ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី

ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក Simon Stuart មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ នេះក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនិងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិ (Land Forces International Land Defence Exposition) នៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន ប្រទេសអូស្រ្តាលី។

ប្រភពព័ត៌មានពីមន្រ្តីក្រុមការងារបានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនអូស្រ្តាលីដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជាជាពិសេសក្នុងដំណាក់កាលស្វែងរកសន្តិភាពនិងការកសាងប្រទេសកម្ពុជាឡើងវិញ។ ក្នុងកិច្ចពិភាក្សានេះដែរឯកឧត្តមបានផ្តួចផ្តើមគំនិតឱ្យបង្កើនទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរថែមមួយកម្រិតទៀត។

ជាការឆ្លើយតបឧត្តមសេនីយ៍ឯក Simon Stuart បានឯកភាពចំពោះគោលគំនិតនិងសំណើរបស់កងទ័ពជើងគោកកម្ពុជាដោយបានបញ្ជាក់ថាភាគីទាំងពីរអាចពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ (HADR) បន្ថែមទៀតនៅពេលអនាគត។

ក្នុងឱកាសនេះដែរមេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលីក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យឯកឧត្តម ហ៊ុន ម៉ាណែតចែករំលែក អំពីបទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះហើយដែលតាមរយៈនេះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានធ្វើការចែករំលែកអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិក៏ដូចជាការចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះជាពិសេសក្រោមការដឹកនាំដោយផ្ទាល់និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕ដោយៈ ពលជ័យ

ads banner