ការសិក្សាថ្មីបង្ហាញថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យរដូវ ក្ដៅរាំង ស្ងួតនិងក្ដៅជាងមុននៅទូទាំងពិភពលោក
អន្តរជាតិ៖ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស បានធ្វើ ឱ្យមានរដូវក្ដៅនៅអឺរ៉ុប អាមេរិកខាងជើង និងចិនជួបប្រទះ ភាពរាំងស្ងួតនិងក្ដៅហួតហែងជាងមុនយ៉ាងហោចណាស់២០ដងបើធៀបនឹងជាងមួយសតវត្សរ៍មុន។ នេះបើតាមការរកឃើញ របស់ អ្នកវិទ្យាសាស្ត្រ នៅក្នុងការសិក្សាថ្មីមួយដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃពុធ ទី០៥ ខែតុលា។
ការសិក្សាថ្មីនេះបានលើកឡើងពីភស្តុតាងចុងក្រោយមួយចំនួនបង្ហាញថាចំហេះប្រេងឥន្ធនៈហ្វូស៊ីលកំពុងតែផ្ដល់ផលរំខានដល់ផលិតកម្មអាហារនិងការផ្គត់ផ្គង់ទឹកព្រមទាំងអគ្គិសនីនៅទូទាំងពិភពលោក។
កត្តាដែលបណ្ដាលឱ្យអឌ្ឍគោលភាគខាងជើងជួបភាពរាំងស្ងួតខ្លាំង បើតាមការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ គឺកើតឡើងដោយសារ តែការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន។
ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទៅក្នុងបរិយាកាសជុំវិញផែនដីបានទប់កម្ដៅព្រះអាទិត្យមួយផ្នែកមិនឱ្យភាយចេញទៅក្នុងបរិយាកាសវិញឡើយ ដែលជាហេតុមួយចំណែកបណ្ដាលឱ្យផែនដីឡើងកម្ដៅ។
លោក Maarten van Aalstនាយកមជ្ឈមណ្ឌលអាកាសធាតុ កាកបាទក្រហមនិងអឌ្ឍចន្ទក្រហមដែលបានរួមចំណែកក្នុង ការសិក្សាថ្មីនេះ គូសបញ្ជាក់ថា៖ «តាមរយៈការលទ្ធផល នៃការ សិក្សាបែបវិទ្យាសាស្ត្រ យើងកំពុងតែឃើញកាន់តែប្រចក្សអំពី សក្ខីកម្មនៃការប្រែប្រួលអាកាសធាតុ។
ការប្រែប្រួលអាកាសធាតុដែលកំពុងតែជះឥទ្ធិពលអវិជ្ជមានដល់មនុស្ស ក្នុងនោះមានដូចជាធាតុអាកាសក្ដៅ និងស្ងួតកាន់តែខ្លាំងឡើង នៃ រដូវក្ដៅ ដែលបានបំផ្លិចបំផ្លាញកសិផល ធ្វើឱ្យផ្លូវទឹកសម្រាប់ដឹក ទំនិញត្រូវរាំងស្ងួត និងបង្អាក់ដំណើរការនៃទំនប់វារីអគ្គិសនី។ការណ៍នេះកំពុងតែគំរាមកំហែងដល់សន្តិសុខនិងតម្លៃស្បៀងអាហារព្រមទាំងថាមពល ដែលបានឡើងថ្លៃរួចទៅហើយដោយសារតែ សង្គ្រាម រុស្ស៊ីឈ្លានពានអ៊ុយក្រែន»។
កំណត់ត្រានៃធាតុអាកាសក្ដៅខ្លាំង ចាប់ផ្ដើមនៅអឺរ៉ុបក្នុងខែឧសភា។ ដងទន្លេនានាត្រូវរាំងស្ងួតភ្លើងឆេះព្រៃកើតឡើងញឹកញាប់និងអូសបន្លាយរយៈពេលកាន់តែយូរឡើងៗ។ ការឡើងកម្ដៅខ្លាំងនេះ ទំនង ជាដើមហេតុបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១១,០០០នាក់ ស្លាប់នៅក្នុងប្រទេសបារាំង និង៨,០០០នាក់នៅប្រទេសអាល្លឺម៉ង់។ នៅសហភាពអឺរ៉ុបទាំងមូលគ្រោះភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅកន្លងទៅ បានដុតបំផ្លាញផ្ទៃដីក្នុងទំហំធំជាងមុនដល់ទៅ២ដង បើធៀប ទៅនឹងរយៈពេល១៥ឆ្នាំមុន។
នៅទ្វីបអាស៊ីឯណេះវិញ ប្រទេសចិនត្រូវរងគ្រោះដោយសារធាតុ អាកាសក្ដៅបំផុតមិនធ្លាប់មាន រាប់ចាប់ពីឆ្នាំ១៩៦១មក។ នេះបើតាមអាជ្ញាធរឧតុនិយមរបស់ចិន ដែលបានបញ្ជាក់ បន្ថែមទៀតថា ធាតុអាកាសក្ដៅនិងស្ងួតនៅក្នុងឆ្នាំ២០២២នេះ បានកាត់បន្ថយផលិតភាពនៃវារីអគ្គិសនី នៅក្នុងតំបន់ភាគ ខាងត្បូងប្រទេស ដែលជាតំបន់ឧស្សាហកម្មដ៏ សំខាន់មួយរបស់ ចិន។ ដើម្បីបំពេញថាមពលដែលខ្វះខាតសម្រាប់រោងចក្រផលិតរថយន្តនិងគ្រឿងអេឡិចត្រូនិកនៅតំបន់នោះ ចិនបានបង្កើនការជីកនិងដុត ធ្យូងថ្មដែលជះផលអាក្រក់បន្ថែមទៀតទៅដល់ការប្រែប្រួលអាកាសធាតុ។
បើតាមទិន្នន័យផ្ដល់ឱ្យដោយអ្នកវិទ្យាសាស្ត្រកាលពីខែកញ្ញា ឆ្នាំ២០២២ ការប្រែប្រួលអាកាសធាតុក៏ជាដើមហេតុមួយដែល ធ្វើឱ្យប៉ាគីស្ថានជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ទឹកជំនន់នៅប៉ាគីស្ថាន កាលពីពេលថ្មីៗនេះ បានសម្លាប់ មនុស្សអស់ជាង ១,៦០០នាក់ និងបានពន្លិចផ្ទះសម្បែងចំនួន ជាងពីរ លានខ្នង ព្រមទាំងបានបំផ្លិចបំផ្លាញដីធ្វើកសិកម្មក្នុង ទំហំយ៉ាងច្រើនផងដែរ៕
ដោយ៖កែវ កិរិយា