ប្រជាពលរដ្ឋរស់នៅភូមិចំនួនបីក្នុងឃុំដីឥដ្ឋ ទទួលបាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ

កណ្តាល៖ មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និង សុរិយោដី ខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ភាពជឿជាក់ ដែលអាចទទួលយកបាន ពិសេសត្រូវខិតខំសម្រួលដល់ ប្រជាពលរដ្ឋ រាល់សេវាក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើង បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួនបីភូមិ នៅភូមិស្ដៅ កន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នៅបរិវេណវត្តស្ដៅកន្លែង កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធជូន បងប្អូន ប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្ត ទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិន ប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ ពេលនេះ រដ្ឋបាលខេត្តបានធ្វើការចែកប័ណ្ណជូនប្រជាពលរដ្ឋ សរុបចំនួន ១៧៣ លើកស្មើ នឹង២៤៤.៦៩៣ប័ណ្ណ ហើយ ថ្ងៃនេះគឺជាលើកទី១៧៤នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ជូនប្រជាពលរដ្ឋមកពីក្នុងភូមិស្ដៅកន្លែង៣ ភូមិស្ដៅកន្លែង៤ និងភូមិស្ដៅកន្លែង៥ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ សរុបចំនួន ១.៦៤២ប័ណ្ណ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner