អ៊ីរ៉ង់ផ្សាយវីដេអូពីការចាប់ខ្លួនជនជាតិបារាំងពីរនាក់ពីបទធ្វើចារកម្ម

អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា នេះ បានផ្សព្វផ្សាយវីដេអូមួយ បង្ហាញពីការចាប់ខ្លួនជន ជាតិបារាំងពីរនាក់ពីបទធ្វើចារកម្ម។ ជនជាតិបារាំងទាំងពីរឈ្មោះ Cecile Kohler និង Chuck Paris។ ពួកគេ គឺជាសមាជិកសហជីព ដែលមានទំនាក់ទំនងជាមួយសហព័ន្ធជាតិអប់រំ វប្បធម៌ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបារាំង។ ការផ្សព្វផ្សាយវីដេអូនេះ ធ្វើឡើង ទន្ទឹមគ្នា នឹងប្រទេសនេះបន្តរងការរិះគន់និងការធ្វើបាតុកម្មតវ៉ាចំពោះករណីស្លាប់របស់យុវតីម្នាក់នៅក្នុងពេលត្រូវឃុំឃាំងដោយប៉ូលីសអ៊ីរ៉ង់។

តាមរយៈវីដេអូឃ្លីបនេះ ជនជាតិបារាំង នាង Cecile Kohler បាន ឆ្លើយ សារភាពថា នាងគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ ទីភ្នាក់ងារ សន្តិសុខបារាំងនិងថា ការងាររបស់នាង មានគោលដៅ ដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងតេអេរ៉ង់។ នេះបើតាមខ្លឹមសារ នៃសម្ដីសារភាពរបស់ Cecile Kohler តាមរយៈឃ្លីបវីដេអូចាក់ ផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA។

រដ្ឋាភិបាលបារាំងមិនទាន់មានការឆ្លើយតបភ្លាមៗណាមួយចំពោះការផ្សព្វផ្សាយឃ្លីបវីដេអូនេះទេ។ ទោះយ៉ាងណាក៏ដោយ កាលពីខែ ឧសភា ឆ្នាំ២០២២ រដ្ឋាភិបាលបារាំងបានថ្កោលទោស ហើយ ទាមទារឱ្យអ៊ីរ៉ង់ដោះលែងជនជាតិបារាំងទាំងពីរនាក់ ដោយចាត់ទុក ការចាប់ខ្លួនអ្នកទាំងពីរថាជាការចាប់ខ្លួនដោយគ្មានមូលដ្ឋាន។

វីដេអូឃ្លីបដែលទីភ្នាក់ងារ IRNA ផ្សព្វផ្សាយនេះ ត្រូវគេកត់ សម្គាល់ ឃើញថា មានលក្ខណៈចាប់បង្ខំ ដូចទៅនឹងវីដេអូដែលទីក្រុង តេអេរ៉ង់ ធ្លាប់បានផ្សព្វផ្សាយនាពេលកន្លងមកដែរ ដែលបង្ខំឱ្យអ្នក ទោស ឆ្លើយសារភាពទៅតាមអ្វីដែលខ្លួនចង់បាន។

របាយការណ៍នាពេលកន្លងមកបង្ហាញថា គ្រាន់តែក្នុងឆ្នាំ២០២០ តែមួយឆ្នាំ អាជ្ញាធរអ៊ីរ៉ង់ចាក់ផ្សាយវីដេអូសារភាពរបស់ អ្នកទោស ចំនួន ៣៥៥វីដេអូ។ ជាការសារភាពដែលរបាយការណ៍ នោះចាត់ ទុកថា ធ្វើឡើងតាមការបង្ខិតបង្ខំរបស់អាជ្ញាធរអ៊ីរ៉ង់។

សូមជម្រាបជូនថា ជាច្រើនសប្ដាហ៍មកហើយ ប្រទេសអ៊ីរ៉ង់បានរង ការរិះគន់ និងផ្ទុះមានបាតុកម្ម កុបកម្មតវ៉ា បន្ទាប់ពីស្ត្រីអ៊ីរ៉ង់ម្នាក់ ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៦ខែ កញ្ញា ក្រោយសមត្ថកិច្ចឃាត់ខ្លួន ដោយចោទថាមិនបានស្លៀក ពាក់ និងគ្របទទូលក្រណាត់លើក្បាល ឱ្យ បានត្រឹមត្រូវទៅតាមច្បាប់ កំណត់។ ចលនាបាតុកម្មនេះ ក៏បានទទួលការគាំទ្រផុសផុល ខ្លាំង នៅ តាមបណ្តាប្រទេសផ្សេងៗដែរ ទាំងប្រទេសក្បែរខាងអ៊ីរ៉ង់ និង បណ្ដាប្រទេសនៅអឺរ៉ុប៕
ដោយ៖កែវ កិរិយា

ads banner