ទណ្ឌិត៦៨៣នាក់ស្នើរកការបន្ធូរបន្ថយ និងលើកលែងទោស (Video Inside)
ទណ្ឌិត ៦៨៣នាក់ ត្រូវបានស្ថិតក្នុងបញ្ជីសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុង ឱកាសពិធីបុណ្យអុំទូក និងពិធីបុណ្យឯករាជ្យជាតិ។ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានថ្លែងប្រាប់បណ្តាញសារព័ត៌មានជុំវិញកិច្ចប្រជុំថ្ងៃនេះពាក់ព័ន្ធនឹងសំណើ សុំបន្ធូរបន្ថយទោស និងលើកលែងទោសនោះ។
លោក គឹម សន្តិភាព បានបញ្ជាក់ថា ក្នុងចំណោមទណ្ឌិតដែលបានស្នើសុំនោះរួមមាន ការសុំ លើកលែងទោសចំនួន៥៧នាក់ និងស្នើសុំបន្ធូរបន្ថយទោស៦២៦នាក់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែលជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការ បន្ធូរបន្ថយទោសនិងលើកលែងទោសទណ្ឌិត បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ និងបន្តរៀបចំសំណុំឯកសារស្នើទៅកាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ចប្រជុំ។
កម្ពុជាតែងធ្វើការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត យ៉ាងហោចមានចំនួន ៥ដង ក្នុង១ឆ្នាំៗ ក្នុងនោះគឺនៅក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ , ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ និងពិធីបុណ្យអុំទូក បណ្ដែតប្រ ទីប និងសំពះព្រះខែ អកអំបុក។ ការបន្ធូរបន្ថយទោស និងលើកលែងទោស ក៏អាចធ្វើផងដែរ ក្នុងពិធីបុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។