សម្ព័ន្ធចតុភាគី៖ អាមេរិក ជប៉ុន និងអូស្ត្រាលី បង្ហាញជំហរតឹងរ៉ឹងដាក់ចិន និងរុស្ស៊ី ប៉ុន្តែឥណ្ឌាប្រហែលជាលំបាកចុះចូលជាមួយគេ
អន្តរជាតិ៖ ក្នុងជំនួបត្រីភាគីនៅកោះហាវ៉ៃ កាលពីចុងសប្ដាហ៍កន្លងទៅ សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានធ្វើសេចក្តីថ្លែងការណ៍ខ្លាំងៗមួយចំនួនប្រឆាំងនឹងចិន និងរុស្ស៊ី។ អ្នកវិភាគមើលឃើញថា ជំហរតឹងរ៉ឹងបែបនេះ អាចកំណត់អ្វីដែលក្រុមប្រទេសសម្ព័ន្ធចតុភាគី (Quad) នឹងលើកយកមកពិភាក្សា សម្រាប់កិច្ចប្រជុំបន្ទាប់របស់សម្ព័ន្ធភាពសន្តិសុខយុទ្ធសាស្រ្តមួយនេះ។
ប៉ុន្តែអ្វីដែលអាចជាឧបសគ្គនោះគឺថា ប្រទេសសមាជិកឥណ្ឌាដែលជាអ្នកជិតខាងចិន និងជាដៃគូយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ អាចនឹងស្ទាក់ស្ទើរលើជំហរច្បាស់លាស់ណាមួយ ចំពោះប្រទេសកុម្មុយនីស្តកំពូលៗទាំងពីរ ព្រោះកន្លងមក ក្រុងញូវដែលីតែងតែជៀសវាងការប្រឆាំងចំៗណាមួយជាសាធារណៈ ក្នុងវេទិកាពហុភាគីបែបនេះ។
ផ្ទុយខុសពីឥណ្ឌា ដែលមិនសូវជាមានការប្ដេជ្ញាជាមួយគេប៉ុន្មានក្នុងបណ្ដាប្រទេស Quad សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បានប្រកាសក្ដែងៗរួមគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិត្រីភាគី (TDMM) កាលពីថ្ងៃសៅរ៍ថា ចិន និងរុស្ស៊ីកំពុងព្យាយាមរុះរើសន្តិសុខសណ្ដាប់ធ្នាប់របស់ពិភពលោក ដែលមានច្បាប់ជាបង្អែក។
កិច្ចប្រជុំដែលបង្ហាញជំហរម៉ឺងម៉ាត់ដាក់ក្រុងម៉ូស្គូ និងប៉េកាំងនេះ ធ្វើឡើងមិនបានប៉ុន្មានផង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចេញផ្សាយយុទ្ធសាស្ត្រភាពជាដៃគូប៉ាស៊ីហ្វិក សម្រាប់វេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុនដូចគ្នា។ យុទ្ធសាស្ត្រនោះ បានបញ្ជាក់ថា សម្ពាធ និងការបង្ខិតបង្ខំសេដ្ឋកិច្ចពីសាធារណរដ្ឋប្រជាមានិតចិន បំផ្លាញសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់ និងសហរដ្ឋអាមេរិក។
អ្នកវិភាគខាងភូមិសាស្រ្តនយោបាយ និងការទូត អះអាងថា នៅពេលដែល TDMM រួបរួមគ្នាលើគោលជំហរមួយកាន់តែខ្លាំង សម្ព័ន្ធភាពនឹងមានឥទ្ធិពលលើការរៀបចំរបៀបវារៈនៅក្នុងកិច្ចប្រជុំ Quad បន្ទាប់ ដោយជៀសមិនរួច ដែលនឹងជំរុញឱ្យឥណ្ឌា ធ្វើការរិះគន់ប្រឆាំងនឹងចិន និងរុស្ស៊ីកាន់តែបើកចំហ និងជាសាធារណៈ។
តាមពិតទៅ ឥណ្ឌាមិនស្ថិតនៅក្នុងសម្ព័ន្ធភាព TDMM នោះទេ ប៉ុន្តែជាផ្នែកមួយនៃប្រទេស Quad ដែលតែងធ្វើសមយុទ្ធយោធាដែនសមុទ្រ Malabar រួមគ្នា បើទោះបីជាឥណ្ឌាបដិសេធការភ្ជាប់ទំនាក់ទំនងយោធាណាមួយជាមួយ Quad ក៏ដោយ។
ទស្សនវិស័យ និងរបៀបវារៈរបស់ TDMM អាចជ្រាបចូលទៅក្នុងរបៀបវារៈរបស់ Quad ដែលកន្លងមក គ្រាន់តែបង្ហាញពីសញ្ញានៃការរួបរួមដាក់ចិនដោយប្រយោល និងរុស្ស៊ីខ្លះៗតែប៉ុណ្ណោះ ដោយសារតែឥណ្ឌានៅជាប់ចិន ហើយមានទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយក្រុងម៉ូស្គូ។
ប្រភពការទូតមិនបញ្ចេញឈ្មោះមួយរូប បានអះអាងប្រាប់កាសែតអនឡាញឥណ្ឌា ThePrint ថា៖ «TDMM ប្រាកដជានឹងកំណត់របៀបវារៈរបស់ Quad ជាពិសេសនាខណៈនេះ នៅពេលដែលចិនក្លៀវក្លាដាក់កោះតៃវ៉ាន់ ហើយភាពតានតឹងនៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនក៏កើនឡើង»។
មិនថាជាយ៉ាងណាក៏ដោយ ជំហររបស់ប្រទេសបីនៃសម្ព័ន្ធភាព Quad នៅតែជាអ្វីដែលផ្ទុយស្រឡះពីជំហរគោលនយោបាយបរទេសរបស់ឥណ្ឌា ដែលផ្អែកទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសជាមួយរុស្ស៊ី។
ក្នុងកិច្ចប្រជុំ TDMM ដដែលកាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានហៅអូស្រ្តាលី និងជប៉ុន ថាជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក ដោយលើកឡើងថា៖ «អស់ជាច្រើនទសវត្សរ៍មកហើយ ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យរបស់យើងទាំងបី បានធ្វើការយ៉ាងជិតស្និទ្ធនឹងគ្នា សម្រាប់ស្ថិរភាពនិងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងជុំវិញសកលលោក»។ លោកបន្តថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាកប្បកិរិយាឈ្លានពានកាន់តែខ្លាំងឡើងរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀតក្នុងតំបន់»។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានគូសបញ្ជាក់ថា៖ «យើងមើលឃើញថា ទំនាក់ទំនងត្រីភាគីរវាងប្រទេសយើងទាំងបី កាន់តែរីកចម្រើនកាន់តែស៊ីជម្រៅ និងរឹងមាំ ហើយយើងនឹងបន្តរបៀបវារៈបែបនេះ» ។ លោក Marles បានបន្តទៀតថា អ្វីដែលរុស្ស៊ីកំពុងធ្វើដាក់អ៊ុយក្រែនក្នុងជម្លោះ គឺជាអ្វីដែលទីក្រុងប៉េកាំងកំពុងធ្វើដាក់ទីក្រុងកង់បេរ៉ា តាមរយៈការដាក់សម្ពាធដូចគ្នា។
មិនសូវជាខុសគ្នាប៉ុន្មានពីនេះភាគីជប៉ុនបានបន្ទរឡើងថា សណ្តាប់ធ្នាប់អន្តរជាតិត្រូវបានបំផ្លាញ ហើយឥឡូវនេះ សហគមន៍អន្តរជាតិកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី សកម្មភាពយោធារបស់ចិនក្នុងសមុទ្រចិនខាងត្បូងនិងខាងកើត ព្រមទាំងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ដោយមើលឃើញពីទំនាក់ទំនងក្នុងសម្ព័ន្ធភាពបែបនេះ អ្នកវិភាគជាន់ខ្ពស់លើវិស័យការពារជាតិនៅស្ថាប័នស្រាវជ្រាវ RAND Corporation លោក Derek Grossman បានថ្លែងប្រាប់កាសែត ThePrint ថា៖ «ខ្ញុំគ្រាន់តែយល់ថា ប្រទេសអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក កាន់តែស្រុះស្រួលក្នុងការបញ្ចេញទស្សនៈរួមរបស់ពួកគេ ដើម្បីប្រឆាំងនឹងអាកប្បកិរិយាអាក្រក់របស់ចិន»។ ប៉ុន្តែលោកបានគូសបញ្ជាក់ថា វាមិនអាចទៅរួចទេ ប្រសិនបើឥណ្ឌាចូលរួមក្នុងកិច្ចពិភាក្សាពហុភាគីទាំងនេះ។
ប្រធានមជ្ឈមណ្ឌលស្តុកខុលម៍សម្រាប់កិច្ចការអាស៊ីខាងត្បូង និងឥណ្ឌូប៉ាស៊ីហ្វិក នៅវិទ្យាស្ថានសន្តិសុខ និងគោលនយោបាយអភិវឌ្ឍន៍ នៃប្រទេសស៊ុយអែត លោក Jagannath P. Panda បានមើលឃើញថា កិច្ចប្រជុំ TDMM នៅកោះហាវ៉ៃ គឺជាការឆ្លុះបញ្ចាំងពីរបៀបដែលអូស្ត្រាលី ជប៉ុន និងសហរដ្ឋអាមេរិក រៀបចំផែនការសកម្មភាពរបស់ពួកគេ ដើម្បីចាក់គ្រឹះលើវិស័យផ្សេងៗដូចជាបច្ចេកវិទ្យាការពារជាតិជាដើម។ លោកថា កិច្ចប្រជុំនេះនឹងកំណត់សន្ទុះថ្មីសម្រាប់ក្រុមផ្សេងទៀតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំង AUKUS និង Quad ។
លោក Panda បានបន្ថែមថា បណ្តាប្រទេស Quad ត្រូវពិភាក្សាគ្នាបន្ថែម និងបង្កើតការឯកភាពគ្នាអំពីរបៀបបន្តទៅមុខ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការដែលអាចជឿទុកចិត្តបាននៅក្នុងវិស័យដូចជា បច្ចេកវិទ្យាការពារជាតិ រួមទាំងនៅក្នុងអ៊ីនធឺណិត និងដែនអវកាស»។ អ្នកជំនាញដដែលអះអាងទៀតថា៖ «ការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងលំហបច្ចេកវិជ្ជាដ៏សំខាន់ គឺជាការរំឭកថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ត្រូវការផែនការសកម្មភាពដ៏រឹងមាំមួយ។ ហើយភាពជាដៃគូរបស់ចិនជាមួយរុស្ស៊ី ក្រោយសង្គ្រាមអ៊ុយក្រែន គួរតែជាការដាស់តឿនសម្រាប់ប្រទេស Quad ទាំងអស់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិសំខាន់ៗ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យារសើប»។
ទោះបីជាយ៉ាងនេះក៏ដោយ វាប្រហែលជាលំបាកខ្លាំងសម្រាប់ឥណ្ឌា ដូចដែលអ្នកវិភាគជាច្រើនយល់ឃើញស្របគ្នា។ ក្រៅពីការប្រឈមមុខជាមួយចិន ឥណ្ឌានៅតែពឹងផ្អែកយ៉ាងខ្លាំងលើសព្វាវុធរបស់រុស្ស៊ី និងមានទំនាក់ទំនងយោធាជាមួយរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណេះ សមាជិកប្រទេស Quad ដដែល មិនបានថ្កោលទោសរុស្ស៊ីចំពោះការឈ្លានពាន ឬកាត់ទឹកដីអ៊ុយក្រែននោះទេ ហើយថែមទាំងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីទៀតផង រួមទាំងបង្កើនការនាំចូលប្រេងពីក្រុងម៉ូស្គូ ដែលធ្វើឱ្យឥណ្ឌាបច្ចុប្បន្ន ក្លាយជាអតិថិជនប្រេងរុស្ស៊ីធំជាងគេទី២នៅលើពិភពលោក បន្ទាប់ពីចិន៕ ដោយ៖ ហួន ឌីណា