ក្រសួងធនធានទឹក បញ្ជាក់ថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កើនឡើងក្នុងកម្រិតដែលត្រូវប្រកាសអាសន្ន និងព្រមានពីទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់
យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម កន្លងមក ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយលើកម្ពុជាជាមួយខ្យល់មូសុងនិរតីខ្សោយ។ ទន្ទឹមនឹងនោះការជួបប្រសព្វគ្នារវាងទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន (ភាគខាងជើង) និងសម្ពាធទាប ដែលរុញពីក្រោមក៏មានឥទ្ធិពលលើកម្ពុជាផងដែរ។
ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀងនៅតែបន្តធ្លាក់ជាប់ជាបន្តបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លើផ្ទៃប្រទេស ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅក្នុងខេត្តពោធិ៍សាត់ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កំពស់ទឹក បានកើនឡើងក្នុងកម្រិតមួយ ដែលត្រូវប្រកាសអាសន្នគឺកម្រិតកំពស់ ៥,០០ម៉ែត្រ និងកម្រិតកំពស់នាបច្ចុប្បន្នគឺ ៥,០៣ម៉ែត្រ។
ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបថា បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអាតៃ ស្ទឹងព្រៃខ្លុង និងស្ទឹងធំ មានកំរិតខ្ពស់ មកលើដងស្ទឹងពោធិ៍សាត់។
ក្រសួងបានបញ្ជាក់ថែមថា ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឲ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើង បន្តបន្ទាប់ និងអាចបង្កឲ្យមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។
យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹងដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់
ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕សេឌី