ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់ខ្លាំង បណ្ដាលឱ្យដើមឈើចំនួន ០៦ដើម បាក់រៀបដល់ដី និងសង្កត់លើឡំប្រឺតាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ ០៧ និង៣០នាទីយប់ ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ មានភ្លៀងធ្លាក់មួយមេធំលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឲ្យដើមឈើចំនួន ០៦ដើមដែលដាំអមសង្ខាងផ្លូវព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានបាក់រៀបដល់ដី ព្រមទាំងសង្កត់ឡំប្រឺតាមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ម្ចាស់ឡំប្រឺតារងរបួសស្រាល ស្ថិតនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តវិហារឃួន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ម្ចាស់ឡំប្រឺតាមានឈ្មោះ ហេង គឹមសាធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅទីរួមខេត្តកំពង់ឆ្នាំង បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខកំពង់ឆ្នាំង1J.9327 ។

តាមសម្ដីរៀបរាប់របស់ម្ចាស់ឡំប្រឺតា បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បើកឡំប្រឺតា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចមកកើត ក្នុងល្បឿនយឺតៗ ខណៈមេឃកំពុងភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះផងនោះ ស្រាប់តែមានដើមឈើចំនួន ០៦ដើមបានបាក់រៀបដល់ដី ក្នុងនោះមានដើមឈើមួយដើមបានបាក់ សង្កត់លើឡំប្រឺតារបស់គាត់ បណ្ដាលឲ្យគាត់ត្រូវក្បាល ពកបន្តិចបន្តួច ចំណែកឯឡំប្រឺតាវិញគឺរងការខូចខាតផ្នែកខាងលើយ៉ាងដំណំ។

ក្រោយពីកើតហេតុ ម្ចាស់ឡំប្រឺតាបានសំណូមពរដល់សាលារាជធានីភ្នំពេញ មេត្តាជួយដោះស្រាយ នូវការខូចខាត ឡំប្រឺតារបស់គាត់ផង ពីព្រោះឡំប្រឺតារបស់គាត់បង់រំលស់នៅពីរឆ្នាំទៀត ទើបបានដាច់ ដោយរូបគាត់ខ្វះខាតថវិកា ក្នុងការជួសជុល ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner