កម្ពុជា ចូលកាន់តំណែងជាប្រធានកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារអង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖កម្ពុជាបានចូលកាន់តំណែងជាប្រធានកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្ដីពីផែនការកម្មវិធីរបស់អង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)សំដៅការជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍តិចតួចលើវិស័យអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចដែលប្រព្រឹត្តទៅរយៈពេលប្រាំថ្ងៃ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កម្ពុជា បានស្នើឱ្យបន្តអនុវត្តប្រព័ន្ធពហុភាគីនិយម និងឯកសារលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃអង្គការUNCTAD ព្រមទាំងផែនការសកម្មភាពទីក្រុងដូហា។

នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាបានទទួលកាន់តំណែងជាប្រធានកិច្ចប្រជុំលើកទី៨៤ នៃក្រុមការងារស្តីពីផែនការកម្មវិធីនិងត្រួតពិនិត្យកម្មវិធី (84th Working Party on Programme Plan and Program Performance)នៃអង្គការសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាឯកឧត្តម ឡុង កែមវិចិត្រ។ កិច្ចប្រជុំនេះ ប្រព្រឹត្តធ្វើទៅចាប់ពីថ្ងៃទី៣ ដល់ ៧ ខែតុលា និងមានការចូលរួមពីលោកស្រី Rebeca Grynspan អគ្គលេខាធិការនៃ UNCTAD ព្រមទាំងប្រទេសជាសមាជិកអង្គការ UNCTAD ជាច្រើនទៀត។

ក្នុងកិច្ចចាប់ផ្តើមកម្មវិធីប្រជុំ ឯកឧត្តម ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃកម្ពុជានិងជាប្រធានកិច្ចប្រជុំ បានសម្តែងក្តីសោមនស្ស ចំពោះកិត្តិយសដែលកម្ពុជាបានធ្វើជាប្រធាន។ លោកសង្កត់ធ្ងន់ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងដំណើរការនៃស្ថាប័នអង្គការសហប្រជាជាតិ និងការកសាងពហុភាគីនិយម ព្រមទាំងការអនុវត្តសរសរស្ដម្ភទាំងបី នៃអង្គការUNCTAD រួមមាន ការស្រាវជ្រាវ និងវិភាគ ការកសាងកុងសង់ស៊ីស និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ នេះបើយោងតាមប្រភពពីក្រសួងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា អង្គការសន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) មានអាយុកាល ៥៨ឆ្នាំមកហើយ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៤ UNCTAD មានគោលដៅជំរុញឱ្យមានសមាហរណកម្មអភិវឌ្ឍន៍-មិត្តភាពនៃប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់សេដ្ឋកិច្ចពិភពលោក។អង្គការបានវិវត្តជាបណ្តើរៗទៅជាស្ថាប័នមួយដែលបង្កើតវេទិកាជជែកពិភាក្សាអំពីគោលនយោបាយ និងការគិតគូរលើកកិច្ចអភិវឌ្ឍន៍ ដោយផ្តោតជាពិសេសលើការធានាថាគោលនយោបាយក្នុងស្រុក និងសកម្មភាពអន្តរជាតិ។ សព្វថ្ងៃ UNCTAD មានសមាជិកសរុប ១៩៥ ប្រទេស និងបានអនុវត្តគម្រោងប្រមាណ ២០៤ គម្រោងក្នុងប្រទេសចំនួន៧០ ជាពិសេសសម្រាប់បណ្តាប្រទេសប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ទន្ទឹមនឹងនោះ ក្នុងកិច្ចប្រជុំ លោកគង់ សុខហេង អនុព័ន្ធពាណិជ្ជកម្មប្រចាំស្ថានបេសកកម្មកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍តំណាងកម្ពុជា ដោយបានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងដល់ដំណើរការងាររបស់អង្គការ UNCTAD ក្នុងកិច្ចខិតខំជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច។ លោកគូសបញ្ជាក់ថា បណ្តាប្រទេសទាំងនោះកំពុងជួបប្រទះនូវកង្វះខាតជាច្រើន តួយ៉ាងការប្រកួតប្រជែងនៅមានកម្រិត កង្វះខាតផលិតភាព និងការអភិវឌ្ឍសមត្ថភាព និងកម្រិតទាបនៃឧស្សាហភាវូបនីយកម្ម ដែលអង្គការអន្តរជាតិមួយនេះបានចូលរួមចំណែកជួយនិងគាំទ្រ។

លើសពីនេះ តំណាងកម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំ លោក គង់ សុខហេង បានលើកឡើងក្នុងជំនួបនេះដោយបានស្នើដល់អង្គការ UNCTAD ឲ្យយកកិច្ចព្រមព្រៀងទីក្រុង Bridgetown ដែលជាឯកសារលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃអង្គការ UNCTAD ព្រមទាំងផែនការសកម្មភាពទីក្រុងដូហាសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (DPOA) ២០២២-២០៣១ មកផ្សារភ្ជាប់ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន។

គួររំឭកផងដែរថា កាលពីឆ្នាំមុន ពោលគឺថ្ងៃទី៥ តុលា ឆ្នាំ២០២២ កម្ពុជាបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៥ នៃសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD 15) ជាកិច្ចប្រជុំថ្នាក់កំពូលរបស់អង្គការ UNCTAD ដែលធ្វើឡើងរយៈពេល ៤ ឆ្នាំម្ដង ដោយមានការចូលរួមពីសមាជិកអង្គការ UNCTAD ទាំងអស់ ១៩៥ ប្រទេស អង្គការអន្តរជាតិ និងតួអង្គដទៃទៀត ដើម្បីពិភាក្សា និងរកដំណោះស្រាយចំពោះការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍ។

កាលពីឆ្នាំមុនកម្ពុជាបានលើកឡើងពីប្រព័ន្ធពហុភាគីនិយមក្នុងការចូលរូមចំណែកជួយដល់បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងបញ្ហាប្រឈមនានាមានដូចជា វិសមភាពទទួលបានវ៉ាក់សំាងប្រឆាំងកូវីដ១៩ ការគំរាមកំហែងពីខាងក្រៅដោយទីផ្សារ និងផលិតផលនាំចេញរបស់ប្រទេសអភិវឌ្ឍន៍តិចតួច និងគម្លាតឌីជីថលរវាងប្រទេសអភិឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកម្ពុជាអំពាវនាវឲ្យ UNCTAD បន្តជួយ ដោះស្រាយ និងផ្ដល់ជំនួយសម្រាប់ពាណិជ្ជកម្មបន្ថែមទៀត៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner