ប្រធានាធិបតីហ្វីលីពីនលើកសំណើទិញឥន្ធនៈពីរុស្ស៊ី

ហ្វីលីពីន៖ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr នៅថ្ងៃពុធ ទី៥ ខែតុលាអះអាងថាប្រទេសរបស់លោកប្រហែល ជា ត្រូវងាកទៅរកប្រទេសរុស្ស៊ីដើម្បីបំពេញតម្រូវការប្រេងឥន្ធនៈខណៈមានការកើនឡើងតម្លៃថាមពលជាសកល។កន្លងមកសម្ពាធបាន ធ្លាក់មកពីសម្ព័ន្ធមិត្តលោកខាងលិចលើប្រទេសនានាដើម្បីគេចចេញពីទីក្រុងម៉ូស្គូ។

ចំពោះមុខក្លឹបសារព័ត៌មាន Manila Overseas លោក Marcos ដែលជារដ្ឋមន្ត្រីក្រសួងកសិកម្មដែរនោះ បាននិយាយថា ប្រទេស ហ្វីលីពីនប្រហែលជាអាចមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីផ្គត់ ផ្គង់ជីកសិកម្មដែរ។

លោកបញ្ជាក់ថា“យើងទទួលយកទស្សនៈដែលមានតុល្យភាពពីព្រោះថាការពិតនៃបញ្ហាគឺយើងប្រហែលជានិយាយជាមួយរុស្ស៊ីចំពោះបញ្ហាឥន្ធនៈ និងជីកសិកម្ម។”

ប្រទេសហ្វីលីពីន មិនខុសពីប្រទេសជាច្រើនផ្សេងទៀត កំពុង ប្រឈម មុខនឹងបញ្ហាអតិផរណាកើនឡើង ដោយសារបញ្ហាផ្គត់ផ្គង់ នៅបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

ជាការកត់សម្គាល់ហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក មិនបានដាក់ទណ្ឌកម្មណាមួយលើរុស្ស៊ីទេ។

លោក Marcos ជាកូនប្រុសតែម្នាក់គត់របស់បុរសខ្លាំងហ្វីលីពីន គឺលោក Ferdinand Marcos Sr ដែលត្រូវបានបណ្តេញចេញ ពីអំណាច ក្រោយពីគ្រប់គ្រងប្រទេសនេះ អស់រយៈពេលពីរ ទសវត្សរ៍ ។ លោក Marcos ក៏បានបញ្ជាក់ដែរថា លោកចង់ឱ្យប្រទេសនេះ ដើរតួចម្បងនៅក្នុងការលើកកម្ពស់សន្តិភាពក្នុងតំបន់ ចំពេលមាន បញ្ហា ប្រឈម ដែលបង្កឡើងដោយភាពតាននៅឧបទ្វីបកូរ៉េ និង បញ្ហា ចិន-តៃវ៉ាន់។
លោកបានបន្តថា “យើងសង្ឃឹមថានឹងក្លាយជាផ្នែកមួយ ពោលគឺជា ផ្នែកដែលនាំការខិតខំឆ្ពោះទៅកាន់សន្តិភាព។”

លោក Marcos បញ្ជាក់ថាលោកនឹងស្នើនូវវិធីសាស្រ្តថ្មីមួយ ដើម្បី ឆ្លើយតបចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំ នា ពេលខាងមុខរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ជាកិច្ច ប្រជុំដែលនឹងធ្វើឡើងក្នុងខែវិច្ឆិកាខាងមុខនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ បើតាមលោក Marcos សំណើនោះអាចពាក់ព័ន្ធ នឹង ការចូលរួមរបស់រដ្ឋាភិបាលយោធាដោយផ្ទាល់។

វត្តមានមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានរារាំងពីកិច្ចប្រជុំកំពូល ក្នុង តំបន់ ដោយសារបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពចំនួន ប្រាំ ចំណុច។ ជាកិច្ចព្រមព្រៀង ដែលមីយ៉ាន់ម៉ាបានយល់ព្រមជាមួយ ប្រទេសសមាជិកអាស៊ាន កាលពីខែមេសាឆ្នាំមុន បន្ទាប់ពីអំពើហិង្សា បានផ្ទុះឡើងនៅក្នុងប្រទេសនេះ ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល ស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី៕
ដោយ៖យ៉ាន អាន/ CPA

ប្រភព៖ www.channelnewsasia.com

ads banner