ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រាលី (Video Inside)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតកំពុងបំពេញ ទស្សនកិច្ចការងារក្នុងប្រទេសអូស្ត្រាលី និងបានជួបពិភាក្សាជាមួយសមភាគីអូស្ត្រាលី លោក សាយមឹន ស្ទួត (Simon Stuart)។ មន្ត្រីកងទ័ពជើងគោកកម្ពុជាបានថ្លែងថាជំនួបរវាងមេបញ្ជា ការកងទ័ពជើងគោកទាំង២ប្រទេស បានធ្វើឡើងនៅថ្ងៃទី៤តុលាឆ្នាំ២០២២ ក្នុងឱកាសនៃ ដំណើរបំពេញទស្សនកិច្ច និងចូលរួមពិព័រណ៍ការពារដែនគោកអន្តរជាតិនៅទីក្រុងប្រ៊ីសបិន នៃរដ្ឋឃ្វីនលែន នៃប្រទេសអូស្រ្តាលី។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងជំនួបនោះបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលតែងជួយឧបត្ថម្ភគាំទ្រប្រទេសកម្ពុជា ជាពិសេសក្នុងដំណាក់កាល ស្វែងរកសន្តិភាព និងការកសាងប្រទេសកម្ពុជាឡើងវិញ។ ក្នុងកិច្ចពិភាក្សាដដែលនេះផងដែរ លោកឧត្តមសេនីយ៍ហ៊ុនម៉ាណែត បានផ្តួចផ្តើមគំនិតឱ្យ បង្កើនទំនាក់ទំនងរវាងកងទ័ពជើង គោកទាំងពីរថែមមួយកម្រិតទៀត។
ឧត្តមសេនីយ៍ឯកសាយមឹន ស្ទួត Simon Stuart ក្នុងប្រសាសន៍ឆ្លើយតប បានឯកភាពចំពោះ គោលគំនិត និងសំណើរបស់កងទ័ពជើងគោកកម្ពុជា ដោយបានបញ្ជាក់ថា ភាគីទាំងពីរអាច ពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការលើការងារជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះ មហន្តរាយ ហៅកាត់ថា HADR បន្ថែមទៀតនៅពេលអនាគត។
មេបញ្ជាការកងទ័ពជើងគោកអូស្ត្រាលី បានថ្លែងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានស្នើសុំឱ្យលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ចែករំលែកអំពីបទពិសោធន៍ពាក់ព័ន្ធនឹងការទប់ស្កាត់ និងការគ្រប់គ្រងការរាតត្បាតនៃជំងឺនេះ ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តាមរយៈនេះ បានធ្វើការចែករំលែកអំពីវិធានការ នានាដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទាំងនៅក្នុងយន្តការថ្នាក់ជាតិ ក៏ដូចជាការ ចូលរួមរបស់កងទ័ពនៅក្នុងបេសកកម្មដ៏សំខាន់បំផុតនេះ ជាពិសេសក្រោមការដឹកនាំដោយ ផ្ទាល់ និងដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា។