អាជ្ញាធរនីហ្សេរីយ៉ា ប្ដឹងក្រុមហ៊ុនហ្វេសប៊ុកទារសំណងផាក ពិន័យចំនួន៧០ លានដុល្លារ

នីហ្សេរីយ៉ា៖សារព័ត៌មានអាអេហ្វប៉េ(AFP)ផ្សាយថានិយ័តករ គ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ប្រទេសនីហ្សេរីយ៉ាបានប្តឹងក្រុមហ៊ុន Meta ដោយចោទប្រកាន់ម្ចាស់ហ្វេសប៊ុក( Facebook ) និង វ៉ាត់ស្អាប់( WhatsApp) ពីការផ្សាយពាណិជ្ជកម្មដែលគ្មានការ អនុញ្ញាតនិងទារប្រាក់ផាកពិន័យចំនួន៣០ពាន់លាននេរ៉ា(រូបីយវត្ថុនីហ្សេរីយ៉ា) ដែលចំនួនទឹកប្រាក់នេះប្រហាក់ប្រហែល៧០លាន ដុល្លារអាមេរិក ។

ពាក្យបណ្តឹងដែលបានដាក់ក្នុងតុលាការនីហ្សេរីយ៉ារបស់និយ័តករប្រឆាំងនឹងMeta នៅពេលនេះ អាចប៉ះពាល់ដល់អាជីវកម្មដែលពឹង ផ្អែក ខ្លាំង លើការផ្សាយពាណិជ្ជកម្មឌីជីថលនិងការផ្សាយតាម បណ្ដាញ សង្គមនានា។

តាមច្បាប់ប្រទេសនីហ្សេរីយ៉ាអង្គភាពនិយ័តករគ្រប់គ្រងការផ្សាយពាណិជ្ជកម្មជាអ្នកទទួលបន្ទុកត្រួតពិនិត្យនិងសម្រេចរាល់ការផ្សាយពាណិជ្ជកម្មទាំងអស់នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៃទ្វីបអាហ្រ្វិកមួយនេះ។

និយតករផ្សាយពាណិជ្ជកម្មនីហ្សេរីយ៉ាង និយាយថា៖«ខ្លឹមសារ ផ្សាយ ពាណិជ្ជកម្មចាំបាច់ ត្រួវ តែមានការពិនិត្យ និងអនុម័តដោយ អង្គភាពជំនាញជាមុនសិន ។អ្វីក៏ដោយដែលមិនត្រូវបានត្រួតពិនិត្យ និងអនុម័តដោយ អាជ្ញាធរ គឺជាការបំពានច្បាប់»។

អ្នកនាំពាក្យក្រុមហ៊ុនMetaបាននិយាយថាក្រុមហ៊ុនមិនធ្វើអត្ថាធិប្បាយលើការទាមទារផ្លូវច្បាប់ដែលកំពុងបន្តនោះទេ។និយ័តករផ្សាយ ពាណិជ្ជកម្មនីហ្សេរីយ៉ាបាន បោះពុម្ពផ្សាយសេចក្តីថ្លែងហេតុលម្អិត និងស្នើសុំដីកាតុលាការ សម្រេចថា៖ «រាល់ការបោះពុម្ពផ្សាយ និងការ ផ្សាយពាណិជ្ជកម្មផ្សេងៗទៅកាន់ទីផ្សារនីហ្សេរីយ៉ាតាមរយៈ Facebook និង Instagram platforms ដោយ Meta Platforms Incorporatedហើយមិនទាន់ត្រូវបាន ត្រួតពិនិត្យនិង អនុម័តមុនពេលចេញផ្សាយនោះគឺខុសច្បាប់និងរំលោភលើច្បាប់ផ្សាយពាណិជ្ជកម្មដែលមានស្រាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា»។

រដ្ឋាភិបាលនីហ្សេរីយ៉ាបាននិយាយថាទង្វើរបស់Metaបានធ្វើឱ្យប្រទេសនេះបាត់បង់ប្រាក់ចំណូលពន្ធដែលបានមកពីពាណិជ្ជកម្ម ប៉ុន្តែមិនបានបង្ហាញពីចំនួនទឹកប្រាក់ជាក់លាក់ឡើយ។

សំណុំរឿងរបស់តុលាការប្រឆាំងនឹងMetaកើតឡើងប្រហែលមួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលនីហ្សេរីយ៉ាបានចាប់ផ្តើមធ្វើកំណែរទម្រង់ច្បាប់បង្ខំឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់បើកដំណើរការការិយាល័យនៅក្នុងប្រទេសនីហ្សេរីយ៉ាដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំណូលពន្ធ៕
ដោយ៖វណ្ណ ស័ក្តិ

ads banner