សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល៖រដ្ឋាភិបាលមិនមានគម្រោង ឱ្យពលរដ្ឋឃុំព្រះដាក់រើលំនៅចេញនោះឡើយនិងស្នើឱ្យរាស្ត្រឃុំព្រះដាក់ស្ងប់ចិត្ត
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសុំឱ្យ ប្រជាពលរដ្ឋ នៅឃុំព្រះដាក់(ស្រុកបន្ទាយស្រីខេត្តសៀមរាប) មានការស្ងប់ចិត្តពីព្រោះរាជរដ្ឋាភិបាលគ្មានគម្រោងបណ្ដេញពលរដ្ឋចេញពីឃុំព្រះដាក់នោះឡើយ។នេះបើតាមការបញ្ជាក់របស់ សម្តេចក្នុងឱកាសអញ្ជើញពិធីបើកសន្និសីទ «ចក្ខុវិស័យប្រទេស កម្ពុជាឆ្នាំ២០២២» នាព្រឹកថ្ងៃទី០៦ខែតុលានៅសណ្ឋាគារសុខា ភ្នំពេញ រាជធានីភ្នំពេញ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងមួយថ្ងៃក្រោយពី ពលរដ្ឋរស់នៅឃុំព្រះដាក់ជាច្រើននាក់លើកគ្នា តវ៉ានៅសាលាឃុំ ព្រះដាក់កាលពីថ្ងៃទី៥ខែតុលា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខ្ញុំគួរតែត្រូវនិយាយ ថាយើងមិនទាន់បានមានផលប៉ះពាល់ណាមួយទៅលើប្រជាជន នៅ ឃុំព្រះដាក់នោះទេយើងគ្រាន់តែបានគិតគូរអំពីហេដ្ឋារចនាសម្ព័ន្ធរបស់អង្គរ។«យើងក៏បានដឹងហើយថាឃុំព្រះដាក់ត្រូវបានកសាងប្រមាណជាបីឬបួនរយឆ្នាំរួចមកហើយហើយឃុំនេះស្ថិតនៅជាឃុំមួយដែល ទាក់ទងនឹងផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង។ប៉ុន្តែហេតុ ដូចម្ដេចបានជាប្រជាជនចាប់ផ្ដើមព្រួយបារម្ភអំពីរឿងនេះ?»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែម៖«សូមបងប្អូននៅ ឃុំព្រះដាក់ មានការស្ងប់ចិត្ត។យើង មិនអាចទៅទទឹង ទិស ហើយ ទៅរុះរើប្រជាជនដែលកំពុងរស់នៅ។បើថារើគឺរើទាំង សាលាឃុំ លុបរដ្ឋបាលឃុំនឹងចោលតែហ្មងទៅ។ តែនេះវាអត់ទេ! ។ខ្ញុំបញ្ជូន ឯកឧត្តមជាសុផារ៉ានិងជំទាវ ភឿង សកុណា ទៅពន្យល់ ពលរដ្ឋ រឿងនេះ»។
អ្នកស្រី គង់ ចាន់ថា ជំទប់ទី២ ឃុំព្រះដាក់ បានប្រាប់ថា ប្រជាពលរដ្ឋ ដែលរស់នៅភូមិទាំងប្រាំមួយនៃឃុំព្រះដាក់ បានតវ៉ាកាលពី ម្សិលមិញ នេះគឺដោយសារពួកគាត់បានទទួលដំណឹងពីមន្ត្រី អាជ្ញាធរអប្សរាថានឹងមានគម្រោងឱ្យពលរដ្ឋរើទីលំនៅទៅកន្លែងថ្មី។អ្នកស្រីបន្តថា៖«អ្នកភូមិពួកគាត់មិនសុខចិត្ត ព្រោះគាត់ឮតៗគ្នាមក ថា មានគម្រោង ឱ្យពួកគាត់ផ្លាស់ទីលំនៅ។អីចឹងពួកគាត់ស្ដាយ ស្រណោះទឹកដីភូមិកំណើតនិងទ្រព្យសម្បត្តិរបស់ពួកគាត់»។
ចំណែកឯប្រជាពលរដ្ឋដែលរស់នៅភូមិអូរទទឹង គឺ អ្នកស្រី ពៅ គុណា ដែលមានមុខរបរជាអ្នកលក់ដូរ បានប្រាប់ថាបន្ទាប់ពី អាជ្ញាធរអប្សរា និងសុរិយោដីបានប្រជុំនៅសាលាឃុំ ដោយប្រាប់ ពីបំណងជំរុញឱ្យពលរដ្ឋរុះរើចេញទើបខាងសាលាឃុំប្រាប់ថាពលរដ្ឋនៅឃុំព្រះដាក់ត្រូវរុះរើសចេញដោយមានអាជ្ញាធរដើរសួរប្រជាពលរដ្ឋនៅតាមភូមិនីមួយៗនៃឃុំព្រះដាក់ អំពីការផ្ដិតមេដៃចាក ចេញ ពីភូមិ។
អ្នកស្រី ពៅ គុណា បញ្ជាក់ថា៖«ទាំងយើង ទាំងគេ គឺចំដូចគ្នា។អ៊ីចឹង គឺយើងនាំគ្នាទៅសុំតវ៉ា។សុំអត់ចេញ។ អត់ចង់បានសំណង។ អត់ ចង់បានអី។ ចង់តែនៅផ្ទះយើងវិញ។ អត់ចង់ទៅណាទេ។ ភូមិ ឃុំគឺគាត់មិនទាន់និយាយ អីទេ ពីព្រោះដោយសារតែគាត់ ត្រូវរង់ចាំ បញ្ជាពីថ្នាក់លើដែរ ថាគាត់ត្រូវដោះស្រាយតាមវិធីយ៉ាងម៉េច»។
អ្នកស្រីបន្ថែមថាប្រជាពលរដ្ឋរាប់រយនាក់ នៅឃុំព្រះដាក់នៅតែបន្ត ប្រមូលផ្ដុំគ្នាដើម្បីរង់ចាំជួបលោក ជា សុផារ៉ា ជម្រះមន្ទិលសង្ស័យ និងស្នើសុំឱ្យរាជរដ្ឋាភិបាលសម្រេចជាផ្លូវការជាលាយលក្ខណ៍អក្សរថាមិនត្រូវបណ្ដេញពលរដ្ឋឃុំព្រះដាក់ចេញពីលំនៅឋានកេរ្តិ៍ដូនតាជារៀងរហូត៕
ដោយ៖ជា សុខនី