ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា នៅរមណីយ ដ្ឋានជិះស្គីថ្មី

អត្ថបទដោយ៖
CPA

អារ៉ាប៊ីសាអូឌីត៖ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះទទួល រៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩។ បើតាមអារ៉ាប៊ីសាអូឌីត ព្រឹត្តិការណ៍កីឡានេះ នឹងត្រូវប្រព្រឹត្តធ្វើនៅលើភ្នំ Trojena ក្បែរគម្រោងទីក្រុង អនាគត តម្លៃ៥០០ប៊ីលានដុល្លារ ដែលមានឈ្មោះថា «Neom»។

ជាទីក្រុងដែលក្នុងនោះ គ្រោងរៀបចំបង្កើតឱ្យមានផងដែរ នូវ រមណីយដ្ឋានជិះស្គីមួយ នៅក្នុងឆ្នាំ២០២៦។
ការសម្រេចជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីតដែលគ្របដណ្ដប់ដោយវាលខ្សាច់និងភ្នំឱ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ដ្រីទទួលបន្ទុកផ្នែកកីឡារបស់អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal មានព្រះរាជបន្ទូលថា៖ «Trojena គឺជាតំបន់ដែលមានទំហំ៦០គីឡូម៉ែត្រក្រឡា និងមាន ស្ថិតនៅកម្ពស់ ១,៥០០ ទៅ ២,៦០០ម៉ែត្រ ដែលជាអនាគត នៃការ រស់នៅលើភ្នំ»។

គួរបញ្ជាក់ដែរថា ក្រៅពីធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩ អារ៉ាប៊ីសាអូឌីតក៏នឹង ទទួលរៀប ចំ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅឆ្នាំ២០៣៤ក្នុង ទីក្រុងរីយ៉ាដ ផងដែរ។ អារ៉ាប៊ីសាអូឌីត បានបង្ហាញមហិច្ឆតាក្នុង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗដើម្បីព្យាយាមស្វែងរកប្រភពចំណូលផ្សេង បន្ថែមពីលើចំណូលបានមកពីការបូមប្រេង៕
ដោយ៖កែវ កិរិយា

ads banner