡាប្រមាណជាង ៣០០រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក និងមានប្រតិភូថ្នាក់ដឹកនាំគណៈកម្មាធិការអូឡាំពិកអន្តរជាតិមួយចំនួនទៀតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍ពាក់ព័ន្ធនឹងកីឡាក្នុងកម្រិតអន្តរជាតិ ក៏ជាការបំផុសស្មារតី និងលើកទឹកចិត្តមហាជនទូទៅឲ្យកាន់តែស្រឡាញ់ និងគាំទ្រវិស័យកីឡា ហើយក៏ជាការលើកកម្ពស់កិត្តិសព្ទកីឡារបស់ប្រទេសសមាជិកនីមួយៗ ឲ្យកាន់តែល្បីល្បាញ ក៏ដូចជាការធ្វើទីផ្សារអន្តរជាតិរបស់ប្រទេស ចូលរួមនៅលើឆាកអន្តរជាតិផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែថា កីឡាក៏រួមចំណែកដល់ការរក្សាបានកម្លាំងកាយរឹងមាំ និងលើកកម្ពស់សុខភាពល្អ នៃធនធានមនុស្សដែលជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម និងភាពរឹងមាំ នៃសេដ្ឋកិច្ចជាតិ។ ប្រជាពលរដ្ឋដែលមានសុខភាពល្អរស់នៅដោយភាពរីករាយ ងាយចាប់យកចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ មានការតាំងចិត្ត និងក្តីសង្ឃឹមខ្ពស់ក្នុងការបង្កើនមូលធនមនុស្ស តាមរយៈការបន្តការសិក្សាបន្ថែមពេញមួយជីវិតដែលរួមចំណែកដល់ការធ្វើបច្ចុប្បន្នភាពចំណេះដឹង និងបច្ចេកវិទ្យាជាប្រចាំ ព្រមទាំងរួមចំណែកដល់ជីវភាព នៃការផ្គត់ផ្គង់កម្លាំងពលកម្មដែលមានគុណភាព និងផលិតភាពខ្ពស់ ៕ ដោយ វណ្ណលុក