សំណើរ និងសំណូមពរជាច្រើន ត្រូវបានប្រជាពលរដ្ឋ ស្នើឱ្យអាជ្ញាធរជួយដោះស្រាយ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ

ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ តុលានេះ នៅក្នុងវត្តឈូកវ៉ា ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ បានស្នើអោយអាជ្ញាធរជួយ ដោះស្រាយសំណើរ សំណូមពរ ជាច្រើន ពិសេសអោយជួយកសាងហេដ្ឋារចនាសម្ព័ន្ពនៅក្នុងមូលដ្ឋានពួកគាត់។

វេទិកានេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានី តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីនិងឯកឧត្តម រស់ សូផាន់ ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។

ក្នុងវេទិកាសាធារណៈនេះប្រជាពលរដ្ឋបានលើកឡើងពីកង្វល់របស់ខ្លួនជាច្រើនដូចជា សុំការ
ស្ថាបនាផ្លូវ លូ សុំឱ្យមានការពន្យល់ពីការបង់ថ្លៃសំរាមតាមប្រព័ន្ធអនឡាញ សុំតបណ្ដាញទឹកស្អាត សុំកាត់បន្ថយគ្រូបង្រៀនយកមុខវិជ្ជាល្អៗទៅបង្រៀនគួរ
មិនយកមកបង្រៀននៅក្នុងកម្មវិធីសិក្សាក្នុងសាលា និងមួយចំណុចទៀត គឺ ការសូមឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសង និងការលុបបំបាត់ការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋាន ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រជាពលរដ្ឋបានលើកឡើងថា នៅក្នុងមូលដ្ឋានពួកគាត់ នៅតែមានការលួចលេងល្បែងស៊ីសង ប៊ៀ កន្ទុយលេខដដែល ។ ដូច្នេះពួកគាត់សូមឱ្យលុបបំបាត់ឱ្យអស់។ ចំណែកគ្រឿងញៀនក៏ដូច្នេះដែរ សូមលុបបំបាត់ឱ្យបានពិសេសគឺការបង្ក្រាបអ្នកជួញដូរគ្រឿងញៀនតែម្តង។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ រាប់តាំងពីមន្រ្តីរដ្ឋបាលខណ្ឌ សង្កាត់ត្រូវបន្តយកចិត្តទុកដាក់ ចុះបំពេញតួនាទីភារកិច្ច និងចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក៏ដូចជាដោះស្រាយបញ្ហាប្រឈមនានាដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ប់ សារិន បានបញ្ជាក់ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធនិងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានដឹងលឺ និងរកយន្តការដោះស្រាយជូន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំបេញ ត្រូវបានធ្វើ ឡើងក្នុង១ឆ្នាំម្តង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ។ប៉ុន្តែក្នុងរយៈពេល២ឆ្នាំជាប់គ្នានេះត្រូវបានខកខានដោយការរាតត្បាតជម្ងឺកូវីដ-១៩ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តដោះស្រាយទុក្ខកង្វល់ប្រជាពលរដ្ឋជានិច្ច។

ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានី បានមានប្រសាសន៍ថា សម្រាប់ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ តុលានេះ មានសំណើ សំណួរ សំណូមពរផ្ទាល់មាត់ចំនួន១៩នាក់ស្មើនឹង៣២បញ្ហា និងសំណើរ សំណួរ សំណូមពរក្នុងប្រអប់សំបុត្រចំនួន៧៦បញ្ហា។

ឯកឧត្តម បន្តថា រាល់បញ្ហាដែលបានលើកឡើងរបស់បងប្អូនអាជ្ញាធររបស់យើងពិតជាបានដឹងនិងមានវិធានការមួយចំនួនរួចហើយ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរនឹងធ្វើការដោយស្រាយជាបន្តបន្ទាប់ទៀត ពោលគឺអ្វីដែលដោះស្រាយបានយើងដោះស្រាយភ្លាម ហើយអ្វីដែលដោះស្រាយមិនបានភ្លាមយើងនឹងសុំគោលការណ៍ដោះស្រាយនៅពេលក្រោយទៀត។

ឯកឧត្តមបន្តថា រាល់មតិយោបល់ និងការលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនារបស់ខ្លួនពេលកន្លងមក ដើម្បីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយ ជូនប្រជាពលរដ្ឋឲ្យ មានតម្លាភាព និងមានប្រសិទ្ធភាព ក្នុងនាមជាតំណាងឲ្យរដ្ឋបាលសាធារណៈ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner