ឆេះរថយន្តសាមយ៉ុងដឹកតុ កៅអី យ៉ាងសន្ធោសន្ធៅ រួចរាលដាលដល់រថយន្ត១គ្រឿងទៀតខូចខាតជិតពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលជាខ្លាំង
ភ្នំពេញ ៖ ករណីអគ្គិភ័យមួយបានឆាបឆេះរថយន្តសាមយ៉ុងដែលកំពុងដឹកតុ កៅអី តាមដងផ្លូវយ៉ាងសន្ធោសន្ធៅ និងរាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀតនៅក្បែរគ្នា បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ២៦៥ ត្រង់ចំណុចជិតផ្សារសំណង់១២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីអ្នកបើករថយន្តរងគ្រោះបានឲ្យដឹងថា ពួកគាត់មានគ្នាបីបានបើករថយន្តសាមយ៉ុង ពណ៌ស មួយគ្រឿងដឹកតុនិងកៅអីពេញរថយន្ត ចេញពីខេត្តតាកែវ យកមកឲ្យម៉ូយនៅរាជធានីភ្នំពេញ។ ខណៈមកដល់ចំណុចកើតហេតុ កំពុងបើកបរសុខៗស្រាប់តែឆាបឆេះចេញពីខាងក្រោមរថយន្តយ៉ាងខ្លាំង ភ្លាមៗពួកគាត់ទាំងបីនាក់បានឈប់រថយន្តហើយយកទឹកសុទ្ធបួនដប់ដបមកចាក់ពន្លត់ដែរតែមិនរលត់ និងឆេះកាន់ខ្លាំងឡើងៗ ដោយពួកគាត់មិនដឹងរកអ្នកណាឲ្យជួយព្រោះយប់ស្ងាត់ ទើបគាត់រត់ចេញពីរថយន្តស្រែកឲ្យគេជួយ ភ្លាមៗផ្អើលដល់ប្រជាពរដ្ឋបានរាយការណ៍ដល់សមត្ថកិច្ចចេញរថយន្តអគ្គិភ័យពន្លត់មួយគ្រឿងមកបាញ់ពន្លត់ ខណៈកំពុងតែបាញ់មិនទាន់រលត់ផងក៍រាលដាលដល់រថយន្តកូរ៉ូឡាមួយគ្រឿងទៀត បណ្ដាលឲ្យឆេះអស់ប្រហែល៥០% ចំណែករថយន្តសាមយ៉ុងឆេះម៉ត់ទាំងតុនិងកៅអី ទើបបាញ់រលត់ទៅវិញ។
ករណីគ្រោះអគ្គិភ័យនេះ កម្លាំងការិយាល័យបង្ការ សង្គ្រោះអគ្គិភ័យបានប្រើប្រាស់រថយន្តអគ្គិភ័យចំនួន ០៦គ្រឿងទើបបាញ់រលត់ទាំងស្រុង។ ហើយរាល់ការខូចខាតតុ កៅអី រួមទាំងរថយន្ត អស់ខ្ទង់រាប់ម៉ឺនដុល្លារ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ៕ ដោយ ៖ ជីម ភារ៉ា