លោក ពូទីន អះអាងថារោងចក្រនុយក្លេអ៊ែរអ៊ុយក្រែនគឺជារបស់រុស្ស៊ី ប៉ុន្តែក្រុងកៀវច្រានចោល

អ៊ុយក្រែន៖ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធទី ៥ ខែតុលា បានបញ្ជាឱ្យរដ្ឋាភិបាលរបស់លោកគ្រប់គ្រងរោងចក្រ ថាម ពលនុយក្លេអ៊ែរហ្សាប៊ូរីចារបស់អ៊ុយក្រែន ប៉ុន្តែប្រធានទីភ្នាក់ងារ ថាមពលរដ្ឋអ៊ុយក្រែន បានប្រកាសថាលោកកំពុងកាន់កាប់កិច្ចការ រោងចក្រនេះ។

រោងចក្រហ្សាប៊ូរីចា ស្ថិតនៅក្នុងតំបន់ហ្សាប៊ូរីចា ដែលជាតំបន់មួយ ក្នុងចំណោម៤ ដែលរុស្ស៊ីទើបកាត់ពីអ៊ុយក្រែន ក្រោមការធ្វើប្រជា មតិ ខុសច្បាប់អន្តរជាតិ ដែលលោកខាងលិចថ្កោលទោស យ៉ាងដាច់ អហង្ការ។ ជុំវិញរឿងចម្រូងចម្រាសនៅរោងចក្រនុយក្លេអ៊ែរនេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានដកស្រង់សំដីអនុរដ្ឋមន្ត្រីការ បរទេសលោក Sergei Vershinin ដែលអះអាងថា៖ «រោងចក្រ នុយ ក្លេអ៊ែរហ្សាប៉ូរីចា ឥឡូវនេះ ស្ថិតនៅលើទឹកដីនៃសហព័ន្ធរុស្ស៊ី។ ដូច្នេះ វាគួរតែស្ថិតនៅក្រោមដំណើរការត្រួតពិនិត្យរបស់ភ្នាក់ងារ ពាក់ព័ន្ធរបស់យើង»។

ក្រោយការអះអាងនេះ លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលកំណត់ ZNPP ថាជាទ្រព្យសម្បត្តិរបស់សហព័ន្ធរុស្ស៊ី។
ប្រតិបត្តិករថាមពលនុយក្លេអ៊ែររុស្ស៊ី Rosenergoatom បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងធ្វើការវាយតម្លៃអំពី របៀបជួសជុលការខូចខាត និងផ្ទេរបុគ្គលិកអ៊ុយក្រែនដែលមាន ស្រាប់ទាំងអស់ទៅឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពថ្មី ដែលរុស្ស៊ីទើបបង្កើតឡើងដើម្បីធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពរបស់រោងចក្រ និងសកម្មភាពវិជ្ជាជីវៈរបស់បុគ្គលិក។
ទោះជាបែបនេះក្ដី ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានលើកឡើងថា សកម្មភាពរបស់លោក ពូទីន ទាមទារឱ្យមានការឆ្លើយតបជាបន្ទាន់។ លោក Podolyak បានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលនុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom និងទាមទារឱ្យបញ្ឈប់រាល់ ការសាងសង់រោងចក្រនុយក្លេអ៊ែរជាមួយ Rosatom ហើយ បដិសេធ រាល់ភាពជាដៃគូនុយក្លេអ៊ែរជាមួយរុស្ស៊ី។

ចំណែកប្រធានក្រុមហ៊ុនថាមពលនុយក្លេអ៊ែររដ្ឋអ៊ុយក្រែន លោក Petro Kotin បានអះអាងថា លោកនៅកាន់កិច្ចការនៅ ZNPP ហើយជំរុញកុំឱ្យកម្មករនៅទីនោះចុះហត្ថលេខាលើឯកសារណាមួយជាមួយរុស្ស៊ី។ លោកបន្ថែមថា ការសម្រេចចិត្តទាំងអស់ ទាក់ទងនឹង ប្រតិបត្តិការរបស់រោងចក្រ នឹងត្រូវធ្វើឡើងដោយផ្ទាល់នៅ ការិយាល័យ កណ្តាលនៃក្រុមហ៊ុន Energoatom របស់រដ្ឋ អ៊ុយក្រែន។

សូមបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីកង កម្លាំង រុស្ស៊ីចាប់ឃុំខ្លួនលោក Ihor Murashev ដែលជានាយក ZNPP មួយរយៈពេលខ្លីកាលពីចុងសប្តាហ៍មុន។

ទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) អះអាងថា លោក Murashev ត្រូវបានដោះលែងវិញហើយ ប៉ុន្តែលោកនឹង មិន ត្រឡប់ទៅធ្វើការងារចាស់របស់លោកវិញទេ។

គួររំឭកផងដែរថា រុស្ស៊ីបានចូលកាន់រោងចក្រថាមពល នុយក្លេអ៊ែរ ហ្សាប៊ូរីចា (ZNPP) កាលពីដើមខែមីនា បន្ទាប់ពីបើកការឈ្លាន ពានអ៊ុយក្រែននៅចុងខែកុម្ភៈ។ ទោះយ៉ាងណា បុគ្គលិកអ៊ុយក្រែន នៅ តែបន្តប្រតិបត្តិការរបស់ខ្លួន។ ការបាញ់ផ្លោងគ្នាជុំវិញ និងក្នុងបរិវេណនៃរោងចក្រនេះ បានក្លាយជាប្រធានស្នូលមួយ ដែលធ្វើឱ្យមានការព្រមានពីមហន្តរាយនុយក្លេអ៊ែរ ខណៈអ៊ុយក្រែន និងលោកខាងលិចទាមទារឱ្យកងទ័ពរុស្ស៊ីប្រគល់ការកាន់កាប់ទៅអ៊ុយក្រែនវិញ។ ZNPP គឺជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុប ហើយមុនរុស្ស៊ីឈ្លានពានអ៊ុយក្រែន រោងចក្រនេះផលិតប្រហែល ១/៥ នៃអគ្គិសនីក្នុងស្រុករបស់អ៊ុយក្រែន៕
ដោយ៖ហួន ឌីណា
ប្រភព៖ Putin asserts control over Ukraine nuclear plant, Kyiv disagrees

ads banner