ទណ្ឌិត៦៨៣នាក់ ស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យជាតិ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ទណ្ឌិតប្រកាសថា មានទណ្ឌិត ចំនួន ៦៨៣នាក់ បានដាក់ពាក្យស្នើសុំបន្ធូបន្ថយទោស និងលើក លែង ទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបុណ្យឯករាជ្យជាតិ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ឯកឧត្តម គឹម សន្តិភាព សរសេរ ក្នុង ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា នៅព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បាន ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេចលើបញ្ជី ឈ្មោះ ទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុង ឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ។
ឯកឧត្តមបានបញ្ជាក់ថា ៖«គណៈកម្មការថ្នាក់ជាតិបានទទួលសំណុំ ឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំ កែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែង ទោស ដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤ នាក់) ។ ក្នុង នោះ៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៦២៦ នាក់ (ស្រី ៥៥ នាក់) ស្នើសុំលើកលែងទោស ចំនួន ៥៧ នាក់ (ស្រី ០៩ នាក់)»។
លោកបន្ថែមថា ៖«កិច្ចប្រជុំកិច្ចរបស់គណៈកម្មការថ្នាក់ជាតិ បាន ពិនិត្យបញ្ចប់ជាស្ថាពរលើបញ្ជីសរុបនៅព្រឹកថ្ងៃដដែលនេះ ហើយ កំពុងបន្តរៀបចំសំណុំឯកសារគោរពស្នើសុំការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រផ្តល់ការ អនុគ្រោះ ទោសដល់ទណ្ឌិត តាមលទ្ធផលនៃកិច្ចប្រជុំនេះ»។
ជារៀងរាល់ឆ្នាំការពិនិត្យលើពាក្យស្នើសុំការបន្ធូរបន្ថយទោស និង លើកលែងទោសទណ្ឌិតនៅកម្ពុជា មានចំនួនប្រាំដង ក្នុងមួយឆ្នាំៗ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍៧មករា ពិធីបុណ្យ ចូល ឆ្នាំថ្មីប្រពៃណីជាតិ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។
ការបន្ធូរបន្ថយទោសនិងលើកលែងទោស ក៏អាចធ្វើផងដែរក្នុងពិធី បុណ្យ ឬព្រឹត្តិការណ៍ធំៗរបស់ជាតិ។លើសពីនេះទៀត ការ បន្ធូរ បន្ថយ ទោស និងការលើកលែងទោស ក៏អាចធ្វើសម្រាប់ពិធី បុណ្យ នីមួយៗខាងលើ ឬដាច់ដោយឡែកពីគ្នាឬរួមគ្នា។ច្បាប់កម្ពុជាក៏មានករណីលើកលែងទោសដាច់ដោយឡែកក្នុងមួយករណីៗដែរប៉ុន្តែយន្ដការនៃស្នើសុំរាជានុញ្ញាតលើកលែងទោសនេះត្រូវរៀបចំសំណើទៅកាន់នាយករដ្ឋមន្រ្តីរួច នាយករដ្ឋមន្ត្រីថ្វាយ សំណើទៅកាន់ព្រះករុណាព្រះមហាក្សត្រ៕
ដោយ៖វណ្ណ ស័ក្ដិ