អ្នកឃ្លាំមើលបញ្ហាសង្គមសាទរចំពោះកិច្ចសហការរបស់ក្រសួងមហាផ្ទៃ និងធនាគារអភិវឌ្ឍន៍អាស៊ីលើគ ម្រោងបង្កើតសាលាជាតិ រដ្ឋបាល មូលដ្ឋាន
ភ្នំពេញ៖ អ្នកឃ្លាំមើលបញ្ហាសង្គម សាទរចំពោះកិច្ចការរបស់ ក្រសួងមហាផ្ទៃ និង ធនាគារអភិវឌ្ឍន៍អាស៊ីឬអេឌីប៊ី(ADB) គម្រោងបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន។ការលើកឡើងនេះ កើតឡើង បន្ទាប់ពីអ្នកវិភាគបានទទួលព័ត៌មានថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានស្នើដល់ ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ជំនួយថវិការបន្ថែម ដើម្បីទ្រទ្រង់គម្រោង សាលាជាតិរដ្ឋបាលមូលដ្ឋានដើម្បីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។
លោកបណ្ឌិតមាស នី អ្នកតាមដានការអភិវឌ្ឍន៍សង្គម មើលឃើញ ពីភាពវិជ្ជមាននៃជំនួយរបស់ អេឌីប៊ី ដែលបានជួយលើកកម្ពស់ វិស័យរដ្ឋបាលថ្នាក់ក្រោមជាតិមានមួយកម្រិត ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ដោយ លោកបញ្ជាក់ថា វានៅមានកម្រិតតិច នៅ ឡើយក្ដី។លោកថា សមត្ថភាពនៃរដ្ឋបាលនៅថ្នាក់ក្រោយ ជាតិនៅ កម្ពុជាមិនទាន់ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងទេ ដែលចាំបាច់ត្រូវ មាន ការជួយជ្រោមជ្រែងពីដៃគូនានា។
លោកបណ្ឌិតមាស នី គូសបញ្ជាក់ ពីកម្រិតសមត្ថភាពនៃវិស័យ រដ្ឋបាលថ្នាក់ក្រោមជាតិ ដូច្នេះថា៖ «ទោះបីវាមានការប្រសើរ ឡើងជាមុនក្តីប៉ុន្តែវានៅមានកម្រិតខ្លាំងណាស់ ដែលមិនទាន់មាន ស្តង់ដារមួយត្រឹមត្រូវ យើងឃើញថា តម្លាភាពក្នុងភូមិ ឃុំ នៅមាន កម្រិត ហើយសមត្ថភាពមន្ត្រីមូលដ្ឋានក៏នៅមានកម្រិត។ ខ្ញុំឃើញ ជាក់ស្តែង សូម្បីកុំព្យូទ័រ ក្នុងមូលដ្ឋានខ្លះ គ្មានអ្នកចេះច្បាស់លាស់ ផង ជាការរាំងស្ទះការងារមូលដ្ឋាន »។
លោកបណ្ឌិតមាស នី ៖«ខ្ញុំសាទរនឹងជំនួយពីធនាគារអភិវឌ្ឍន៍ អាស៊ីក្នុងការកែលម្អវិស័យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយក៏ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា គិតគូរពង្រឹងវិស័យនេះ ឲ្យកាន់តែ ប្រសើរ ទាំងការបណ្តុះសមត្ថភាពមន្ត្រី និងការផ្តល់កញ្ចប់ថវិកា ជំនួយ បច្ចេកទេសនានា ដល់ថ្នាក់មូលដ្ឋានផងដែរ»។
កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានធ្វើជំនួបទ្វេភាគីជាមួយលោកស្រី Jyotsana Verma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាការងារ។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងពីគម្រោង បង្កើត សាលារដ្ឋបាលមូលដ្ឋានដែលមានការសហការពី អេឌីប៊ី ក្នុង រយៈពេលប្រាំ ឆ្នាំ ដោយមានវិបត្តិមួយចំនូនធ្វើឱ្យ រាំងស្ទះដល់ គម្រោងនេះ លោកស្នើឱ្យអេឌីប៊ី បន្តជួយគាំទ្រដល់គម្រោងនេះ គ្នុងគោលដៅកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។
សម្តេចបានស្នើធនាគារអភិវឌ្ឍន៍អាស៊ីឲ្យគាំទ្របន្ថែមទៀតសម្រាប់ថវិកាគលើគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលនៅខ្វះខា និង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតក្រៅពីអគារសាលាជាតិរដ្ឋបាល មូលដ្ឋាន រួមមានដូចជាសួនច្បារ ទីធ្លាកីឡា និងស្រះទឹក ជាដើម។សម្តេចក្រឡាហោម បញ្ជាក់ថា គម្រោងបង្កើតសាលា រដ្ឋបាលជាតិមូលដ្ឋាននេះកំពុងមានភាពយឺតយ៉ាវក្នុងការអនុវត្តដោយហេតុវិបត្តិកូវីដ១៩ និងការគ្រប់គ្រងដីធ្លីសម្រាប់ សាង សង់សាលា ដែលក្រសួងគ្រោងទុកត្រឹមប្រាំខែ ប៉ុណ្ណោះតែត្រូវអូសបន្លាយពេល។
លោកស្រី Jyotsana Verma តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា ថាលោកស្រីបានទទួលយកសំណើរទាំងនេះ ហើយ ADB នឹងបន្តធ្វើការសិក្សាជាមួយក្រុមការងារក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារក្នុងគម្រោងរបស់ ADB និងក្រសួងមហាផ្ទៃកម្ពុជា។
លោកស្រីបានសាទរជាខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។លោកស្រី សង្កត់ធ្ងន់ថា ជាការងារទាមទាររយៈពេលយូរអង្វែង។
អេឌីប៊ី បានជួយគាំទ្រដល់ប្រទេសកម្ពុជាក្នុងកិច្ចការងារ កំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ តាំងពីឆ្នាំ២០០២ ម៉្លេះ ស្របជាមួយនឹងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតមួយបណ្ដាប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ៕
ដោយ៖សំបាន ច័ន្ទដារ៉ា