កម្ពុជាបង្ហាញជំហរពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអាស៊ានក្នុងសន្និសីទការតភ្ជាប់តំបន់អាស៊ានលើកទី១៣
ភ្នំពេញ:កម្ពុជាបង្ហាញជំហរពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងអាស៊ានក្នុងសន្និសីទការតភ្ជាប់តំបន់អាស៊ានលើកទី១៣ តាមរយៈការលើកកម្ពស់ការតភ្ជាប់តំបន់ ពង្រីកទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍ ការតម្រែតម្រង់ទិសផែនការមេ សំដៅជួយពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់អាស៊ាន និងទ្រទ្រង់អាស៊ានឲ្យប្រកបដោយភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន។
កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការតភ្ជាប់អាស៊ានលើកទី១៣ នៅរាជធានីភ្នំពេញ ដែលសហការរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ា និងលេខាធិការដ្ឋានអាស៊ាន ដែលមានអ្នកចូលរួមប្រមាណ ១៦០នាក់ រួមមាន សមជិកនៃគណៈកម្មាធិការសម្របសម្រួលស្តីពីការតភ្ជាប់អាស៊ាន និងតំណាងពីស្ថាប័នតាមវិស័យនានារបស់អាស៊ាន ដៃគូអាស៊ាន អង្គភាពពហុភាគី ក្រោមបទស្តីពី “ការលើកកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ”។
ក្នុងសន្និសីទនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ជំហរកម្ពុជាយ៉ាងម៉ឹងម៉ាត់លើកិច្ចពង្រឹងការសហការផ្ទៃក្នុងអាស៊ាន ដែលលោកគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការតភ្ជាប់តំបន់ ដែលលោកអះអាងថា អនាគតនៃតំបន់អាស៊ាននឹងពឹងផ្អែកលើឧត្តមានប្រកួតប្រជែងតំបន់អាស៊ាននេះដែលអាចកើតមានតាមរយៈការតភ្ជាប់យ៉ាងល្អក្នុងតំបន់ នេះបើយោងតាមការសេចក្តីប្រកាសពីក្រសួងការបរទេសកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ដើម្បីផ្តើមគំនិតផ្តួចផ្តើមស្តីពីការតភ្ជាប់និងគម្រោងសហប្រតិបត្តិការនានាពេញលេញក្នុងតំបន់ អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន គឺទាញយកឲ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្តួចផ្តើមនានាដែលមានស្រាប់ ដើម្បីចម្រាញ់យកតម្លៃបន្ថែមដែលចាំបាច់។
មិនតែប៉ុណ្ណោះ ប្រមុខការទូតកម្ពុជារូបនេះ ក៏បានបញ្ជាក់ពីតម្លៃនៃកិច្ចព្រមព្រៀងស្តីពីភាពដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់( RCEP) ដែលបានចូលជាធរមាននោះដែរ ដែលលោកថា វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម និងអាចដឹកនាំសេដ្ឋកិច្ចតំបន់អាស៊ាន។
គួរបញ្ជាក់ថា តាមការឱ្យដឹងពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់ថា “ការតភ្ជាប់អាស៊ាន” គឺជាគន្លឹះមួយដ៏សំខាន់ក្នុងការកសាងសហគមន៍អាស៊ាន ដែលនឹងចូលរួមចំណែកបង្កើនភាពធន និងការផ្សារភ្ជាប់តំបន់កាន់តែប្រសើរឡើងតាមរយៈការពង្រឹងនូវទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជន។
ផែនការមេនៃ “ការតភ្ជាប់អាស៊ានឆ្នាំ ២០២៥” (MPAC) ផ្តល់នូវមធ្យោបាយគាំទ្រជាមូលដ្ឋានដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥សំដៅពង្រឹងសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌នៃសហគមន៍អាស៊ានរួមបញ្ចូលគ្នា និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍។ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ ត្រូវបានរំពឹងថានឹងសម្រេចបាននូវការតភ្ជាប់អាស៊ានយ៉ាងរលូន និងទូលំទូលាយ ដែលនឹងលើកកម្ពស់ការប្រកួតប្រជែង បរិយាប័ន្ន និងការយល់ដឹងកាន់តែច្រើននៃសហគមន៍ នេះជាការគូសបញ្ជាក់បន្ថែមពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។
ជាមួយគ្នានេះ អគ្គលេខាធិការអាស៊ាន លោកលឹម ចុកហុយ បានគូសបញ្ជាក់ពីភាពចាំបាច់របស់អាស៊ានក្នុងការកែប្រែតំបន់នេះជាតំបន់ដែលមានភាពធន់រឹងមាំ អាចបត់បែនបាន និងភាពឆ្លើយតបនឹងតម្រូវការនៃការផ្លាស់ប្តូរជានិច្ច ដែលលោកសង្កត់ធ្ងន់លើការកសាងទំនាក់ទំនងផ្ទៃក្នុងរបស់អាស៊ានសម្រាប់ផែនការសកម្មភាពអនាគត និងការបើកចំហរសហការជាមួយដៃគួរអភិវឌ្ឍន៍នានា។
សម្រាប់លោកសាស្ត្រាចារ្យ ហីដេតូស៊ី នីស៊ីមូរ៉ា ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ាវិញ បានរំលេចពីសារៈសំខាន់នៃការតភ្ជាប់ផ្នែកឌីជីថលក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ដែលលោកអះអាងថា នឹងបង្កើតនូវសេដ្ឋិច្ចមួយដែលប្រកបដោយសមាហរណកម្ម នវានុវត្តនទ បរិយាប័ន្ន និងចីរភាពច្រើនជាងមុន នៅក្នុងតំបន់អាស៊ាន និងអាស៊ីបូព៌ា។
ជុំវិញបញ្ហានេះ លោកបណ្ឌិតមាស នី អ្នកវិភាគនិងតាមដាននយោបាយចាស់វស្សារបស់កម្ពុជា យល់ឃើញថា ក្តីស្រមៃរបស់សហគមន៍អាស៊ានដែលចង់រួមគ្នាជាធ្លុងមួយពិតជាពិបាកសម្រេចបានខ្លាំងណាស់ ដែលគេអាចមើលដឹងតាំងតែពីអំឡុងពេលបង្កើតសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍នេះដំបូងឡើយមកម្ល៉េះព្រោះការមាននិន្នាការនយោបាយខុសៗគ្នា ទំនាស់ផលប្រយោជន៍ និងនយោបាយការទូតហាក់មិនសូវត្រួវគ្នារបស់អង្គការតំបន់នេះជារនាំងរារាំងការបង្រួបបង្រួមផ្ទៃក្នុងដូចការចង់បានកាលពីសម័យសង្គ្រាមត្រជាក់ដំបូងឡើយ។
លោកបណ្ឌិតមាស នី គូសបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ អាស៊ានពើបប្រទះនឹងបញ្ហាធំៗ ៣ រួមមាន វិបត្តិសមុទ្រចិនខាងត្បូង វិបត្តិភូមា និងវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី បានរារាំងជំហរអាស៊ានជាធ្លុងមួយ ដែលលោកថា អាស៊ានហាក់កាន់តែឃ្លាតឆ្ងាយពីគ្នាបន្ថែមទៅទៀត ហើយអង្គការតំបន់នេះតែងកំណត់យកគោលការណ៍កុងសង់ស៊ីសដើម្បីសម្រេចផែនការណាមួយ ខណៈសមាជិកមាននិន្នាការខុសៗក៏ជារនាំងក្នុងការសម្រេចផែនការអនាគតផង ។
គួររំឭកថា សន្និសីទស្តីពីការតភ្ជាប់អាស៊ាន បានចាប់ផ្តើមឡើងដំបូងកាលពីឆ្នាំ២០១០ ដែលជាវេទិកាមួយសម្រាប់ដៃគូរពាក់ព័ន្ធអាចស្គាល់និងកំណត់វិស័យកិច្ចកិច្ចសហប្រតិបត្តិការគ្នា ដើម្បីឲ្យប្រកបដោយសក្តានុពល និងដើម្បីពង្រឹងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងដើម្បីកំណត់ការតភ្ជាប់នេះកាន់តែទូលំទូលាយ៕
ដោយ:សំបាន ច័ន្ទដារ៉ា