ចិនព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរ និងសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើអ៊ុយក្រែនចូលជាសមាជិកណាតូ
ប៉េកាំង៖ ប្រទេសចិនបានព្រមានសហរដ្ឋអាមេរិកថា ខ្លួនអាចប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ រួមទាំងការរំពឹងទុកនៃសង្រ្គាមនុយក្លេអ៊ែរផងដែរ ប្រសិនបើអនុញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ដោយទាញសម្ព័ន្ធមិត្តដែលមានសមាជិក ៣០ប្រទេស ចូលទៅក្នុងជម្លោះជាមួយរុស្ស៊ី។
នៅក្នុងវិចារណកថាកាលពីថ្ងៃអាទិត្យនៅក្នុងកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសចិន ទីក្រុងប៉េកាំងបានព្រមានថា ការអនុញ្ញាតឱ្យអ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធភាព ដូចដែលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំថ្មីៗនេះ នឹងនាំឱ្យមានការកើនឡើងដែលមិនអាចជៀសរួច នៅក្នុងជម្លោះដែលជំរុញឱ្យមានការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងលោកខាងលិច។
ចំណែកទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលលីវ៉ាន ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានកាលពីសប្តាហ៍មុនដែរថា អង្គការណាតូគួរតែពន្យារពេលកិច្ចពិភាក្សា ស្តីពីការអនុញ្ញាតឱ្យអ៊ុយក្រែនចូលទៅក្នុងសម្ព័ន្ធភាព ខណៈដែលកាសែតចិនខាងលើនេះបានព្រមានថា បណ្តាប្រទេសអឺរ៉ុបទាំងអស់ នឹងមានភាពតក់ស្លុតក្រោមស្រមោលនៃសង្រ្គាមនុយក្លេអ៊ែរដែលអាចកើតមាន ប្រសិនបើវាកើតឡើង។ ហើយបានអំពាវនាវឱ្យសម្ព័ន្ធភាពលោកខាងលិច ដកខ្លួនចេញពីការជាប់ពាក់ព័ន្ធជាយូរមកហើយរបស់ខ្លួននៅអឺរ៉ុបខាងកើត។
វិចារណកថានេះកើតឡើងចំពេលដែលមានការអត្ថាធិប្បាយជាបន្តបន្ទាប់ដោយសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់រុស្ស៊ី ដូចជាឥណ្ឌា និងសាធារណរដ្ឋឆេឆេន ដែលបង្ហាញពីការយល់ច្រឡំចំពោះសង្គ្រាម ឬការរំពឹងទុកនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងជម្លោះ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក ពូទីន បានទទួលស្គាល់ជាសាធារណៈថា ប្រទេសចិនខ្លួនឯងបានសម្តែងការព្រួយបារម្ភខ្លះៗចំពោះទិសដៅនៃសង្រ្គាម ខណៈដែលប្រទេសទាំងពីរបានស្វែងរកការតម្រឹមខ្លួនឯងថា ជាមហាអំណាចទៅកាន់លោកខាងលិច៕ ប្រភព៖ Newsweek ប្រែសម្រួល៖ ទីណា និងបុត្រា