សម្តេចតេជោ ហ៊ុន សែន៖ «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»។ មានប្រសាសន៍ដូច្នេះគឺនៅក្នុងឱកាសជាអធិបតីនៃពិធីបើក មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ សណ្ឋាគារសុខារ៉េស៊ីដង។

ក្នុងអំឡុងពេលសម្តេចតេជោថ្លែងសន្ទុរកថាគន្លឹះសំខាន់ចំនួន ៤ចំណុច សម្តេចបានរំឮកពី ការបានទទួលជួបជា មួយ ឯកឧត្តម Raja Randhir Singh ប្រធាន ស្តីទី ក្រុម ប្រឹក្សា អូឡាំពិក អាស៊ី (OCA) ដោយបានលើកឡើងអំពីចំណុចខ្សោយរបស់កីឡាអាស៊ី រួមទាំងក្រមសីលធម៌ក្នុងវិស័យកីឡា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«នៅក្នុងពេលជំនួបដែលខ្ញុំបានទទួលឯកឧត្តមប្រធានក្រុមប្រឹក្សាអម្បិញមិញ ខ្ញុំបានលើកឡើងទៅលើចំណុច២។ ទី១ អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ។ ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថាក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣ពាន់លាននាក់ បូកជាមួយអាស៊ានប្រមាណជិត ៦០០លាននាក់ទៀត និងបូកនឹងក្នុងបណ្ដាប្រទេសនានាគឺប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូលរួម ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចចូលក្នុងវគ្គជម្រុះ (World Cup) ប្រចាំជារៀងរាល់ពេល។

ឆ្នាំនេះយើងពិតជាមានមោទកភាពដោយសារតំបន់របស់យើង ត្រូវមានព្រឹត្តិការណ៍ World Cup នៅកាតា សង្ឃឹមថាយើងនឹងទទួលបានផ្លែផ្កាពីការប្រកួតនៅទីនោះ ក៏ប៉ុន្តែអ្វីដែលយើងគួរសិក្សា គឺមានមូលហេតុអ្វីខ្លះដែលប្រជាជនចំនួនដ៏ច្រើន គឺយើងបែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបទ្វីបអឺរ៉ុប ទ្វីបអាមេរិកឡាទីន គឺទ្វីបរបស់យើងមានភាពទន់ខ្សោយជាង ជាចំណុចដែលយើងគួរសិក្សា។ ខ្ញុំធ្លាប់បាននិយាយជាមួយនឹងកីឡាករ-កីឡាការិនីរបស់កម្ពុជាមុនចេញទៅប្រកួត ខ្ញុំបាននិយាយថាប្រជាជនច្រើន មិនប្រាកដថាកីឡាខ្លាំងនោះទេ ហើយប្រជាជនតិច មិនប្រាកដថាកីឡាខ្សោយនោះដែរ ហើយនេះជារឿងពិតដែលបានកើតឡើងនៅក្នុងតំបន់របស់យើង»។

សម្តេចក៏បានមានប្រសាសន៍បន្ថែមចំណុចទី២ ទៀតថា ៖«សម្រាប់ចំណុចទី២ គឺជាចំណុចអំពឺវិធានការ នៃការពង្រឹងក្រមសីលធម៌ នៃការប្រកួត …។ ដោយសារតែបញ្ហាការប្រកួតយើងឃើញថាសោកនាដកម្មមួយចំនួនកើតឡើង ជាពិសេសថ្មីៗនេះនៅប្រទេសឥណ្ឌូណេស៊ី អំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុបក៏មានព្រឹត្តិការណ៍កើតឡើង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង ដូច្នេះវាជាការចាំបាច់ ការពង្រឹងនូវក្របខណ្ឌក្រមសីលធម៌អំពីការប្រកួតដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើក្របខណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ ប្រសិនបើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ»។

មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលធ្វើឡើងចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា មានប្រតិភូផ្នែកកីឡាប្រមាណ ៣៣៦រូប មកពី ៥៥ប្រទេសជុំវិញពិភពលោក។ ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស គឺជាព្រឹត្តិការណ៍ដ៏មានសំខាន់សម្រាប់ការជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី និងធ្វើឡើងជារៀងរាល់ឆ្នាំ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner