ផ្ទះពលរដ្ឋ៥១៣ខ្នង នៅខេត្តកំពត រងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់ (Video Inside)
ផ្ទះពលរដ្ឋចំនួន៥១៣គ្រួសារ នៅខេត្តកំពត បានរងការខូចខាតដោយបាតុភូតខ្យល់កន្ត្រាក់។ យោងតាមអភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន ការរងគ្រោះនឹងបាតុភូតធម្មជាតិនេះ បានកើតឡើងតាំងពីល្ងាចថ្ងៃទី៣តុលា ដោយភ្លៀងនិងខ្យល់កន្ត្រាក់ បានបោកបក់មកលើឃុំ ចំនួន៣ នៃស្រុកទឹកឈូ រួមមាន ឃុំត្រពាំងព្រីង ,ឃុំកណ្តោល និងឃុំត្រពាំងសង្កែ។ គ្រោះ ធម្មជាតិនេះ បានបណ្តាលឱ្យខូចខាតផលដំណាំ និងផ្ទះសំបែងប្រជាពលរដ្ឋសរុប៥១៣ គ្រួសារ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន ៩គ្រួសារ ត្រូវបានដួលរលំទាំងស្រុង ប៉ុន្តែមិនមាន ការបង្កឱ្យពលរដ្ឋណាម្នាក់រងការបាត់បង់ជីវិត ឬរងរបួសនោះឡើយ។
អភិបាលខេត្តកំពត លោក ម៉ៅ ធនិន ត្រូវគេរាយការណ៍ថា លោកបាននាំយកនូវជំនួយស្បៀង ចែកជួនពលរដ្ឋដែលរងគ្រោះដោយមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១០ កំប៉ុង, ទឹកត្រី ១យួរ, មី ១កេះ និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ២យួរ, សង្កសី១០០សន្លឹក និងថវិកាចំនួន ២លានរៀល។