កម្ពុជា-គុយបា ចុះហត្ថលេខាលើឯកសារចំនួន២ ទាក់ទងនឹងវិស័យវប្បធម៌ និងកីឡា នៃប្រទេសទាំងពីរ
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ជំនួបពិភាក្សាទ្វេភាគីរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន ២ រួមមាន ៖
ឯកសារទី១- ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង ឯកឧត្តម Osvaldo Vento Montiller ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គុយបា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការវិស័យវប្បធម៌រាងកាយ និងកីឡា រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គុយបា។
ឯកសារទី២- ឯកឧត្តម Rodrigo Malmierca Díaz រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិនិយោគបរទេស គុយបា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌គុយបា សំរាប់រយៈពេលពីឆ្នាំ ២០២២-២០២៧ ។
សូមបញ្ជាក់ថា ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០៤ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ទស្សនកិច្ចលើករបស់នាយករដ្ឋមន្ត្រីគុយបា មកកាន់កម្ពុជាធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទស្សនកិច្ចនេះ ធ្វើឡើងប្រមាណ ២សប្តាហ៍ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបា កាលពីថ្ងៃ ទី២៤ និង ២៥ ខែកញ្ញា ឆ្នាំ២០២២ និងបានចុះហត្ថលេខាលើអនុស្សារណៈចំនួន៣ រួមមាន៖ អនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា និងគុយបា, អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសការបរទេសកម្ពុជា និងវិទ្យាស្ថានជាន់ខ្ពស់សម្រាប់ទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសគុយបា, គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសគុយបា ៕ ដោយ វណ្ណលុក