ថៃ៖ ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារដោយសម្លាប់ក្មេងៗ និងមនុស្សធំជាង ៣០ នាក់

ថៃ៖ ប៉ូលិសថៃនិយាយថា មនុស្សយ៉ាងហោចណាស់ ៣២ នាក់ រួមទាំង ក្មេងៗ និងមនុស្សធំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងការបាញ់ប្រហារដ៏ធំមួយក្នុងមជ្ឈមណ្ឌលថែទាំកុមារ នៅភាគខាងជើង ប្រទេសថៃ។

ហេតុការណ៍ដ៏សាហាវរន្ធត់នេះ កើតឡើងនៅម៉ោងប្រហែល ១២ ជិត ១ រសៀលថ្ងៃព្រហស្បតិ៍ទី ៦ ខែតុលា ក្នុងស្រុក Uthaisawan Na Klang នៃខេត្ត Nong Bua Lamphu ។

ប៉ូលីសថៃ បានធ្វើការកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង ដែលមាន វ័យ ៣៤ ឆ្នាំ និងជាអតីតប៉ូលីស ឈ្មោះ Panya Kamrab ។

ប៉ូលីសថៃបានបញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ រួចធ្វើការចាក់បន្ថែមដោយកាំបិទចុងស្រួច។ ចំណោមជនរងគ្រោះ បាត់បង់ជីវិតទាំង ៣២ នាក់ មាន ២៣ នាក់ជាក្មេងៗ (ប៉ូលីសមិន ទាន់បានកំណត់អាយុ ឬចំនួនអ្នករបួសផ្លូវការនៅឡើយទេ)។
ក្រោយការវាយប្រហារ ខ្មាន់កាំភ្លើងបានរត់គេចចេញពី កន្លែងកើត ហេតុ ហើយមកទល់ពេលនេះ ប៉ូលីសថៃមិនទាន់សន្និដ្ឋានបានទេ ពីគោលបំណងរបស់ឧក្រិដ្ឋជន។ ប៉ុន្តែនៅប្រហែលជាម៉ោង ៣ រសៀល មានសេចក្ដីរាយការណ៍ថា ខ្មាន់កាំភ្លើងបានរត់គេចទៅផ្ទះ ហើយសម្លាប់ប្រពន្ធ និងកូនម្នាក់របស់ខ្លួនឯង រួចហើយសម្លាប់ខ្លួន តាមក្រោយ។
ការបាញ់ប្រហារទ្រង់ទ្រាយធំ គឺកម្រកើតមានណាស់នៅប្រទេសថៃ ប៉ុន្តែនៅដើមខែកុម្ភៈឆ្នាំ ២០២០ មានទាហានម្នាក់ ដែលខឹងសម្បារ ចំពោះកិច្ចព្រមព្រៀងអចលនទ្រព្យ បានការបាញ់ប្រហារដោយមិន រើសមុខទៅលើមនុស្សនៅលើកន្លែងកើតហេតុបួនផ្សេងៗគ្នាក្នុងក្រុង Nakhon Ratchasima ដោយសម្លាប់មនុស្សយ៉ាងតិច ២៩ នាក់ និងរបួស ៥៧ នាក់ផ្សេងទៀត៕
ដោយ៖ហួន ឌីណា

ads banner