រយៈពេលប្រាំខែ ទូរស័ព្ទ អាយហ្វូន នាំចេញពីឥណ្ឌាមានទំហំ មួយប៊ីលានដុល្លារ

ឥណ្ឌា៖ ការនាំចេញទូរស័ព្ទ អាយហ្វូន(iPhone) ពីប្រទេសឥណ្ឌាមានទំហំទឹកប្រាក់រហូតដល់មួយប៊ីលានដុល្លារ សម្រាប់រយៈពេលប្រាំខែ គិតចាប់ពីខែមេសាមក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២។ ទំហំនៃការនាំចេញនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការដាក់ចិត្តវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ខណៈក្រុងញូវដែលីជំរុញការផលិតក្នុងស្រុក។

ប្រភពដដែលបញ្ជាក់ថា ការនាំចេញទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ដែលផលិតនៅក្នុងប្រទេសឥណ្ឌា ភាគច្រើនត្រូវបាននាំចេញទៅកាន់ទ្វីបអឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។ តាមគោលដៅ ក្រុមហ៊ុនគ្រោងនាំចេញផលិតផលដែលផលិតនៅឥណ្ឌាក្នុងរយៈពេល១២ខែ ក្នុងទំហំទឹកប្រាក់ ២,៥ប៊ីលានដុល្លារ ហើយនឹងសម្រេចបាននៅក្នុងខែមីនា ឆ្នាំ២០២៣។ ប្រសិនបើទំហំនៃការនាំចេញសម្រេចដូចការគ្រោងទុក នោះទំហំនេះកើនទ្វេដងធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បានចាប់ផ្តើមផលិតទូរស័ព្ទម៉ូដែល iPhone 13 នៅក្នុងប្រទេសឥណ្ឌាកាលពីដើមឆ្នាំ២០២២កន្លងទៅ។ ក្រុមហ៊ុននេះ ក៏បានប្រកាសកាលពីសប្តាហ៍មុនថានឹងបន្តផែនការរបស់ខ្លួនក្នុងការផលិត iPhone 14 ក្នុងប្រទេសឥណ្ឌា។ ចំពោះក្រុមហ៊ុនអាមេរិកមួយនេះ វាមិនមែនជារឿងថ្មីទេ ដោយកន្លងមក Apple ក៏ធ្លាប់បានផលិតទូរស័ព្ទ iPhone នៅក្នុងប្រទេសឥណ្ឌាដែរ។

គួរបញ្ជាក់ថាការប្រកាសបន្តផលិតទូរស័ព្ទ iPhone 14 នៅក្នុងប្រទេសឥណ្ឌា គឺធ្វើឡើងតែ៣សប្តាហ៍ប៉ុណ្ណោះ ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ ប្រកាសចេញទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួន។ ការណ៍នេះត្រូវបានគេចាត់ទុកថាជាចំណុចឈ្នះរបស់ប្រទេសឥណ្ឌា ខណៈប្រទេសនេះកំពុងតែប៉ុនប៉ងចាប់យកចំណែកទីផ្សារផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចសម្រាប់ទីផ្សារពិភពលោក។

សារព័ត៌មាន Bloomberg បានឲ្យដឹងថា ផលិតផលទូរស័ព្ទ iPhone ដែលនាំចេញពីប្រទេសឥណ្ឌា គិតរហូតមកដល់ចុងខែសីហា រួមមានទូរស័ព្ទ iPhone11 iPhone12 និង iPhone13។

សេចក្តីរាយការណ៍ខាងលើ បានកើតឡើងខណៈពេលដែលក្រុមហ៊ុន Apple កំពុងស្វែងរកការផ្លាស់ប្តូរលើផ្នែកខ្លះនៃផលិតកម្ម iPhone ពីប្រទេសចិនទៅកាន់ទីផ្សារផ្សេងទៀត។ ទីផ្សារទាំងនោះក៏រួមមានប្រទេសឥណ្ឌាដែរ។ ឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតទីពីរនៅក្នុងពិភពលោក។ ក្រុមហ៊ុននេះក៏គ្រោងនឹងដំឡើង iPad នៅក្នុងប្រទេសឥណ្ឌាដែរ។

ប្រទេសឥណ្ឌា ម៉ិកស៊ិក និងវៀតណាមបានក្លាយជាទីតាំងសំខាន់នៃរោងចក្រ ដែលផលិតគ្រឿងបង្គំសម្រាប់ក្រុមហ៊ុន Apple អាមេរិក។ ក្រុមហ៊ុននេះ កំពុងតែមានគោលដៅធ្វើពិពិធកម្មផលិតកម្មពីប្រទេសចិន ក្រោយពីប្រទេសនេះរងនូវការបិទខ្ទប់ដោយកូវីដ-១៩ និងភាពតានតឹងកើនឡើងជាបន្តបន្ទាប់រវាងវ៉ាស៊ីនតោន និងប៉េកាំង។

ក្រោយសេចក្តីរាយការណ៍នេះ ក្រុមហ៊ុន Apple មិនបានឆ្លើយតបបែបណានៅឡើយទេ ចំពោះសំណួររបស់សារព័ត៌មានរ៉យទ័រ៕ ដោយ៖ យ៉ាន អាន

ads banner