សម្តេចតេជោ ហ៊ុន សែន៖ ការផ្តល់សាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ មិនមែន ជាការទាញយកសន្លឹកឆ្នោតឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថាការផ្តល់សាច់ប្រាក់ដល់ពលរដ្ឋក្រីក្រតាមរបបគាំពារ សង្គម ចំពោះ វិបត្តិកូវីដ១៩និងអតិផរណាមិនមែនជាការទាញយកសន្លឹកឆ្នោតសម្រាប់ឆ្នាំ២០២៣ឡើយ។ការប្រកាសបែបនេះធ្វើឡើង នៅ ព្រឹកថ្ងៃ ទី៦ខែតុលានៅក្នុងពិធីបើកសន្និសីទ«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានស្នើបណ្តាគណបក្ស ប្រឆាំងនិងអង្គការសង្គមស៊ីវិលកុំឱ្យមានការ លើកឡើងថារដ្ឋាភិបាល កំពុងកេងចំណេញនយោបាយតាមរយៈយន្តការផ្តល់សាច់ប្រាក់ដល់អ្នកដែលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវីដ១៩និងការត្រៀមបម្រុងដើម្បីអន្តរាគមន៍សម្រាប់ផលប៉ះពាល់អតិផរណា។សម្តេចតេជោ បញ្ជាក់ ជាថ្មី និងស្នើឱ្យគណបក្សនយោបាយនិងអង្គការសង្គមស៊ីវិល កុំចាត់ ទុកថា ជាការទាញយកសន្លឹកឆ្នោតសម្រាប់ឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោបញ្ជាក់ថា៖ «ខ្ញុំក៏សូមសំណូមពរ ឱ្យបណ្តាបក្ស នយោបាយ សង្គមស៊ីវិល យោគយល់ចំពោះរាជរដ្ឋាភិបាល កុំចាត់ទុកថា ការធ្វើរបស់រាជរដ្ឋាភិបាលគឺជាល្បែងដើម្បីទាញ យកសន្លឹកឆ្នោត នៅឆ្នាំ២០២៣ខាងមុខ»។

តាមសម្តេចតេជោ ហ៊ុន សែន សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋដែល គ្រប់លក្ខខណ្ឌទទួលបានជំនួយសាច់ប្រាក់ នឹងទទួលបានផល ប្រយោជន៍ ដោយមិនមានជាការលេងសើចនយោបាយនោះទេ។ សម្តេចថា នេះគឺជាការទទួលខុសត្រូវរបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា៖ «សង្ឃឹមថា បណ្តា គណបក្ស នយោបាយនានានិងសង្គមស៊ីវិល មិនយកបញ្ហានេះ ធ្វើជាអាវុធវាយរដ្ឋាភិបាល ថារៀបចំគម្រោងបន្តផ្តល់សាច់ ប្រាក់ ដល់អ្នករងគ្រោះដោយសារកូវីដ បន្ថែមទៅដោយត្រៀមបម្រុង ដើម្បីអន្តរាគមន៍សម្រាប់ផលប៉ះពាល់ទៅលើអតិផរណាថាជាការកេងចំណេញនយោបាយ»។ បើតាមសម្តេចតេជោការបញ្ជាក់នេះ គឺជាការបង្ការទុកជាមុនតែប៉ុណ្ណោះ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក ថាច់ សេដ្ឋា អនុប្រធាន គណបក្ស ភ្លើងទៀនអះអាងថារដ្ឋាភិបាលមិនគួរ ណា មានក្តីបារម្ភ អំពីការរិះគន់ណាមួយឡើយ ប្រសិនបើរដ្ឋាភិបាលបានធ្វើអំពើល្អ ជាមួយពលរដ្ឋ។ សម្រាប់លោក ថាច់ សេដ្ឋា លោកសាទរ ដែល រដ្ឋាភិបាលបានគិតគូពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនិងបានជួយអន្តរាគមន៍ ទៅលើបញ្ហាទាំងនោះ។

លោកថា៖ «រដ្ឋាភិបាលការពារផលប្រយោជន៍ ធនធានធម្មជាតិ អាហ្នឹងរឹតតែសប្បាយចិត្តថែមទៀតផង។ យើងអបអរសាទរ ឱ្យតែ បានជួយដល់ប្រជាពលរដ្ឋឱ្យមានជីវភាពសមរម្យកុំឱ្យប្រជាពលរដ្ឋក្លាយទៅជាអ្នក ក្រីក្រសុំប័ណ្ណក្រីក្រ អាហ្នឹងយើងមិនសប្បាយចិត្តដែរ។ យើងចង់ឃើញប្រជាពលរដ្ឋរស់នៅសមរម្យ។អ៊ីចឹងខ្ញុំគិតថា វាមិន កេងចំណេញនយោបាយអីទេ ឱ្យតែបានជួយប្រជាពលរដ្ឋ»។

គិតមកដល់ខែតុលាឆ្នាំ២០២២នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភចំពោះអ្នកដែលជួបប្រទះនិងរងផលប៉ះពាល់ពីជំងឺកូវីដ១៩ដែលរដ្ឋចំណាយថវិកាជាតិប្រមាណ៨០០លានដុល្លារអាមេរិក៕
ដោយ៖ដោយ សេក ប្រាក់

ads banner