នាយករដ្ឋមន្ត្រីកម្ពុជា-គុយបា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា មានទាំងលើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យដទៃទៀត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានធ្វើការឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងនោះមានទាំងវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យដទៃទៀត ។ នេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានប្រាប់អ្នកយកព័ត៌មាននៅក្រោយជំនួបពិភាក្សាការងារទ្វេរភាគីរវាងនាយករដ្ឋមន្ត្រីទាំង២ នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ។

សូមជម្រាបថា បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោងជាង ១រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ និងបានអញ្ជើញមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយគ្នា ។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម នាយករដ្ឋមន្ត្រីគុយបា បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក ទាក់ទងនឹងបញ្ហាតំបន់ផង និងបញ្ហាពិភពលោកផង។ លើសពីនោះទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា បានគោរពសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដីជាទីបំផុតសម្រាប់ឯកឧត្តម និងប្រតិភូមកកាន់កម្ពុជា ។

ឯកឧត្តម ម៉ានូអែល គោរពជម្រាបជូនសម្ដេចតេជោ អំពីស្ថានភាពទូទៅនៅប្រទេសគុយបា ដែលរួមមាន៖ ស្ថានភាព និងការគ្រប់គ្រងជម្ងឺកូវីដ19, ស្ថានភាពនៃការគ្រប់គ្រងសេដ្ឋកិច្ចនៅប្រទេសគុយបា ។

ឯកឧត្តម ម៉ានូអែល ក៏បានសំដែងនៅឆន្ទៈ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង នោះគឺឈរលើមូលដ្ឋាន នៃទំនាក់ទំនងដែលមានស្រាប់, ជំរុញការអនុវត្តនូវរាល់អនុស្សារណៈទាំងឡាយណា ដែលបានចុះហត្ថលេខាហើយ ក្នុងនោះរួមមានទាំងវិស័យអប់រំ វិស័យសុខាភិបាល វិស័យវប្បធម៌ និងវិស័យដទៃទៀត ។ ក្នុងជំនួបនេះឯកឧត្តមនាយករដ្ឋមន្ត្រីគុយបា ក៏បានអរគុណកម្ពុជាដែលបានផ្ដល់អង្ករចំនួន ៦ពាន់តោនមកដល់ប្រទេសគុយបាផងដែរ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះអ្វីដែលបានលើកឡើងដោយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ហើយសម្ដេច ក៏បានលើកឡើងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងភាពជោគជ័យដែលប្រទេសគុយបា បានទទួល នោះគឺការស្រាវជ្រាវលើវិស័យសុខាភិបាល, ការផលិតបាននូវវ៉ាក់សាំង សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ covid 19 ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឱ្យគុយបា ពិនិត្យពិចារណា ជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យសុខាភិបាលនេះ និងវិស័យដទៃទៀតដែលជារួមមាន៖ វិស័យកីឡា វិស័យវិនិយោគ និងវិស័យព័ត៌មានជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះរដ្ឋាភិបាល និងប្រជាជនគុយបា ដែលកន្លងមក បានជួយដល់កម្ពុជា ជាពិសេស នៅពេលដែលកម្ពុជា បានទទួលនូវផលលំបាកជាខ្លាំងបំផុត គឺនៅពេលដែលកម្ពុជា ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានផ្ដល់នូវការឧបត្ថម្ភលើវិស័យសុខាភិបាល និងវិស័យដទៃទៀត ដល់កម្ពុជា ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner