សម្ដេចតេជោ ហ៊ុន សែន៖ គណបក្សនយោបាយទាំងអស់ ពិតជាដើរ តួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមធ្វើឱ្យប្រសើរ ឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្ស នយោបាយទាំងអស់ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍប្រកប ដោយ ចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាពសុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ ក្នុងនោះកម្ពុជា នៅតែប្តេជ្ញាចូលរួមដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ របស់សកល ដោយបានបង្កើនថវិកាជាតិចំនួនបីដង សម្រាប់សកម្មភាពពាក់ព័ន្ធនឹងការទប់ទល់ការប្រែប្រួលអាកាសធាតុ និងបានកំណត់គោលដៅកាត់ បន្ថយការបញ្ចេញឧស្ម័នប្រមាណ ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីបើកសន្និសីទគណបក្សអន្តរជាតិ ក្រោម ប្រធានបទ «គោលនយោបាយបរិសា្ថន និងការអភិវឌ្ឍប្រកប ដោយចីរភាព» នៅទីក្រុង Yuzhno-Sakhalinsk, សហព័ន្ធរុស្ស៊ី តាមប្រព័ន្ធវីដេអូ, នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ដោយ មានការអញ្ជើញចូលរួមពីឯកឧត្ដម ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម និងជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី, រួមនឹងប្រធានគណៈប្រតិភូ គណបក្សនយោបាយផ្សេងៗទៀត។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុង ស្ថានភាពដែលពិភពលោកមានបញ្ហាប្រឈមជាច្រើន, គណបក្ស នយោបាយ ទាំងអស់ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម ធ្វើឱ្យប្រសើរឡើងនូវនិរន្តរភាពបរិស្ថាន និងការអភិវឌ្ឍ ប្រកបដោយ ចីរភាព ក៏ដូចជាធានាបាននូវការលើកកម្ពស់ជីវភាពសុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋ និងភពផែនដីទាំងមូលផងដែរ ។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្រោយ ទទួលបានសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ, ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដោយដៃម្ខាងខិតខំធ្វើការកែ ទម្រង់ រដ្ឋយ៉ាងមុតស្រួចជាបន្តបន្ទាប់ តាមរយៈការរៀបចំ និងកែលម្អ ក្របខ័ណ្ឌ ច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ដើម្បីជំរុញ ការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត, ការបណ្ដុះបណ្តាលធនធាន មនុស្ស និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយ ម្ខាងទៀតខិតខំ ការពារ បរិស្ថាន អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ និង លើកកម្ពស់ ជីវភាពប្រជាជនមូលដ្ឋានឱ្យមានភាពរឹងមាំ និងភាពធន់ ។
សម្ដេចតេជោបន្តថា ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់, កម្ពុជា បាន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ ហើយ នឹងបន្តឈានទៅសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ។ ទន្ទឹមនឹងនេះ, កម្ពុជាក៏បានខិត ខំបង្កើនការចូលរួមជាលំដាប់ ក្នុងការដោះស្រាយបញ្ហាប្រឈម បរិសា្ថនសកល រាប់ទាំងការប្រែប្រួលអាកាសធាតុ ស្របតាម គោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាម សមត្ថភាពរៀងៗខ្លួន» ។
សម្ដេចតេជោ បានបញ្ជាក់ថា ជាការរួមចំណែកដោះស្រាយ បញ្ហា ប្រែប្រួលអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជា, ថ្វីត្បិតតែជាប្រទេស តូច និងបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិច, កម្ពុជានៅតែប្តេជ្ញាចូលរួម ដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុរបស់សកល ដោយបាន បង្កើនថវិកាជាតិចំនួន ៣ដង សម្រាប់ សកម្មភាពពាក់ព័ន្ធនឹងការ ទប់ទល់ការប្រែប្រួលអាកាសធាតុ និង បានកំណត់គោលដៅកាត់ បន្ថយការបញ្ចេញឧស្ម័នប្រមាណ៤២ភាគរយ នៅត្រឹមឆ្នាំ ២០៣០ ។ ជាមួយគ្នានេះ កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ សម្រាប់រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន ដើម្បីជំរុញ សេដ្ឋកិច្ចបៃតង ដែលធន់នឹងអាកាសធាតុ ជាមួយនឹងការ បញ្ចេញកាបូនតិចផង ដែរ ។ កម្ពុជាក៏បានកំណត់ផងដែរ ការអភិវឌ្ឍបៃតង និងការទប់ទល់ការប្រែប្រួលអាកាសធាតុ ជាសមាសភាពដ៏សំខាន់នៃការកសាងភាពធន់របស់សេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ និងបានកំណត់ក្នុងច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់ វិនិយោគ ថ្មី នូវការលើកទឹកចិត្តដល់ការវិនិយោគថាមពលបៃតង, សេដ្ឋកិច្ចចក និងកិច្ច ការពារបរិស្ថាន ៕
ដោយ៖ វណ្ណលុក