យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ ក្នុងហេតុការណ៍បាញ់ប្រហារមួយនៅភាគឦសាននៃប្រទេសថៃ

បាងកក៖ អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣១ នាក់បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ទី០៦ ខែតុលានេះ នៅក្នុងហេតុការណ៍បាញ់ប្រហារដ៏ធំមួយនៅឯមជ្ឈមណ្ឌលថែទាំកុមារ ក្នុងខេត្តភាគឦសាននៃប្រទេសថៃ។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមជនរងគ្រោះខាងលើនេះ រួមមានទាំងកុមារ និងមនុស្សពេញវ័យ ហើយថា ខ្មាន់កាំភ្លើង គឺជាអតីតមន្ត្រីប៉ូលីស ហើយការតាមប្រមាញ់ជនសង្ស័យកំពុងដំណើរការ។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា នាយករដ្ឋមន្ត្រីថៃបានជូនដំណឹងដល់ភ្នាក់ងារទាំងអស់ឱ្យចាត់វិធានការ និងតាមចាប់ខ្លួនជនល្មើសជាបន្ទាន់។

អត្រានៃការកាន់កាប់កាំភ្លើងនៅក្នុងប្រទេសថៃគឺខ្ពស់ បើធៀបនឹងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ ប៉ុន្តែតួលេខផ្លូវការមិនរាប់បញ្ចូលអាវុធខុសច្បាប់ដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ ដែលភាគច្រើនត្រូវបាននាំយកឆ្លងកាត់ព្រំដែនដ៏ផុយស្រួយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពីប្រទេសជិតខាងដែលមានជម្លោះ។

គួរបញ្ជាក់ថា ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺកម្រកើតមានណាស់ ប៉ុន្តែនៅឆ្នាំ ២០២០ ទាហានថៃម្នាក់បានខឹងសម្បារចំពោះកិច្ចព្រមព្រៀងអចលនទ្រព្យដ៏ជូរចត់ ហើយឈានដល់ការសម្លាប់មនុស្សយ៉ាងតិច ២៩នាក់ និងរបួស ៥៧ នាក់នៅក្នុងការបាញ់ប្រហារដែលលាតសន្ធឹងលើទីតាំងចំនួន ៤កន្លែងផ្សេងគ្នា៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner