«ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង»

(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ បញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងនៅថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ និងមានការចូលរួមពីថ្នាក់ដឹកនាំស្ត្រីនៃអគ្គនាយកដ្ឋានទាំងបី វិទ្យាស្ថានជាតិទេសចរណ៍ នាយកដ្ឋាននានាចំណុះក្រសួងទេសចរណ៍ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងមន្ត្រីជំនាញជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថាស្ត្រីបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា ជា «គោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្ដៅ ស្អាត និងបៃតង» តាមរយៈសកម្មភាពរដ្ឋបាល សេវាកម្ម អាជីវកម្ម និងការធ្វើបដិសណ្ឋារកិច្ចរបស់ស្ត្រី។ ផ្តើមពីតួនាទីដ៏មានសារ:សំខាន់របស់ស្ត្រី ក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្ដានុពល និងជាភាគីពាក់ព័ន្ធមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។

នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅក្នុងពិភពលោកបាននិងកំពុងប្រឈមផលប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពទេសចរណ៍ និងការប្រកបអាជីវកម្មទេសចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់ការងាររបស់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ក្នុងនោះមានទាំងស្ត្រីផងដែរ ជាកត្តានាំឱ្យមានការបង្អាក់ដល់ខ្សែចង្វាក់សេដ្ឋកិច្ចកម្ពុជាក៏ដូចជាការអភិវឌ្ឍនៃវិស័យទេសចរណ៍កម្ពុជា។ ប៉ុន្តែជាភ័ព្វសំណាងរបស់កម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើមបានគិតគូរស្វែងរកវ៉ាក់សាំងជាបន្តបន្ទាប់ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យកម្ពុជាឈានដល់ការបង្កើតភាពសាំនៅក្នុងសហគមន៍ និងឈានដល់ការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឡើងវិញតាមគន្លងប្រក្រតីភាពថ្មីរហូតឈានដល់ការទទួលចំណាត់ថ្នាក់ជាប្រទេសដែលអាចបើកសកម្មភាពសេដ្ឋកិច្ច សង្គមលឿនជាងគេ និងជាប្រទេសដែលមានសុវត្ថិភាពសម្រាប់ការទស្សនាទេសចរណ៍ផងដែរ។

វិស័យទេសចរណ៍ត្រូវបានបើកដំណើរការឡើងវិញ លំហូរទេសចរណ៍ក៏ចាប់ផ្ដើមមានកំណើនឡើងវិញជាបន្តបន្ទាប់។ ដោយឡែកនៅលើជ្រុងនៃការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងឆ្នាំ២០២២នេះ គិតត្រឹមរយៈពេល ០៩ខែដើមឆ្នាំ ក្រសួងទេសចរណ៍សម្រេចបានវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ដូចជា៖ បានអនុវត្តកម្មវិធីពង្រឹងសមត្ថភាពស្រ្តី និងអ្នកពាក់ព័ន្ធតាមរយៈវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងកិច្ចប្រជុំនានាបានចំនួន ១១លើក ដែលមានអ្នកចូលរួមសរុបចំនួន ៨១៣នាក់ ក្នុងនោះស្ត្រី ៦៥៣នាក់។ ទន្ទឹមនេះ ស្ត្រីក្នុងវិស័យទេសចរណ៍បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទីក្រុងស្អាត ការថែរក្សាអនាម័យ សោភ័ណភាព និងពង្រឹងគុណភាពផលិតផល ក៏ដូចជាសេវាកម្មក្នុងវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។ នៅក្នុងសកម្មភាពទីក្រុងស្អាតស្ត្រីមានការពាក់ព័ន្ធជាសារវន្ត ដោយសារស្ត្រីភាគច្រើនជាអ្នកបម្រើការផ្ទាល់នៅនឹងកន្លែងបន្ទប់ទឹក បង្គន់សាធារណ: ផ្ទះបាយ ឬកន្លែងចម្អិនម្ហូបអាហារ ស្ត្រីជាអ្នកដើរផ្សារ ជាមេផ្ទះ ជាអ្នកបោសជូតសម្អាត និងជាអ្នកអប់រំកូនចៅនៅក្នុងគ្រួសារ ដែលការងារទាំងនេះជះឥទ្ធិពលទៅនឹងបរិស្ថាន អនាម័យទីក្រុងស្អាត តាមរយ:ការវេចខ្ចប់ទុកដាក់សំរាម ការប្រើប្រាស់ថង់ប្លាស្ទីក និងផលិតផលក្នុងស្រុក។

ស្ត្រីក៏បានចូលរួមក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្តារនិងលើកស្ទួយវិស័យ ទេសចរណ៍ (២០២០-២០២៥) ព្រមជាមួយការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាក្នុងវិស័យទេសចរណ៍ (SOP) ដើម្បីដំណើរការទេសចរណ៍ និងពង្រឹងគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង។ ក្នុងន័យនេះស្រ្តីភាគច្រើនក៏បាននិងកំពុងបន្តការងារតាមបែបគន្លងថ្មី ហើយបានចូលរួមអនុវត្តយ៉ាងសកម្មនិងត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួង ទាំងក្នុងវិស័យរដ្ឋនិងឯកជន ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ក្នុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានអនុញ្ញាតឱ្យមន្ទីរទេសចរណ៍ខេត្តមួយចំនួនធ្វើការចែករំលែកអំពីបទពិសោធន៍នៃការអនុវត្តការងាររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈម សំដៅដាក់ចេញនូវវិធានដំណោះស្រាយរួម ជាមួយផែនការអនុវត្តបន្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ ដើម្បីពង្រឹង-ពង្រីកសកម្មភាព និងសមត្ថភាពរបស់ស្ត្រីនៅក្នុងវិស័យមាសបៃតងមួយនេះឱ្យកាន់តែប្រសើរឡើង និងដើម្បីស្វែងរកឱកាសឈានទៅសម្រេចវឌ្ឍនភាពថ្មីៗជូនក្រសួង ក៏ដូចជារាជរដ្ឋាភិបាល៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner