ប៉ូឡូញ ទាមទារសំណង១,៣ពាន់ពាន់លានដុល្លារ សម្រាប់ផលប៉ះពាល់សង្គ្រាមពីអាល្លឺម៉ង់

ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានដាក់សំណើទាមទារសំណងខូចខាតដោយសង្គ្រាមលោកលើកទី២ ពីប្រទេសអាល្លឺម៉ង់ក្នុងទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារ។ សំណើរចុះហត្ថលេខាកំណត់ការខូចខាតពីសង្គ្រាមបង្កឡើងដោយរបបណាហ្ស៊ីនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កំពុងត្រៀមដាក់ទៅប្រមុខទូតអាល្លឺម៉ង់។

រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ លោក Zbigniew Rau នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានអះអាងថា រដ្ឋាភិបាលប៉ូឡូញ ទើបបានចុះហត្ថលេខាសម្រេចសំណើទារប្រាក់សំណងខូចខាតដោយសង្គ្រាមពីប្រទេសអាល្លឺម៉ង់ ក្រោយមានការសិក្សាពីគណៈកម្មាធិការសភាប៉ូឡូញ។ សំណើនោះនឹងត្រូវបញ្ជូនទៅរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ជាផ្លូវការ ក្នុងពេលដ៏ឆាប់ៗនេះ។ តាមលោក Zbigniew Rau សំណើនេះក៏នឹងត្រូវលើកឡើងនៅក្នុងអំឡុងទស្សនៈកិច្ចរបស់លោកស្រី Annalena Baerbock រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ នៅទីក្រុង Warsaw ប្រទេសប៉ូឡូញ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ដែរ។

តាមការរបញ្ជាក់របស់លោក Zbigniew Rau ប្រាក់ទូទាត់សំណងទាំងនោះ នឹងយកទៅប្រើប្រាស់នៅក្នុងបណ្ណសារសិល្បៈបែបប្រវត្តិសាស្ត្រសង្គ្រាម។ ដោយឡែក រដ្ឋាភិបាលអាល្លឺម៉ង់ ក៏ត្រូវបង្ហាញពីការពិតនិងពីមហន្តរាយនៃសង្គ្រាមនៅប៉ូឡូញទៅកាន់ប្រជាជនអាល្លឺម៉ង់ផងដែរ។ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា សកម្មភាពនោះ នឹងអាចស្តារទំនាក់ទំនងប្រទេសទាំងពីរ និងក៏អាចបិទបញ្ចប់ទំព័រអតីតកាលដ៏សែនជូរចត់របស់ប្រជាជនប៉ូឡូញទាំងមូល។

លោក Zbigniew Rau ថា ដល់ពេលហើយដែលអាល្លឺម៉ង់ត្រូវចេញមុខទទួលខុសត្រូវ ដោយគ្មានការពន្យារពេល ចំពោះវិបត្តិបង្កដោយក្រុមណាហ្ស៊ី អំឡុងសង្គ្រាមលោកលើកទី២ ដែលបានកើតឡើងពីឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥នោះ។

ចំពោះអ្នកប្រវត្តិសាស្ត្រប៉ូឡូញមួយចំនួន និងអ្នកជំនាញផ្សេងទៀត បានចោទប្រកាន់រដ្ឋាភិបាលបែបស្តាំនិយមរបស់ប៉ូឡូញថា បានប្រើប្រាស់ប្រវត្តិជូរចត់ក្នុងសម័យសង្គ្រាម ដើម្បីបញ្ឆេះគំនិតជាតិនិយម សម្រាប់ទាក់ទាញការបោះឆ្នោតនៅឆ្នាំក្រោយ។

ជុំវិញផលប៉ះពាល់នៃសង្គ្រាមនេះដែរ រដ្ឋាភិបាលអាល្លឺម៉ង់ធ្លាប់បានអះអាងថា ការទទួលខុសត្រូវរបស់ខ្លួនចំពោះសង្ក្រាមលោក បង្កដោយរបបណាហ្ស៊ីនោះ បានដោះស្រាយចប់សព្វគ្រប់តាំងពីឆ្នាំ១៩៥៣ម្ល៉េះ។

សូមរំព្ញកដែរថា រដ្ឋាភិបាលប៉ូឡូញក្នុងឆ្នាំ១៩៧០ និងឆ្នាំ២០០៤ មិនបានបង្ហាញចេតនាទារសំណងពីអាល្លឺម៉ង់នោះទេ ដោយសារទទួលសម្ពាធពីអតីតសហភាពសូវៀត ព្រោះថាកាលនោះប៉ូឡូញជាសមាជិកក្រុមកុម្មុយនិស្ត។

សង្រ្គាមលោកលើកទី២ដែលបានបញ្ចប់នៅឆ្នាំ១៩៤៥ ត្រូវបានគេចាត់ទុកថាជាសង្រ្គាមដែលបានសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ដោយក្នុងចំណោមនោះ មានប្រជាជនប៉ូឡូញប្រមាណ ៦លាននាក់រួមទាំងជនជាតិដើមយូដាបីលាននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម៕ ដោយ៖ បណ្តូល ពេជ្រ

ads banner