សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០២២ បាន អញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ដឹកនាំកិច្ចប្រជុំស្តីសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។កិច្ចប្រជុំ មាន ការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអង្គភាពនានា ព្រមទាំង មន្ត្រីពាក់ ព័ន្ធជាច្រើនរូប។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំនេះធ្វើ ឡើងដើម្បីពិនិត្យ និងពិភាក្សាពាក់ព័ន្ធលើការងាររៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) សម្រាប់ធ្វើជាក្រឹត្យក្រមគតិយុត្តិ នៃច្បាប់មួយ ដើម្បី បម្រើ ដល់ ការគ្រប់គ្រងយានដែលគ្មានមនុស្សបើកនៅកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងាររៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) បានធ្វើសេចក្តីរាយការណ៍ ដោយ សង្ខេប ស្តីអំពីដំណើរការនៃការរៀបចំតាក់តែង និងខ្លឹមសារសេចក្តី ព្រាងអនុក្រឹត្យ គោរពជូនសម្តេច និងអង្គប្រជុំបានជ្រាបថា ក្នុងរយៈ ពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ វិស័យអាកាសយានគ្មាន មនុស្ស បើក(ដ្រូន)នេះ មានការរីកដុះដាល់យ៉ាងខ្លាំងហើយចំពោះ ការប្រើ ប្រាស់ អាកាសយានគ្មានមនុស្សបើក (ដ្រូន) ក៏មានសន្ទុះកើនឡើង យ៉ាងឆាប់រហ័យនៅតាមបណ្តាប្រទេសជាច្រើននៅលើសកលលោក រួមទាំងតំបន់ផងដែរ សម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្ម សេវាកម្ម ដឹកជញ្ជូន វិស័យកសិកម្ម វិស័យសីល្បៈកម្សាន្ត ការស្រាវជ្រាវ វិទ្យាសាស្ត្រ និងការងារជួយសង្គ្រោះជាដើម។
នៅក្នុងវិស័យកសិកម្មនាពេលបច្ចុប្បន្ននេះ ប្រទេសភាគច្រើន ទាំង នៅក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី គេបានប្រើប្រាស់អាកាស យាន គ្មាន មនុស្ស បើកនេះ ទៅឆ្លើយតបលើដំណាំបាញ់ថ្នាំសម្លាប់សត្វល្អិត ថត ពិនិត្យលើផលដំណាំដែលនាំឱ្យចំណេញពេលវេលានិងមិនបណ្តាល ឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស។ក្រៅពីនេះនៅមានផលប្រយោជន៍ ជាច្រើនផ្សេង ដូចជាការជួយសង្គ្រោះជីវិតមនុស្សសត្វ នៅពេលមាន អគ្គិភ័យកើតឡើង ឬមានបាតុភូតធម្មជាតិផ្សេងៗ។
លោកបន្តថា ទោះបីជាអាកាស យានគ្មានមនុស្សបើក (ដ្រូន) មាន សារៈសំខាន់ជាច្រើនដូនបានរៀបរាប់ខាងលើក៏ដោយ ក៏ប៉ុន្តែផ្ទុយ ទៅវិញ គេអាចប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន សម្រាប់ប្រព្រឹត្តអំពើភេរវកម្ម ឬបទល្មើសនានា ដូចជាការដាក់គ្រឿង បំផ្ទុះ ឬឧបករណ៍លួយថតឆ្លប់យកការណ៍ ដែលធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខ ជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ហេតុនេះ ដើម្បីធានា ដល់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យការប្រើ ប្រាស់បានត្រឹមត្រូវ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ តម្រូវឱ្យ មានច្បាប់ ឬលិខិបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)។
ឯកឧត្តមបញ្ជាក់បន្ថែមថា បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា នៅពុំ ទាន់មានច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តសម្រាប់គ្រប់គ្រង អាកាសយានគ្មានមនុស្សបើក ឬដ្រូននៅឡើយទេ បើប្រៀប ធៀប ទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ដែល មាន ច្បាប់ គ្រប់គ្រងរួចហើយ។ ឯកឧត្តម បន្តថា ក្រុមការងាររៀបចំ តាក់តែង សេចក្តីព្រាងអនុក្រឹត្យនេះ បានដឹកអង្គភាពពាក់ព័ន្ធធ្វើការ សិក្សា ស្រាវជ្រាវនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលើការគ្រប់គ្រង ការប្រើ ប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ពីបណ្តាប្រទេស ជាច្រើន នៅតំបន់អ៊ឺរ៉ុប សហរដ្ឋអាមេរិក តំបន់អាស៊ី ដូចជានៅ ប្រទេស ជប៉ុន ចិន សិង្ហបុរី ថៃ និងវៀតណាមជាដើម ដើម្បីជាធ្វើជា មូលដ្ឋាននៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឡើង ក្នុងគោលបំណងគ្រប់គ្រងការប្រើប្រាស់នូវអាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានត្រឹមត្រូវក្នុងបទដ្ឋានបច្ចេកទេស ធានាបានផ្នែក សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងបញ្ចៀស គ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ឯកឧត្តម រដ្ឋលេខាធិការ និងជាប្រធានក្រុម ការងាររៀបចំអនុក្រឹត្យ បានគូសបញ្ជាក់ថា អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាកាសយាន គ្មាន មនុស្សបើក ឬដ្រូននេះ បានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងគ្រប់គ្រងការចុះបញ្ជី ការនាំចូល ការផលិត ការ ដំឡើង ការកែច្នៃ ការកំណត់តំបន់ហាមឃាត់នូវការប្រើប្រាស់ អាកាស យានគ្មានមនុស្សបើក (ដ្រូន) ទាំងអស់ លើកលែងតែ អាកាស យានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើ ឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលកំណត់ដោយលិខិត បទដ្ឋានគតិយុត្តដោយឡែក។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបា នក្រុមការងារប្រជុំពិនិត្យ និងពិភាក្សាជាច្រើនលើករួចមកហើយ ទាំងអន្តរក្រសួង និងក្នុងក្របខ័ណ្ឌផ្ទៃក្នុងសម្រាប់ក្រសួមហាផ្ទៃ ដែលបានប្រមូលយកនូវធាតុចូលពាក់ព័ន្ធជាច្រើន ដើម្បីរៀបចំ តាក់តែងសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានសមស្រប និងមាន វិសាលភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បាន វាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានរួមសហការគ្នាសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយប្រកបដោយ ការយកចិត្តទុកដាក់ខ្ពស់ និងបានផ្តួចផ្តើមនូវធាតុចូល សំខាន់ ៗ ដើម្បីរៀបចំតាក់តែងសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន) ឱ្យបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម បានណែនាំដល់ក្រុមការងារ និងអង្គភាពពាក់ព័ន្ធទាំងអស់បន្តរួមគ្នាសហការសិក្សាស្រាវជ្រាវ និងពិនិត្យកែសម្រួលឱ្យបានល្អិតល្អន់បន្ថែមទៀតលើការងារដ៏មានសារៈសំខាន់នេះ៕ ដោយ៖ រ៉ាវុធ