អភិបាលរាជធានីណែនាំឱ្យមន្ទីរសាធារណការយកចិត្តទុកដាក់លើផ្លូវ និងសោភ័ណទីក្រុងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ កំពូល អាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេម
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញឯកឧត្តម ឃួង ស្រេង បានណែនាំ ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញឱ្យយកចិត្ត ទុក ដាក់លើហេដ្ឋារចនាសម័្ពន្ធផ្លូវថ្នល់ក្នុងរាជធានីលើការជួសជុលផ្លូវសំខាន់ៗ ការលាបគំនូសចរាចរណ៍ ព្រមទាំងការតុបតែងលំអ សោភ័ណភាពក្នុងទីក្រុងពិសេសរៀបចំឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជ ធានី ភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាលខណៈដែល កម្ពុជាត្រូវ ធ្វើជា ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខ និងការ ប្រកួត កីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣ ។
ការណែនាំបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ នេះក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំ កំពូល អាស៊ានឆ្នាំ២០២២និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ក្រោយបញ្ចប់រដូវវស្សាយើង តែងតែធ្វើការជួសជុលផ្លូវឡើងវិញដើម្បីសម្រួល ការធ្វើដំណើររបស់ ប្រជាពលរដ្ឋតែសម្រាប់ឆ្នាំនេះគឺពិសេសថែមទៀតដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននិងការប្រកួត កីទ្បា ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលការងារ នេះត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់។
ឯកឧត្តមអភិបាលបានបន្ថែមថាការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការតែមួយនោះទេដាច់ខាតត្រូវតែ មានការចូលរួមពី អាជ្ញាធរខណ្ឌទាំង១៤សហការនិងចូលរួម ទើបការងារនេះ ដំណើរ ការ ទៅដោយរលូន ដូចជាត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើង ដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវជាដើម ដើម្បីរាយការណ៍ឱ្យមានការ ជួសជុលឡើងវិញ ។
គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងជួសជុលកែលំអឱ្យប្រសើរឡើង ក្នុងនោះសម្រាប់មហា វិថីធំៗ ដែលកំពុងជួសជុល មានដូចជាមហាវិថីស៊ីសុវត្ថិ ,ផ្លូវ៤៧ មហាវិថីសហព័ន្ធរុស្ស៊ី, ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ។ការងារនឹងត្រូវបញ្ចប់នៅចុងខែនេះហើយ៕
ដោយ៖ហេង សម្បត្តិ