សម្ដេចតេជោ ហ៊ុន សែន៖ មានតែកិច្ចសហប្រតិបត្តិការ និងសាមគ្គី អន្តរជាតិ ជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហា ប្រឈម បរិស្ថានសកល ប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោមប្រធាន បទ «គោលនយោបាយបរិសា្ថន និងការអភិវឌ្ឍប្រកបដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ, នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញ ចូលរួម ពីឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខ នៃសហព័ន្ធរុស្ស៊ី, រួមនឹងប្រធានគណៈប្រតិភូគណបក្សនយោបាយ ផ្សេងៗទៀត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថា បញ្ហាបរិស្ថាន មិនស្គាល់ព្រំដែន ប្រទេសឡើយ ហេតុនេះ មានតែកិច្ច សហប្រតិបត្តិការ និងសាមគ្គី អន្តរជាតិជាធ្លុងមួយប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈម បរិស្ថានសកលដោយប្រសិទ្ធភាព និងជួយសង្គ្រោះភពផែនដីយើង ពីគ្រោះមហន្តរាយទាំងឡាយ សម្រាប់ជនានុជនរបស់យើង ជារៀង ដរាបតទៅ ។
សម្ដេចតេជោជឿជាក់ថា យើងទាំងអស់ពិត ជាអាចធ្វើបាន ។ ឧទាហរណ៍ល្អៗជាច្រើននៃសាមគ្គីភាព និងកិច្ចសហការទាំងនេះ ដូចជា ការអនុវត្តពិធីសារម៉ុងរ៉េអាល់ ដែលបានកាត់បន្ថយ និង ឈានទៅលុបបំបាត់សារធាតុ បំផ្លាញស្រទាប់អូហ្សូន បានធ្វើឱ្យខ្ញុំ មានសង្ឃឹមយ៉ាងមុតមាំថា យើងពិតជាអាចជម្នះនូវរាល់ បញ្ហាទាំង នេះ ជាមួយគ្នាបាន ។
ជាទិសដៅបន្តសម្ដេចតេជោ ហ៊ុន សែន យល់ថា យើងត្រូវបន្តលើក កិច្ច សហប្រតិបត្តិការ និងសាមគ្គីអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ដោយទុកភាពខុសគ្នាផ្នែកប្រព័ន្ធដឹកនាំ, នយោបាយ, វប្បធម៌ និង ជំនឿសាសនាដោយឡែក ។ ការគាំទ្រហិរញ្ញវត្ថុ និងការផ្ទេរ បច្ចេកវិទ្យា ពីប្រទេសអភិវឌ្ឍដល់ ប្រទេសកំពុងអភិវឌ្ឍ គឺជាប្រការចាំ បាច់ ដើម្បីចូលរួមដោះស្រាយបញ្ហាបរិស្ថានសកល ឱ្យ កាន់តែសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
សម្ដេចតេជោបន្តថា យើងក៏គួរផ្តោតជាសំខាន់ផងដែរលើការកសាង និងការធ្វើសមាហរណកម្មធនធានមនុស្ស តាមរយៈការចែករំលែក ចំណេះដឹងអំពីការដោះស្រាយបញ្ហាបរិស្ថាន និងកម្មវិធីទស្សនកិច្ច សិក្សាជាដើម ដើម្បីឆ្លើយ តបទៅនឹងភាពបន្ទាន់នៃបញ្ហាបរិសា្ថន សកល ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ជារួម, កម្ពុជាបានត្រៀមខ្លួនជាស្រេចហើយយើងត្រូវការដៃគូទាំងសាធារណៈ និងឯកជនដើម្បីជួយយើងសម្រេចបាននូវការប្ដេជ្ញាចិត្តទាំងនេះ ៕
ដោយ៖ វណ្ណលុក