ក្រសួងមហាផ្ទៃនៅតែបន្តទទួលបានបណ្ដឹងបន្ថែមក្នុងករណីជួញដូរនិងចាប់បង្ខាំងមនុស្ស
ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជានៅតែទទួលបានពាក្យបណ្ដឹងបន្ថែមលើករណីជួញដូរ និងចាប់បង្ខាំងមនុស្សនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ថ្លែងប្រាប់អ្នកសារព័ត៌មានថា ត្រឹមរយៈពេលពីរថ្ងៃចុងក្រោយពីថ្ងៃទី២ដល់ទី៣ខែតុលា ក្រសួងមហាផ្ទៃទទួលបានបណ្ដឹងចំនួន១៨ដែលប្ដឹងសុំស្វែងរកមនុស្សចំនួន៥២នាក់។
ឯកឧត្តម ខៀវ សុភ័គ បន្ថែមទៀតថា មនុស្សទាំង៥២នាក់ដែលសាច់ញាតិកំពុងតាមរកនោះសុទ្ធសឹងជាជនបរទេស។ក្នុងនោះជនជាតិជនជាតិចិនចំនួន១២នាក់,ជនជាតិវៀតណាមចំនួន៣៣នាក់និងជនជាតិថៃចំនួនប្រាំពីរនាក់។លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ដចំពោះបណ្ដឹងទាំង១៨ករណីនេះ។
នាយកអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីដែលក្រសួងមហាផ្ទៃទទួលបានពាក្យបណ្ដឹងជាហូរហែរជុំវិញករណីបាត់ខ្លួនមនុស្សនៅកម្ពុជា គឺជាភស្តុតាងបង្ហាញថានៅតែមានករណីបង្ខាំងមនុស្សកើតឡើងនៅកម្ពុជា បើទោះជាអាជ្ញាធរខិតខំបង្ក្រាបខ្លាំងក្លាយ៉ាងណាក៏ដោយ។
លោក អំ សំអាត៖«តាមពិតទៅរយៈពេលចុងក្រោយនេះអាជ្ញាធរមានការបង្ក្រាបនិងជួយជនបរទេសដែលរងគ្រោះដោយការជួញដូរនានា នៅតាមការស៊ីណូនិងបនល្បែងជាដើម។ប៉ុន្តែយុទ្ធនាការទាំងអស់មិនទាន់ឆ្លើយតបពេញលេញនៅឡើយ។យើងលើកទឹកចិត្តឱ្យខិតខំថែមទៀត។ ខ្ញុំយល់ថាវាមិនមែនជារឿងងាយស្រួលទេក្នុងការបង្ក្រាបករណីទាំងអស់នេះ ។វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការច្រើនតាំងពីក្នុងស្រុកនិងក្រៅប្រទេស»។
លោកស្នើឱ្យរាជរដ្ឋាភិបាលពិនិត្យមើលលម្អិតលើអ្នករកស៊ីបរទេសដែលវិនិយោគនៅក្នុងប្រទេសឡើងវិញ ដើម្បីធានាឱ្យយុទ្ធនាការប្រឆាំងការជួញដូរមនុស្សមានប្រសិទ្ធិភាពខ្ពស់។
កាលពីថ្ងៃទី២៩ខែកញ្ញាសប្ដាហ៍មុនសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវទៅកាន់កម្លាំងសមត្ថកិច្ច គ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកអាណាចក្រ និងគ្រប់សាសនាសូមរួមគ្នាប្រយុទ្ធប្រឆាំងនឹងអំពើទុច្ចរិតឱ្យបានព្រមៗគ្នា ដើម្បីកុំឱ្យកម្ពុជាក្លាយជាកន្លែងឧក្រិដ្ឋកម្ម។សម្តេចតេជោបញ្ជាក់ថា នេះជាយុទ្ធនាការធំមួយមានគោលដៅជាក់លាក់ដែលរាជរដ្ឋាភិបាល កំពុងធ្វើ និងបន្តធ្វើមិនឱ្យទន់ដៃនោះឡើយ។
របាយការណ៍របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃបង្ហាញថាតាំងពីកម្ពុជាអនុវត្តយុទ្ធនាការណ៍ទ្រង់ទ្រាយធំរួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹង ចំនួន ៤០២សំណើ ប្ដឹងរកមនុស្សសរុបចំនួន ៩៧៦នាក់ មាន១១សញ្ជាតិ។ដោយឡែកតាមស្រាវជ្រាវស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចចំនួន ២២៧សំណើ។ អាជ្ញាធរបានបិទក្រុមហ៊ុន ៥ទីតាំងនិងផ្អាកអាជីវកម្មព្រមទាំងបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំងផ្សេងទៀត។ សមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៤៨៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់៕ ដោយ៖ វណ្ណ ស័ក្តិ